COVID-19
ជាតិ
ក្រសួងសុខាភិបាល ប្រាប់​ឲ្យ​ខេត្ត​ជាប់​ព្រំដែន​ថៃ​ប្រុងប្រយ័ត្ន​ខ្ពស់ ក្រោយ​ថៃ​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩ ជាង​៥០០​ករណី​
20, Dec 2020 , 12:12 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្រសួងសុខាភិបាល​កម្ពុ​ជា បាន​ណែនាំ​បន្ទាន់​ដល់​អាជ្ញាធរ និង​ពលរដ្ឋ នៅក្នុង​ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ និង​កោះកុង ដែល​ជាប់​ព្រំដែន​នឹង​ប្រទេស​ថៃ មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ពី​ការឆ្លង​រាលដាល នៃ​វីរុស​កូ​វីដ​-១៩​។  ការណែនាំ​បន្ទាន់​នេះ​កើតឡើង ក្រោយខេត្ត សាមុត សាខន ​ប្រទេស​ថៃ ​បាន​រកឃើញ​ពលរដ្ឋ​ប្រមាណ ៥០០​នាក់ វិជ្ជមាន​កូ​វីដ​-១៩​។ ខេត្តសាមុត សាខន មកប្រទេសកម្ពុជា មានចម្ងាយប្រហែល៣០០គីឡូម៉ែត្រ។ នេះបើតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល។


 
​ក្នុងសេចក្តីណែនាំនោះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំ ឲ្យបណ្តាខេត្តនៅតាមបណ្តោយព្រំដែន ជាប់ប្រទេសថៃ ត្រូវតែបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការត្រួតពិនិត្យរាល់អ្នកដំណើរដែលចូលមកកម្ពុជា ដោយត្រូវឆែកសុខភាព ឲ្យបានហ្មត់ចត់ជាទីបំផុត ពិសេសត្រូវវាស់កម្តៅ បំពេញទម្រង់បែបបទប្រកាសសុខភាពអ្នកដំណើរ។

ក្រសួងណែនាំទៀតថា រាល់អ្នកដំណើរចូលមកកម្ពុជា ត្រូវដាក់ឲ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ ជាចាំបាច់។ វត្ថុសំណាករបស់អ្នកដំណើរត្រូវបញ្ជូនមកធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា វិទ្យាស្ថានជាតិសុខភាពសាធារណៈ និងមន្ទីរពេទ្យខេត្តសៀមរាប នៅថ្ងៃដែលអ្នកដំណើរទាំងនោះមកដល់ច្រកចូលប្រទេសកម្ពុជា។ បណ្តាខេត្តជាប់ព្រំដែនថៃ ក៏ត្រូវរៀបចំកន្លែងមានគម្លាតសុវត្ថិភាព ពីបុគ្គលម្នាក់ទៅម្នាក់ នៅកន្លែងវាស់កម្តៅ កន្លែងបំពេញបែបបទចូលកម្ពុជា ឬកន្លែងរង់ចាំយកវត្ថុសំណាកផងដែរ។ នេះជាការណែនាំរបស់ក្រសួងសុខាភិបាល ដែលបានបន្តថា អាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវចូលរួមក្នុងការត្រួតពិនិត្យ ការធ្វើចត្តាឡីស័កអ្នកដំណើរចូលមកកម្ពុជា ឲ្យបានត្រឹមត្រូវ ចៀសវាងអ្នកដំណើរចាកចេញពីកន្លែងធ្វើចត្តាឡីស័ក ដោយមិនបានដឹង។ 

ក្រៅពីណែនាំដល់អាជ្ញាធរមានសមត្ថកិច្ច ក្រសួងសុខាភិបាល ក៏ស្នើឲ្យប្រជាពលរដ្ឋនៅតាមសហគមន៍  ផ្តល់ព័ត៌មានដល់អាជ្ញាធរភូមិ-ឃុំ ប្រសិនបើមានអ្នកចំណូលថ្មីចូលក្នុងសហគមន៍របស់ខ្លួន ហើយមិនបានត្រួតពិនិត្យសុខភាព និងការធ្វើចត្តាឡីស័យចំនួន ១៤ថ្ងៃទេនោះ។

សូមជម្រាបថា គិត​ត្រឹម​ថ្ងៃទី​២០​ធ្នូ កម្ពុ​ជាមាន​ករណី​ឆ្លង​កូ​វីដ​-១៩ សរុប ៣៦២​ករណី ក្នុងនោះ​បានជា​សះស្បើយ​ចំនួន ៣៤៥​នាក់​ហើយ​។ ក្នុងចំណោម​អ្នកជំងឺ ១៧​នាក់ ដែល​កំពុង​សម្រាក​ព្យាបាល មាន​១៣​នាក់​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ២​នាក់ នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ និង​២​នាក់​ទៀត នៅ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺរបេង និង​ហង់​សិន​៕​​

អត្ថបទទាក់ទង
 

© រក្សាសិទ្ធិដោយ thmeythmey.com