កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo បោះ​ឲ្យ Messi តែ Messi មិន​បោះ​ឲ្យ Ronaldo ក្នុងចំណោម​កីឡាករ​ឆ្នើម​៣​រូប​
18, Dec 2020 , 5:23 pm        
រូបភាព
Robert Lewandowski បាន​ក្លាយជា​ម្ចាស់​ពានរង្វាន់​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​២០២០ (Best FIFA Player of the Year) ដោយ​ទទួលបាន​សំឡេងគាំទ្រ​លើស​គូប្រជែង Lionel Messi និង Cristiano Ronaldo​។ ក្នុងចំណោម​អ្នក​ទាំង​៣ សុទ្ធតែ​ត្រូវ​បោះឆ្នោត​ជ្រើសរើស​កីឡាករ​ដែល​ពួកគេ​ពេញចិត្ត​រៀងខ្លួន ដោយ​ចាត់ថ្នាក់​ពី​លេខ​១​ដល់​លេខ​៣​។​


Lewandowski ខែ​ប្រយុទ្ធ Bayern Munich ដែល​ទទួលបាន​ការគាំទ្រ​ក្នុងការ​បោះឆ្នោត​ច្រើនជាងគេ​តាមរយៈ​ក្រុម​គ្រូបង្វឹក ប្រធាន​ក្រុម​ជម្រើសជាតិ និង​អ្នកសារព័ត៌មាន​ជុំវិញ​ពិភពលោក បាន​បោះ​ឲ្យ​អតីត​មិត្ត​រួម​ក្រុម​ចាស់ Thiago Alcantara ដែល​ទើប​ផ្លាស់​ទៅ Liverpool ក្នុង​ជម្រើស​ទី​១ Neymar ទី​២ និង Kevin De Bruyne ទី​៣​។ ប្រធាន​ក្រុម​ជម្រើសជាតិ​ប៉ូឡូញ​វ័យ​៣២​ឆ្នាំ​រូបនេះ មិន​ជ្រើស​យក​គូប្រជែង Messi និង Ronaldo ក្នុង​ជម្រើស​របស់ខ្លួន​ឡើយ​។​
  


​ដោយឡែក Ronaldo ខ្សែប្រយុទ្ធ Juventus និង​ជា​ប្រធាន​ក្រុម​ព័រ​ទុយ​ហ្គា​ល់​បាន​រើសយក Lewandowski សម្រាប់​ជម្រើស​ទី​១​របស់ខ្លួន ហើយ​យក Messi ជា​ជម្រើស​ទី​២ និង Kylian Mbappe ទី​៣ សម្រាប់​តំណែង Best FIFA Player​។ Ronaldo ម្ចាស់​ពាន​ដែល​រៀបចំ​ដោយ FIFA ពីរលើក​លើសគេ នៅតែ​ជ្រើស​យក​គូប្រជែង​មួយ​ទស្សវត្សរ៍​របស់ខ្លួន Messi ក្នុង​ជម្រើស​ទាំង​៣​។​
 
​ផ្ទុយទៅវិញ ប្រធាន​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ និង​ក្រុម Barcelona មិនបាន​ជ្រើស​យក Ronaldo ក្នុង​ជម្រើស​ទាំង​៣​របស់ខ្លួន​ឡើយ​។ Messi ម្ចាស់​ពាន Best FIFA Player ឆ្នាំមុន បោះ​ឲ្យ Neymar ជា​ជម្រើស​ទី​១ Mbappe ទី​២ និង Lewandowski ទី​៣​។​
 
​តាម​ការជ្រើសរើស​រប​ស់​កីឡាករ​ទាំង​៣​ខាងលើ Ronaldo បានបង្ហាញ​ភាពយុត្តិធម៌​ក្នុងការ​សម្រេចចិត្ត​ខ្ពស់​ជាងគេ ហើយ​យ៉ាងហោចណាស់​ខ្សែប្រយុទ្ធ​វ័យ​៣៥​ឆ្នាំនេះ គួរ​ត្រូវបាន​សរសើរ​ដ្បិត​រូបគេ​ក៏​យល់ស្រប​ដូច​អ្នកបោះឆ្នោត​ភាគច្រើន​ដែល​គិតថា Lewandowski ជា​កីឡាករ​ល្អ​បំផុត​នៅ​ឆ្នាំ ២០២០​នេះ​៕
 
 

 

Tag:
 Best FIFA Player
© រក្សាសិទ្ធិដោយ thmeythmey.com