ជាតិ
សង្គមជាតិ
ប្រធាន​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​៖ សិស្ស​ពូកែ កុំ​ថ្នាំងថ្នាក់​នឹង​និទ្ទេស ព្រោះ​វា​ជា​«​ឆ្នាំ​សំណាង និង​ស៊យ​»
17, Dec 2020 , 4:00 pm        
រូបភាព
​ភ្នំពេញ​៖ សិស្ស​ពូកែ ដែលជា​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ឆ្នាំ​២០២០ កុំ​ថ្នាំងថ្នាក់​នឹង​និទ្ទេស ព្រោះ​វា​ជា​«​ឆ្នាំ​ស៊យ និង​សំណាង​» នៅក្នុង​វិស័យ​អប់រំ​នៅ​កម្ពុជា​។ នេះ​ជាការ​លើកឡើង​របស់លោក ហេង វ៉ាន់ដា ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា​។​



​លោក ហេង វ៉ាន់ដា មើលឃើញថា ការសម្រេច​របស់​រដ្ឋា​ភិ​បាល ដែល​ឲ្យ​បេក្ខជន​ប្រឡង​សញ្ញាបត្រ​បាក់​ឌុប​ជាប់​ស្វ័យប្រវត្តិ ដោយ​គ្មាន​កំណត់​និទ្ទេស នៅក្នុង​បរិបទ​កូ​វីដ​-១៩ គឺជា​ជម្រើស​ល្អប្រសើរ សម្រាប់​ឲ្យ​ពួកគេ​អាច​បន្ត​ជ្រើសរើស​ជំនាញ​ដែល​ខ្លួន​ពេញចិត្ត​នៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា និង​ដើម្បី​បញ្ចៀស​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍​។​
 
​ដ្បិត​ការសម្រេច​ឲ្យ​ជាប់​ស្វ័យប្រវត្តិ ជា​ជម្រើស​មួយ​ល្អ ប៉ុន្តែ​វា​ក៏​ធ្វើ​សិស្ស​ពូកែ មិនអាច​បញ្ចេញ​សមត្ថភាព និង​ឈានដល់​គោលដៅ​និទ្ទេស​ល្អ ដែល​ពួកគេ​បានកំណត់​នោះឡើយ​។ លោក ហេង វ៉ានដា យល់​ពី​អារម្មណ៍​របស់​សិស្ស​ពូកែ​ទាំងនេះ​។ ប៉ុន្តែ​លោក​ស្នើ​ឲ្យ​សិស្ស​ពូកែ​ទាំងនោះ កុំ​អន់​ចិត្តនឹង​និទ្ទេស ព្រោះ​វា​ជា​«​ឆ្នាំ​សំណាង និង​ស៊យ​» ដោយសារ​បញ្ហា​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​។​
 
​ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម នៅ​ថ្ងៃទី​១៧ ធ្នូ ដូច្នេះ​ថា​៖««​ចំពោះ​សិស្ស​ពូកែ សិស្ស​ខំរៀន សូមកុំ​ឲ្យ​មាន​អារម្មណ៍​ថ្នាំងថ្នាក់ សោកស្ដាយ គឺ​គួរតែ​គិតគូរ​ដល់​ជីវិត​រស់នៅ​ក្នុងសង្គម​ទាំងមូល ហើយ​ចាត់ទុកជា​ឆ្នាំ​សំណាង ឆ្នាំ​ស៊យ​មួយ​សម្រាប់​យើង​។ តែ​យើង​បានមក​វិញ​ដោយ​ក្ដី​សុខ​សប្បាយ ឆ្ងាយ​ពី​កូ​វីដ​-១៩​។ ហើយ​ខ្ញុំ​ជឿជាក់ថា​តាម​សកល​វិទ្យាល័យ​ប្រាកដជា​គេ​មានការ​បញ្ចុះ​ថ្លែ ឬ​ផ្ដល់​អាហារូបករណ៍​ដូច​ឆ្នាំ​មុខ​អ៊ីចឹង​»​។ 
 
​កាលពី​ថ្ងៃទី​១៦ ធ្នូ ក្រសួង​អប់រំ យុវជន និង​កីឡា ប្រកាស​ជា​ផ្លូវការ​ថា បេក្ខជន​ចុះឈ្មោះ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) និង​មធ្យមសិក្សា​បឋមភូមិ​ទាំងអស់ គឺ​ជាប់​ដោយ​ស្វ័យប្រវត្តិ ដោយ​គ្មាន​ការកំណត់​និទ្ទេស​ឡើយ​។ ការសម្រេច​នេះ ធ្វើឡើង​តាម​ការ​អនុសាសន៍​របស់ សម្ដេច ហ៊ុន សែន នាយក​រដ្ឋ​ម​ន្រី្ត​។​

​គួរ​បញ្ជាក់ថា បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នៅ​ឆ្នាំ​សិក្សា​២០២០​នេះ មាន​ជាង​១២​ម៉ឺន​នាក់ ។ បើតាម​លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ ធ្លាប់​បញ្ជាក់​កន្លងមក​៕

Tag:
 បាក់​ឌុប​
  ឧ​ត្ត​មសិ​ក្សា​
© រក្សាសិទ្ធិដោយ thmeythmey.com