អន្តរជាតិ
ចិន ស៊ើបអង្កេត​ក្រុមហ៊ុន Alibaba សង្ស័យ​ធ្វើ​ជំនួញ​ផ្តាច់មុខ​
25, Dec 2020 , 8:29 am        
រូបភាព
ក្រុមហ៊ុនលក់ទំនិញអនឡាញAlibabaរបស់ចិន។ រូបភាព៖AFP
ក្រុមហ៊ុនលក់ទំនិញអនឡាញAlibabaរបស់ចិន។ រូបភាព៖AFP
ដោយ:
​នៅ​ថ្ងៃទី​២៤ ធ្នូ និយ័ត​ករ​ទីផ្សារ​ចិន បាន​បើក​ការស៊ើបអង្កេត​ប្រឆាំង​ក្រុមហ៊ុន​លក់ទំនិញ​អន​ឡាញ​ចិន​Alibaba ដោយ​សង្ស័យថា ធ្វើ​ជំនួញ​ផ្តាច់មុខ​។ ការស៊ើបអង្កេត​នេះ ជា​ផ្នែក​មួយ​ការ​ព​ន្លឿ​ន​ការបង្ក្រាប​សកម្មភាព​ជំនួញ​បែប​ផ្តាច់មុខ​ក្នុង​ប្រព័ន្ធ​ពាណិជ្ជកម្ម​តាម​អ៊ីនធឺណិត​របស់​ចិន​។​

 
Alibaba របស់​សេដ្ឋី Jack Ma កំពុង​ស្ថិតក្រោម​ការស៊ើបអង្កេត​ពី​សំណាក់​អាជ្ញាធរ​ចិន​ពាក់ព័ន្ធ​ការរកស៊ី​ផ្ដាច់មុខ​ក្នុង​ជំនួញ​អន​ឡាញ​។ មុននឹង​មានការ​ស៊ើបអង្កេត​នេះ ចិន​បាន​ព្រមាន​ក្រុមហ៊ុន​បច្ចេកវិទ្យា​នានា ថា ខ្លួន​នឹងមិន​អត់អោន​ឲ្យ​ការធ្វើ​ជំនួញ​បែប​ផ្តាច់មុខ​ឡើយ​។ រដ្ឋាភិបាល​ចិន ប្រាប់​ឲ្យ​ក្រុមហ៊ុន​ធំៗ​ទាំងអស់​ត្រៀមខ្លួន​ក្នុងការ​សួរដេញដោល​ពី​និយ័ត​ករ​ចិន​ចំពោះ​របៀប​នៃ​ការធ្វើ​ជំនួញ ក្រោយ​ក្រុមហ៊ុន Alibaba និង Tencent Holding រង​ពិន័យ​ជា​ប្រាក់​ដោយសារ​បង្ហាញ​ពី​បំណង​រួមបញ្ចូល​គ្នា​។​
 
 
 
​នៅ​ថ្ងៃទី​២៤ ធ្នូ រដ្ឋបាល​រដ្ឋ​សម្រាប់​និយ័តកម្ម​ទីផ្សារ អះអាង​ក្នុង​សេចក្តីថ្លែងការណ៍​ថា ខ្លួន​នឹង​បើក​ការស៊ើបអង្កេត​លើ​គោលនយោបាយ​ជំនួញ​របស់​ក្រុមហ៊ុន Alibaba ដែល​តម្រូវ​ឲ្យ​អ្នកលក់​ទំនិញ​ទាំងអស់ លក់​ផលិតផល​របស់ខ្លួន​តា​ម​ក្រុមហ៊ុន Alibaba ផ្ដាច់មុខ ហើយ​មិន​ឲ្យ​លក់ទំនិញ​នោះ​តាមរយៈ​ក្រុមហ៊ុន​ដូចជា JD.com និង Pinduoduo ដែលជា​គូប្រជែង​ឡើយ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ។ 
 
Xinhua ចុះផ្សាយ​នៅ​ថ្ងៃ​ជាមួយគ្នានេះដែរ​ថា ក្រុមហ៊ុន Ant Group ដែល​ចំណុះ​ឲ្យ Alibaba ក៏​ត្រូវបាន​អាជ្ញាធរ​ហិរញ្ញវត្ថុ​ចិន​ហៅ​ទៅ​ពិភាក្សា​ពី​ការធ្វើការងារ​ហិរញ្ញវត្ថុ​របស់ខ្លួន​។ ក្រុមហ៊ុន Ant Group បង្កើត​កម្មវិធី​Alipay ដែល​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ដូចជា​ការបង់ប្រាក់ និង​ទូទាត់​ថ្លៃទំនិញ​រវាង​ហាង និង​អ្នកប្រើប្រាស់​។​
 
​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ Alibaba បាន​ពង្រីក​ជំនួញ​ដោយ​ផ្តល់​ប្រាក់កម្ចី ឥណទាន វិនិយោគ និង​ធានារ៉ាប់រង​ដល់​អតិថិជន និង​ក្រុមហ៊ុន​តូចៗ​ជាច្រើន​។ ការពង្រីក​ជំនួញ​លើ​វិស័យនេះ បណ្តាល​ឲ្យ​ធនាគារ​ជាច្រើន​មិន​ពេញចិត្ត ហើយ​គាំទ្រ​ឲ្យ​រដ្ឋាភិបាល​ចេញ​គោលនយោបាយ​គ្រប់គ្រង​ក្រុមហ៊ុន​ធំៗ​។​
 
​ខណៈ​ជំនួញ​រីក​កាន់តែ​ធំ Alibaba ក៏​ក្លាយជា​មុខសញ្ញា​របស់​រដ្ឋាភិបាល​ចិន​។ កាលពី​ខែតុលា​កន្លងទៅ អាជ្ញាប័ណ្ណ​ជួញដូរ​ភាគហ៊ុន (IPO) របស់​ក្រុមហ៊ុន Ant Group ក្នុង​ទីផ្សារ​ហ៊ុន​ចិន ត្រូវបាន​រដ្ឋាភិបាល​ចិន​ផ្អាក​មិន​ផ្តល់​ឲ្យ​វិញ​នៅ​វិនាទី​ចុងក្រោយ បន្ទាប់ពី​លោក Jack Ma ស្ថាបនិក​ក្រុមហ៊ុន​នេះ​រិះគន់​ប្រព័ន្ធ​ធនាគារ​រដ្ឋ​ចិន​ដោយ​ប្រដូច​ទៅនឹង​ហាង​បញ្ចាំ​។ ចាប់តាំងពី​ពេលនោះ​មក លោក ជេ​ក ម៉ា​ពុំបាន​បង្ហាញ​វត្ត​មាននៅ​ទីសាធារណៈ​ឡើយ​។​
 
​លោក Richard McGregor អ្នកស្រាវជ្រាវ​នៅ​វិទ្យាស្ថាន Lowy ក្រុង​ស៊ីដនី លើកឡើងថា អ្វី​កើត​ឡើងលើ Alibaba ជា​សារ​ព្រមាន​មួយ​។ លោក​អះអាងថា សារ​បង្កប់​នៅក្នុង​ការចាត់ការ​លើ​ក្រុមហ៊ុន​Alibaba គឺ​គ្មាន​បុគ្គល គ្មាន​ក្រុមហ៊ុន​ណា ដែល​អាច​រីកលូតលាស់​នៅ​ចិន ទៅដល់​ចំណុច​មួយ​ដែលមាន​សក្តានុពល​ក្នុងការ​ប្រជែង​នឹង​អំណាច​នៃ​បក្ស​កុម្មុយនីស្ត​ចិន​បានឡើយ​»៕
 
 
 
 

Tag:
 ​ចិន
© រក្សាសិទ្ធិដោយ thmeythmey.com