ជាតិ
​ត្រី​ប្រហុក​ធ្លាក់​ទិន្នផល តែ​តម្លៃ​ថ្លៃ​ជាង​ឆ្នាំមុន​
23, Dec 2020 , 2:15 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម​បាន​ព្យាករណ៍​ថា ទិន្នផល​ត្រី​ប្រហុក ផ្អក នៅក្នុង​ឆ្នាំ​២០២០​នេះ ធ្លាក់ចុះ​៣១​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៩​។ ទិន្នផល​ត្រី​ធ្លាក់ចុះ ដោយសារ​កម្ពស់​ទឹកជំនន់​ទន្លេមេគង្គ ស្ថិតក្នុង​កម្រិត​ទាប​ហើយ​បានអូសបន្លាយ​ជាង​មួយខែ វិសាលភាព​នៃ​ទឹកជំនន់​ក្នុង​បឹង​ទន្លេសាប និង​ការប្រែប្រួល​អាកាសធាតុ​។ នេះ​បើតាម​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។ ទិន្នផល​ត្រី​ធ្លាក់ចុះ បានធ្វើ​ឲ្យ​តម្លៃ​ត្រី​ហក់​ឡើង​ខ្ពស់ ដោយនៅ​ទីតាំង​មួយចំនួន​ឡើង ដល់​៥,០០​រៀល​ផងដែរ​។

 
​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​មន្ត្រីជលផល កាលពី​ថ្ងៃទី​២២ ធ្នូ បាន​ទស្សនកិច្ច​នៅ​ទីតាំង​ប្រមូល​ផល​ត្រី​ប្រហុក ផ្អក នៅ​គន្លង​ដាយ​ត្រី​លេខ ១៣ ១៤ និង ១៥ (​កំពង់​ហ្លូ​ង​) ក្នុងស្រុក​ពញាឮ ខេត្តកណ្តាល​។ 
 
 
​នៅក្នុង​ដំណើរ​នោះ ម្ចាស់​ដាយ​នីមួយៗ​បាន​ប្រាប់​លោក​រដ្ឋមន្ត្រី​កសិកម្ម​ថា នៅ​ថ្ងៃ​ដំបូង ត្រី​ប្រហុក​ចុះ​ច្រើន ពិសេស​នៅ​ដាយ​លេខ ១៣ និង ១៤ ដោយ​លើក​ម្តងៗ​បាន​ត្រី​ប្រមាណ​១​តោន នៅក្នុង​រយៈ​មួយ​ម៉ោង​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក របស់លោក វេ​ង សាខុន ដែល​លោក​រដ្ឋមន្ត្រី​បាន​បន្ត​ទៀ​ថា​នៅ​ថ្ងៃទី​២២ ធ្នូ ដែលជា​ថ្ងៃទី​៣ សន្ទុះ​ត្រី​ចុះ ប្រសើរ​ជាង​ពីរ​ថ្ងៃ​ដំបូង ប៉ុន្តែ​តម្លៃ​ត្រី​ប្រហុក​ហាក់​ខ្ពស់​បន្តិច គឺមាន​តម្លៃ ៥ ០០០ រៀល ក្នុង​មួយ​គីឡូក្រាម​។ ដោយឡែក ដាយ​លេខ ១៥ លើក​ម្ត បាន​ពី ១​តោន ទៅ​១.៥​តោន ហើយ​មានតម្លៃ ៣,០០០​រៀល ក្នុង​មួយ​គីឡូក្រាម​។​
 
 
​ទោះយ៉ាងណា​ក៏ដោយ ផល​ត្រី​តាម​ដាយ​នីមួយ​នៅ​ឆ្នាំនេះ តិចជាង​ឆ្នាំមុន ៣១​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៩​។ នេះ​បើតាម​រដ្ឋមន្ត្រី​កសិកម្ម ដែល​បន្ត​ពន្យល់ថា ការធ្លាក់ចុះ​នេះ​ដោយសារ​កម្ពស់​ទឹកជំនន់​ទន្លេមេគង្គ ស្ថិតក្នុង​កម្រិត​ទាប​ហើយ​បានអូសបន្លាយ​ជាង​មួយខែ វិសាលភាព​នៃ​ទឹកជំនន់​ក្នុង​បឹង​ទន្លេសាប និង​ការប្រែប្រួល​អាកាសធាតុ​។ លោក​បន្ត​លម្អិត​ដូច្នេះ​៖«​កម្រិត​កំពស់​ទឹក នៅ​ទីតាំង​ដាយ​ត្រី​នាពេល​បច្ចុប្បន្ន ខ្ពស់ជាង​ឆ្នាំ​២០១៩ ចំនួន​មួយ​ម៉ែត្រ​នៅឡើយ ហើយ​ល្បឿន​នៃ​ទឹក​ហូរ​វិញ ក៏មាន​សភាព​ហូរ​ខ្លាំង​ល្អ ដែលជា​ក្តី​សង្ឃឹមថា នៅ​ខ្នើត​ក្រោយ អាចមាន​ត្រី​បន្ត​ចេញពី​ទន្លេសាប​បន្តទៀត​។  តែ​តាម​លក្ខណៈ​បច្ចេកទេស រួមទាំង​វិសាលភាព នៃ​ទឹកជំនន់​ក្នុង​បឹង​ទន្លេសាប ការប្រែប្រួល​អាកាសធាតុ រដ្ឋបាល​ជលផល​បាន​ព្យាករណ៍ ផល​ចាប់​សរុប តាម​ដាយ​ត្រី​សម្រាប់​ឆ្នាំនេះ អាច​ទាប​ជាង​ឆ្នាំ​២០១៩ ប្រហែលជា ៣១​ភាគរយ ពី ១៤ ៣២០​តោន មក​នៅត្រឹម ៩ ៩០០​តោន នា​ឆ្នាំនេះ​»​។ 
 
​ទន្ទឹមនឹងនេះ រដ្ឋបាល​ជលផល ក៏​បញ្ជាក់ដែរថា​បរិមាណ​ផល​នេសាទ​ក្នុង​ដែន​នេសាទ ឆ្នាំ​២០២០ មាន​ចំនួន ២៦៨ ០០០​តោន ថយចុះ​ជាង​៥​ម៉ឺន​តោន បើ​ធៀប​នឹង​ឆ្នាំ​២០១៩ ដែលមាន​ចំនួន ៣២៦ ៥០០​តោន​។​

រូបភាពពីលោក វេង សាខុន
​ដ្បិតថា​ផល​ត្រី​នៅតាម​ដាយ និង​ផល​នេសាទ​ក្នុង​ដែន​នេសាទ​ធ្លាក់ចុះ ប៉ុន្តែ​ការធ្វើ​វា​វី​វប្បកម្ម​នៅ​កម្ពុ​ជាមាន​សន្ទុះ​កើនឡើង​នៅក្នុង​រយៈពេល​ចុងក្រោយ​នេះ​។ បើតាម​លោក វេ​ង សាខុន រដ្ឋមន្ត្រី​កសិកម្ម  ផល​ដែល​ទទួលបាន​ពី​ការធ្វើ​វារីវប្បកម្ម​ឆ្នាំ​២០២០​នេះ អាចមាន​ចំនួន  ៤០០ ៤០០​តោន មានការ​កើនឡើង​ប្រមាណ​៣០​ភាគរយ បើ​ធៀប​នឹង​ក​ឆ្នាំ​២០១៩ ដែលមាន​ចំនួន ៣០៧ ៤០៨​តោន​។ តាមរយៈ​តួលេខ​នេះ លោក​រដ្ឋមន្ត្រី វាយតម្លៃថា វារីវប្បកម្ម​អាចបំពេញ​ការផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​ក្នុងស្រុក ជំនួស​ឲ្យ​ផល​នេសាទ​ដាយ​ត្រី និង​ផល​នេសាទ​ក្នុង​ដែន​នេសាទ​បាន​។​
 
​សូមជម្រាបថា រដ្ឋបាល​ជលផល បាន​ជូនដំណឹង​ថា ត្រី​ប្រហុក ផ្អក ត្រីឆ្អើរ  នឹងត្រូវ​រយៈពេល​ពេញ​មួយ​សប្តាហ៍​គឺ​ចាប់ពី​ថ្ងៃទី​២០ ខែធ្នូ ដល់​ថ្ងៃទី​២៦ ខែធ្នូ​នេះ​៕

Tag:
 ជលផល​
 ​ត្រី​ប្រហុក​
 ​ផ្អក​
 ​វេ​ង សាខុន​
 ​ត្រីឆ្អើរ​
© រក្សាសិទ្ធិដោយ thmeythmey.com