ជាតិ
សង្គមជាតិ
ប្រធានរាជបណ្ឌិត្យសភា លោក សុខ ទូច​៖ «អ្នកស្រី ត្រឹង ងា គឺជា​ជនក​ម្រ ដែល​បាន​លះបង់​ដើម្បី​ជាតិ​»
22, Dec 2020 , 7:58 pm        
រូបភាព
​លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភាជាតិ​កម្ពុ​ជា បាន​នាំយក​សញ្ញាបត្រ​កិត្តិ​បណ្ឌិត​ផ្នែក​អក្សរសាស្ត្រ និង​ឯកសណ្ឋាន​ទៅជូន​អ្នកស្រី ត្រឹង ងា ឈ្មោះ​ដើម ឡាយ ហ៊ុន​គី ដល់​គេហដ្ឋាន​របស់​អ្នកស្រី​ផ្ទាល់​តែម្ដងក្នុង​រាជធានី​ភ្នំពេញ​ នាថ្ងៃទី២២ ធ្នូ ២០២០។
​លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភាជាតិ​កម្ពុ​ជា បាន​នាំយក​សញ្ញាបត្រ​កិត្តិ​បណ្ឌិត​ផ្នែក​អក្សរសាស្ត្រ និង​ឯកសណ្ឋាន​ទៅជូន​អ្នកស្រី ត្រឹង ងា ឈ្មោះ​ដើម ឡាយ ហ៊ុន​គី ដល់​គេហដ្ឋាន​របស់​អ្នកស្រី​ផ្ទាល់​តែម្ដងក្នុង​រាជធានី​ភ្នំពេញ​ នាថ្ងៃទី២២ ធ្នូ ២០២០។
ភ្នំពេញ​៖ អ្នកស្រី ត្រឹង ងា ឈ្មោះដើម ឡាយ ហ៊ុន​គី បានទទួល​សញ្ញាបត្រ​កិត្តិ​បណ្ឌិត​ផ្នែក​អក្សរសាស្ត្រ ពី​រាជបណ្ឌិត្យសភាកម្ពុជា ជា​ផ្លូវការ​ហើយ នៅ​រសៀល​ថ្ងៃទី​២២ ធ្នូ​នេះ​។ ប្រធាន​រាជបណ្ឌិត្យ​សភាជាតិ​កម្ពុ​ជា លោក សុខ ទូច បាន​បញ្ជាក់ថា អ្នកស្រី ត្រឹង ងា គឺជា​ជនក​ម្រ​ម្នាក់ ដែល​បាន​លះបង់ និង​បំពេញភារកិច្ច​ជូន​ជាតិ​ពេញ​មួយជីវិត​របស់​អ្នកស្រី​។ ចំណែក​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី ក៏បាន​បញ្ជាក់ដែរថា តម្លៃ​សញ្ញាបត្រ​នេះ គឺ​ស័ក្ដិសម​នឹង​អ្នកស្រី ត្រឹង ងា ទទួលបាន​បំផុត​។​


 
​លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភាជាតិ​កម្ពុ​ជា បាន​នាំយក​សញ្ញាបត្រ​កិត្តិ​បណ្ឌិត​ផ្នែក​អក្សរសាស្ត្រ និង​ឯកសណ្ឋាន​ទៅជូន​អ្នកស្រី ត្រឹង ងា ឈ្មោះ​ដើម ឡាយ ហ៊ុន​គី ដល់​គេហដ្ឋាន​របស់​អ្នកស្រី​ផ្ទាល់​តែម្ដង ក្នុង​រាជធានី​ភ្នំពេញ​។ 
 
​លោក សុខ ទូច បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា មូលហេតុ​រាជបណ្ឌិត្យ​សភាជាតិ​កម្ពុ​ជា ផ្ដល់​សញ្ញាបត្រ​ដល់​អ្នក​ស្រី ត្រឹង ងា គឺ​ដោយសារ​អ្នកស្រី​បាន​បំពេញការងារ​ពេញ​មួយជីវិត និង​ជា​មនុ​ស្សមាន និង​តម្លៃ​ខ្ពស់​ណាស់​សម្រាប់​ជាតិ​។ 
 

​ប្រធាន​រាជបណ្ឌិត្យ​សភាជាតិ​កម្ពុ​ជា បាន​បន្ថែម​ដូច្នេះ​៖«​យើង​បានឃើញ​ពី​ប្រវត្តិរូប និង​ការងារ​ជាក់ស្ដែង​របស់គាត់​(​អ្នកស្រី ត្រឹង ងា​) ដែល​ផ្ដល់ជូន​ជាតិ​ពេញ​មួយ​ជិវិត​របស់លោក​។ គាត់​បាន​បំពេញភារកិច្ច​ជូន​ជាតិ ហើយ​នេះ​ជាការ​តបស្នង​របស់​យើង​ជូន​គាត់​។ អ្នកស្រី​គឺជា​ជនក​ម្រ ដែល​បាន​លះបង់​ដើម្បី​ជាតិ​។ ខ្ញុំ​ចង់ឱ្យមាន​អ្នក​បន្តវេន​ដូច​អ្នកស្រី​ច្រើន​ទៀត​»​។​
​ចំណែក​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី ក៏បាន​មើលឃើញថា ស្នាដៃ​សៀវភៅ​របស់​អ្នកស្រី ត្រឹង ងា ដែលមាន​ចំណងជើង​ថា “​អរិយធម៌​ខ្មែរ​” ត្រូវបាន​សិស្ស​ទទួលស្គាល់​តាំងពី​សម័យមុន​សង្គ្រាម​រហូតដល់​បច្ចុប្បន្ន​។ សៀវភៅ​នេះ នៅតែមាន​តម្លៃរ​សម្រាប់​កូន​ខ្មែរ​គ្រប់រូប ត​ជំនាន់​ទៅមុខទៀត​។ 
 
«​គាត់​(​អ្នកស្រី ត្រឹង ងា​) ស័ក្ដិសម​បំផុត​នឹង​ទទួលបាន​គោរមងារ​នេះ​។ ខ្ញុំ​និយាយ​នេះ​មិនមែន​ដោយសារ​ខ្ញុំ​ជា​សិស្ស​របស់គាត់​ទេ ប៉ុន្តែ​ដោយសារ​ខ្ញុំ​មើលឃើញ​ពី​តម្លៃ​ការងារ​ជាក់ស្ដែង​របស់គាត់​។ កាលណា​យើង​ឱ្យ​កិត្តិយស​ដល់​បុគ្គល​រូប​ណា​បាន​ត្រឹមត្រូវ នោះ​គឺជា​ការលើកទឹកចិត្ត និង​ជា​គំរូរ​ដល់​បញ្ញវន្ត​ជំនាន់​ក្រោយ ឱ្យ​មានការ​ខំប្រឹងប្រែង​។ ប្រទេស​រីកចម្រើន​អាស្រ័យ​លើ​បញ្ញវន្ត ក្នុងការ​ជ្រោមជ្រែង​ប្រទេស​។ ខ្ញុំ​គ្រាន់តែ​ប្រាប់​ខ្ញុំ​ថា នៅមាន​អ្នក​ស័ក្ដិសម​មួយចំនួនទៀត ដែល​គួរតែ​បាន​គោរមងារ ប៉ុន្តែ​ខ្ញុំ​មិនអាច​ស្នើសុំ​បាន​ភ្លាមៗ​ទៀត​ទេ​។ អ្នកខ្លះ​គាត់​បាន​ចែក​ឋាន​ខ្លះ​ហើយ​»​។​
 
​រីឯ​លោក ត្រឹង បញ្ចា​រុណ ត្រូវជា​កូនប្រុស​របស់​អ្នកស្រី ត្រឹង ងារ បាន​សម្ដែង​ក្ដី​រីករាយ ខណៈ​ម្ដាយ​របស់លោក ទទួលបាន​គោរមងារ​កិត្តិ​បណ្ឌិត​ផ្នែក​អក្សរសាស្ត្រ​នេះ​។ លោក​ក៏បាន​បញ្ជាក់ដែរថា សៀវភៅ “​អរិយធម៌​ខ្មែរ​” ដែលជា​ស្នាដៃ​របស់​ម្ដាយ​លោក នៅតែមាន​តម្លៃ​ដល់​បច្ចុប្បន្ន ព្រោះ​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​យក​អត្ថបទ​មួយចំនួន​ក្នុង​សៀវភៅ​នេះ ទៅ​ដាក់​ក្នុង​កម្មវិធីសិក្សា​របស់​រដ្ឋ​។​
 
​លោក ត្រឹង បញ្ចា​រុណ បន្ថែម​៖«​ក្នុងនាម​ជា​កូនចៅ និង​ក្រុមគ្រួសារ ខ្ញុំ​មានចិត្ត​សប្បាយរីករាយ និង​មាន​ក្ដីរំភើប​។ នេះ​ជា​កិត្តិយស​របស់​ម្ដាយ​ខ្ញុំ តាមរយៈ​ស្នាដៃ “​អរិយធម៌​ខ្មែរ​” សម្រាប់​កូន​ខ្មែរ​គ្រប់រូប​។ ខ្ញុំ​សង្ឃឹមថា​កូន​ខ្មែរ​ទាំងអស់​នៅតែ​ស្វែងយល់​ពី​វប្បធម៌​ខ្មែរ សង្គម​ធម៌​របស់​ខ្មែរ តាមរយៈ​សៀវភៅ​អរិយធម៌​ខ្មែរ ដើម្បីឱ្យ​ប្រជាជន​ខ្មែរ​យើង​ដឹង​ពី​ជាតិ​សាស្ត្រ​ខ្មែរ​។ មុន​យើង​ដឹង​ពី​ប្រវត្តិ​របស់​ជាតិ​ដទៃ គួរតែ​យើង​ដឹង​ពី​ប្រវត្តិ​ប្រទេសជាតិ​របស់​យើង​ជាមុនសិន​»​។​
 
​បច្ចុប្បន្ន​អ្នកស្រី ឡាយ ហ៊ុន​គី ហៅ ត្រឹង ងា មាន​ជន្មាយុ​៨៥​ឆ្នាំ​។ អ្នកស្រី​កំពុងតែ​រួបរឹត​ដោយ​ជំងឺ​ពុក​ឆ្អឹងខ្នង និង​លើស​សម្ពាធ​ឈាម​។ អ្នកស្រី ឡាយ ហ៊ុន​គី បាន​បោះពុម្ព​សៀវភៅ​”​អរិយធម៌​ខ្មែរ​” កាលពី​ឆ្នាំ​១៩៧៤​។​អ្នកស្រី​ជា​អតីត​សាស្ត្រាចារ្យ​អក្សរសាស្ត្រ​មួយរូប​។​
 
​ត្រឹង ងា ជា​ឈ្មោះ​ស្វាមី​របស់​អ្នកស្រី ដែលជា​អតីត​សាស្ត្រាចារ្យ និង​ជា​អ្នកនិពន្ធ​សៀវភៅ «​ប្រវត្តិសាស្ត្រ​ខ្មែរ​» ភាគ​ទី​១ និង​ទី​២ ដែល​បោះពុម្ពផ្សាយ​នៅ​ឆ្នាំ​១៩៧៣​។ សាស្ត្រា​រ្យ​ត្រឹង ងា ត្រូវបាន​ខ្មែរក្រហម​យកទៅ​សម្លាប់​នៅ​មន្ទីរ​ស​-២១ កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ​១៩៧៥៕
 

Tag:
 ត្រឹង ងា
 ឡាយ ហ៊ុន​គី​
© រក្សាសិទ្ធិដោយ thmeythmey.com