COVID-19
ជាតិ
សេដ្ឋកិច្ច
ធនាគារពិភពលោក ព្យាករថា សេដ្ឋកិច្ចកម្ពុជា នឹងងើបឡើងវិញ នៅឆ្នាំ២០២១
16, Dec 2020 , 6:00 pm        
រូបភាព
កំពង់ផែស្វយ័តក្រុងព្រះសីហនុ
កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ភ្នំពេញ៖ ធនាគារពិភពលោកព្យាករថា សេដ្ឋកិច្ចកម្ពុជា នឹងងើបឡើងវិញនៅឆ្នាំ២០២១ បន្ទាប់ពីរងការប៉ះទង្គិចខ្លាំងពីការរាតត្បាតជំងកូវីដ-១៩ ស្ទើរតែពេញមួយឆ្នាំនៃឆ្នាំ២០២០នេះ។ ភាពចាំបាច់ក្នុងការធ្វើឲ្យសេដ្ឋកិច្ច ងើបឡើងវិញ គឺកម្ពុជាត្រូវជំរុញឲ្យអ្នកវិនិយោគក្នុងស្រុកនិងពីបរទេស ទាញយកផលចំណេញពីកិច្ចព្រមព្រៀងពាណិជ្ជាកម្មសេរីទ្វេភាគី (FTA) និង កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។



តាមរយៈរបាយការណ៍ ចេញនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ ធនាគារពិភពលោក ព្យាករថា សេដ្ឋកិច្ចកម្ពុជា ធ្លាក់២ភាគរយនៅឆ្នាំ២០២០ ប៉ុន្តែនៅឆ្នាំ២០២១ នឹងងើបឡើងវិញជិត៤ភាគរយ។ ធនាគារពិភពលោក បានសម្គាល់ថា សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក កំពុងវិលទៅរកប្រក្រតីភាពបន្តិចម្ដងៗឡើងវិញ ខណៈមានការធូរស្រាលនៃវិធានការរក្សាសុវត្ថិភាពសង្គម។ លើសពីនេះ ធនាគារពិភពលោក មើលឃើញថា លំហូរនៃការវិនិយោគពីបរទេស ទំនងដោយសារតែ FTA ដែលកម្ពុជាកំពុងធ្វើជាមួយប្រទេសនានាក្នុងតំបន់។

លោកស្រី អ៊ីងហ្គូណា ដូប្រាថា នាយិកាគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា គោលដៅនៃគោលនយោបាយនៅអំឡុពេលនេះ កម្ពុជាត្រូវស្តារឡើងវិញនូវការងារដែលបាត់បង់ឬព្យួរ ដោយសារតែវិបត្តិកូវីដ-១៩។ របាការណ៍ បានសរសេរពីសម្តីរបស់លោកស្រី ដូច្នេះថា៖«ឆ្ពោះទៅពេលខាងមុខ ជាការចាំបាច់ ដែលត្រូវជំរុញលើកទឹកចិត្តដល់ការវិនិយោគក្នុងស្រុកនិងពីបរទេសឲ្យទាញយកផលចំណេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនិងក្នុងតំបន់ដែលត្រូវបានបង្កើតឡើងកាលពីពេលថ្មីៗនេះ។ លទ្ធភាពនេះអាចធ្វើទៅរួចតាមរយៈការដាក់ចេញឲ្យបានឆាប់រហ័សនូវច្បាប់វិនិយោគមានភាពប្រកួតប្រជែង និងប្រការលើកទឹកចិត្តនានាដល់ការវិនិយោគ អមដោយវិធានការទាំងឡាយសំដៅបង្កភាពងាយស្រួលដល់ការធ្វើអាជីវកម្មផងដែរ»។

ធនាគារពិភពលោក បានផ្ដល់អនុសាសន៍ថា ដើម្បីឲ្យកម្ពុជាឆាប់រើខ្លួនចេញពីវិបត្តិកូវីដ-១៩នេះ កម្ពុជា ត្រូវលើកកម្ពស់ពលកម្មនានា ដែលអាចបង្កើតការងារ ហើយជាឱកាសងើបឡើងវិញនៃតម្រូវការទំនិញប្រើប្រាស់ក្នុងស្រុក។ លើសពីនេះ កម្ពុជា ត្រូវពង្រឹងការវិនិយោគក្នុងស្រុកនិងពីបរទេស ដោយផ្អែកលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន និងកិច្ចព្រមពៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។

ធនាគារពិភពលោក អះអាងថា ទោះបីជាវិបត្តិកូវីដ-១៩ បានធ្វើឲ្យការនាំចេញសរុបនៃផលិតផលកម្មន្តសាលបានរងកាប៉ះទង្គិច ក៏កំណើននាំចេញនៃផលិតផលរោងចក្រដទៃទៀត មានកង់ គ្រឿងបង្គុំអគ្គិសនី និងគ្រឿងបន្លាស់រថយន្ត និងគ្រឿងផ្សំនានា គឺនៅតែមានសន្ទុះខ្លាំងក្លា។

កន្លងមក កម្ពុជា សម្រេចបានកិច្ចព្រមព្រៀងជាច្រើននានាជាមបរទេស រួមមាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) ចុះហត្ថលេខាកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ និង ដំណើរការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ (CKFTA) បានបញ្ចប់ជុំទី៤នៅវិច្ឆិកា ឆ្នាំ២០២០។ លើសពីនេះ កម្ពុជាមានកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP) ដែលត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ថែមលើកិច្ចព្រមព្រៀងដែលមានស្រាប់ក្នុងក្របខ័ណ្ឌអាស៊ាន+១ (ជាមួយចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលីនិងណូវែលសេឡង់ និងហុងកុង) ដែលកំពុងផ្តល់ទីផ្សារយ៉ាងធំទូលាយដល់កម្ពុជា៕

អត្ថបទទាក់ទង

Tag:
 COVID-19
  សេដ្ឋកិច្ចកម្ពុជាងើបឡើងវិញ
  ធនាគារពិភពលោក
© រក្សាសិទ្ធិដោយ thmeythmey.com