COVID-19
ជាតិ
សម្តេច ហ៊ុន សែន ឲ្យ​អាជ្ញាធរខេត្ត​ជាប់​ព្រំដែនពិភាក្សា​ជាមួយ​ភាគី​ថៃ ដើម្បី​បើក​តែ​ច្រក​អូរ​ស្មាច់ ដូង និង​ប៉ោយប៉ែត
20, Dec 2020 , 8:38 pm        
រូបភាព
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ប្រាប់​ឲ្យ​ថ្នាក់ដឹកនាំ​ខេត្ត​ជាប់​ព្រំដែន ពិភាក្សា​ជាមួយ​ភាគី​ថៃ ដើម្បី​កំណត់​បើក​តែ​ច្រកព្រំដែន​តែ​៣​ប៉ុណ្ណោះ គឺ​ច្រក​អូរ​ស្មាច់ ដូង និង​ច្រក​ប៉ោយប៉ែត ដើម្បី​ងាយស្រួល​គ្រប់គ្រង​ដំណើ​ចេញចូល​របស់​ពលរដ្ឋ​។ ការអំពាវនាវ​នេះ ធ្វើឡើង​នៅក្នុង​សារ​ពិសេស​មួយ នា​ព្រលប់​ថ្ងៃទី​២០ ធ្នូ​នេះ ពោលគឺ​បន្ទាប់ពី​ប្រទេស​ថៃ​កំពុង​ផ្ទុះ​រាលដាល​ករណី​ឆ្លង​កូ​វីដ​-១៩ ជាង​៥០០​ករណី​។​

 
​នៅក្នុង​សារ​ពិសេស​នោះ សម្តេច ហ៊ុន សែន មានប្រសាសន៍​ដូច្នេះ​៖ «​យើង​គប្បី​ធ្វើតាម​បទពិសោធន៍​ដែល​យើង​មាននៅ​ក្នុង​ខែមេសា​(​ចូលឆ្នាំ​) បំ​ព្រួញ​ច្រក​នៅតាម​ព្រំដែន ឲ្យ​មក​នៅត្រឹមតែ​៣​ច្រក ដោយមាន​ការឯកភាព​ពី​ខេត្ត​សាមី ជាមួយនឹង​កងទ័ព និង​នគរបាល​ព្រំដែន ពិសេស​នគរបាល​អន្តោ​រ​ប្រវេសន៍​តែម្តង ដើម្បី​ងាយស្រួល​ក្នុងការ​គ្រប់គ្រង និង​ដឹកជញ្ជូន​មនុស្ស​»​។​

អត្ថបទទាក់ទង
 
 
​ក្រៅពី​កំណត់​ច្រកព្រំដែន នៅក្នុង​កាលៈទេសៈ​នេះ ប្រមុខ​រដ្ឋាភិបាល ក៏បាន​បញ្ជា​ឲ្យ​អាជ្ញាធរខេត្ត និង​អ្នកពាក់ព័ន្ធ រៀបចំ​ឲ្យ​មានការ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅតាម​ព្រំដែន​តែម្តង ដើម្បី​ចៀសវាង​ហានិភ័យ​ណាមួយ​។ សម្តេច ហ៊ុន សែន ក៏​ប្រាប់​ឲ្យ​អគ្គបញ្ជាការ​កងទ័ព ត្រៀមកម្លាំង និង​រថយន្ត​ជាច្រើន​គ្រឿង ដើម្បី​រង់ចាំ​ដឹកជញ្ជូន​ពលរដ្ឋ ទៅ​កាន់តែ​មណ្ឌល​ច​ត្តា​ឡី​ស័ក​នានា ក្នុងករណី​មណ្ឌល​ច​ត្តា​ឡី​ស័ក នៅតាម​ព្រំដែន​កកស្ទះ​ផងដែរ​។ 
 
​ជាមួយគ្នានេះ សម្តេច នាយករដ្ឋមន្ត្រី ក៏​អំពាវនាវ​ទៅដល់​ពលរដ្ឋ​ខ្មែរ ពិសេស​កម្មករ​ខ្មែរ ដែលមាន​គម្រោង​ធ្វើដំណើរ​ទៅមក​ប្រទេស​ថៃ ឲ្យ​ពន្យារ​ការធ្វើដំណើរ​រប​ស់​ខ្លួន​សិន​។ នៅក្នុង​សារ​ពិសេស​នេះ សម្តេចនាយក​រដ្ឋមន្ត្រី  ក៏បាន​លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ខ្មែរ​បន្ត​ស្នាក់នៅ និង​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ​តាម​ធម្មតា ហើយ​ត្រូវ​ឲ្យ​ជឿទុកចិត្ត លើ​ការគ្រប់គ្រង​របស់​អាជ្ញា​ធរ​ថៃ​ផងដែរ​។  ប្រមុខ​រដ្ឋាភិបាល លើកឡើង​ដូច្នេះ​៖«​ការអំពាវនាវ​របស់​ខ្ញុំ ទៅកាន់​បងប្អូន​កម្មក​រ កម្មការិនី​ដែល​កំពុង​នៅ​ប្រទេស​ផង ចំពោះ​ឪពុកម្តាយ និង​ក្រុមគ្រួសារ​នៃ​កម្មករ​ផង និង​អ្នក​ដែល​កំពុង​ត្រៀមខ្លួន​ចូល​ប្រទេស​ថៃ​សូម​ផ្អាក​ទាំង​ខុសច្បាប់ ទាំង​ត្រូវ​ច្បាប់ ក៏​សូម​ផ្អាក នៅក្នុង​កាលៈទេសៈ​បែបនេះ​»​។​
 
​សូមបញ្ជាក់ថា ថៃ ជា ផ្ទុះ​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩​ជាង​៥០០​ករណី នៅក្នុង​ខេត្ត​សាមុត សា​ខន របស់​ថៃ ដែល​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​៣០០​គីឡូម៉ែត្រ ពី​ប្រទេស​កម្ពុ កាលពី​ថ្ងៃទី​១៩ ធ្នូ​។ ក្រោយ​ករណីនេះ ក្រសួងសុខាភិបាល​កម្ពុ​ជា បាន​ណែនាំ​ឲ្យ​បណ្តា​ខេត្ត នៅតាម​បណ្តោយ​ព្រំដែន​ប្រទេស​ថៃ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ក្នុងការ​ត្រួតពិនិត្យ​រាល់​អ្នកដំណើរ​ដែល​ចូលមក​កម្ពុជា ដោយ​ត្រូវ​ឆែក​សុខភាព ឲ្យ​បាន​ម៉ត់ចត់​ជាទីបំផុត ពិសេស​ត្រូវ​វាស់​កម្តៅ និង​បំពេញ​ទម្រង់​ប្រកាស​សុខភាព​អ្នកដំណើរ​។ 
 
​រាល់​អ្នកដំណើរ​ចូលមក​កម្ពុជា ត្រូវដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ១៤​ថ្ងៃ ជា​ចាំបាច់ និង​ត្រូវ​រៀបចំ​កន្លែង​មាន​គម្លាត​សុវត្ថិភាព ពី​បុគ្គល​ម្នាក់​ទៅ​ម្នាក់ នៅ​កន្លែង​វាស់​កម្តៅ កន្លែង​បំពេញបែបបទ​ចូល​កម្ពុជា ឬ​កន្លែង​រង់ចាំ​យក​វត្ថុ​សំណាក​ផងដែរ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com