COVID-19
ជាតិ
ពលករត្រឡប់ពីថៃជាង១០០០នាក់ កំពុងធ្វើចត្តាឡីស័កនៅបណ្តាខេត្តជាប់ព្រំដែន
26, Dec 2020 , 3:59 pm        
រូបភាព
ពលករត្រឡប់ពីថៃ តាមច្រកអូរស្មាច់កាលពីថ្ងៃទី២៤ធ្នូ ២០២០។ (រូបពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍)
ពលករត្រឡប់ពីថៃ តាមច្រកអូរស្មាច់កាលពីថ្ងៃទី២៤ធ្នូ ២០២០។ (រូបពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍)
រយៈពេល៥ថ្ងៃនេះ ពលករខ្មែរត្រឡប់ពីថៃជាង១ពាន់នាក់ ហើយកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលដែលអាជ្ញាធរបានរៀបចំដើម្បីបង្ការកូវីដ-១៩។ វិធានការរឹតបន្តឹងនេះ ធ្វើឡើងក្រោយពីមានការផ្ទុះនូវការចម្លងកូវីដ-១៩ នៅខេត្តសាមុតសាខនប្រទេសថៃ កាលពីចុងសប្ដាហ៍មុន។



លោក កែវ វណ្ណថន អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអះអាងថា ចាប់ពីថ្ងៃទី២០ដល់២៥ធ្នូនេះ ពលករខ្មែរត្រឡប់ពីថ្ងៃទាំងអស់មាន១៣៨៨នាក់ ក្នុងនោះភាគច្រើនមកតាមច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ។ លោក បញ្ជាក់ថា ពលរដ្ឋទាំងនោះ បានត្រឡប់មកតាមច្រកអូរស្មាច់៨១៧នាក់, ប៉ោយប៉ោប៉ែត៣១៥នាក់, ច្រកដង ភ្នំដី និងច្រកចាំយាម២៥៦នាក់។ 
 
លោក កែវ វណ្ណថន ប្រាប់សារព័ត៌មានថ្មីៗ តាមតេឡេក្រាមថា៖ «ពលករដែលត្រឡប់មកពីថៃទាំងអស់ គឺតម្រូវឲ្យធ្វើចត្តាឡីស័កតាមការរៀបចំរបស់អាជ្ញាធរខេត្តយ៉ាងហ្មត់ចត់ ដែលបានសហការជាមួយមន្រី្តសុខាភិបាល ដោយសារថៃកំពុងផ្ទុះកូវីដ-១៩ ពលរដ្ឋដែលត្រឡប់មកត្រូវតែបង្ការជៀសវាងការរីករាលដាលកូវីដ-១៩កាន់តែធំ»។ 
 
លោកបញ្ជាក់ថា លោកតែងតែណែនាំឲ្យមន្ត្រីនគរបាលតាមច្រកទ្វារព្រំដែនអន្តរជាតិទាំងអស់ ពិសេសច្រកតាមបណ្ដាលព្រំដែនកម្ពុជា-ថៃ ត្រួតពិនិត្យសុខភាពអ្នកធ្វើដំណើរចូលកម្ពុជា ។ ជាពិសេសតាមដានការធ្វើចត្តាឡីស័ករបស់ពួកគេឲ្យបានត្រឹមត្រូវតាមពេលកំណត់របស់ក្រសួងសុខាភិបាល។ 
 
 «មន្រី្តនគរបាលតាមច្រកព្រំដែន ពិសេសតាមច្រកតូចៗ ត្រូវល្បាតស្លាបឆ្វេង ស្លាបស្ដាំ ក្នុងដែនសមត្ថកិច្ចច្រករបស់ខ្លួន យើងក៏ចេញវិធានការឲ្យពួកគាត់ឃាត់អ្នកចូលមកពីថៃ ដើម្បីប្រគល់ឲ្យភ្នាក់ងារសុខាភិបាលពិនិត្យសុខភាពនិងធ្វើចត្តាឡីស័កឲ្យហ្មត់ចត់»។ នេះបើតាមការលើកឡើងរបស់លោក វណ្ណថន។ 
 
 
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់ថវិកាសរុប៣៥០លានរៀល ដល់ខេត្តជាប់ប្រទេសថៃ ចំនួន៧ ដើម្បីចាត់ចែងការងារចំពោះមុខរួមមាន ការរឹតបន្តឹងការធ្វើចត្តាឡីស័កជាដើម ក្នុងន័យទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ពីប្រទេសថៃ។ ខេត្តទាំង៧រួមមាន ខេត្តព្រះវិហារ ឧត្តរមានជ័យ បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ពោធិ៍សាត់ និងខេត្តកោះកុង ដោយខេត្តនីមួយៗទទួលបាន ៥០លានរៀល។
 
សូមជម្រាបថា ខេត្តសាមុតសាខនកាលពីថ្ងៃទី១៩ធ្នូ បានរកឃើញអ្នកឆ្លងកូវីដ-១៩ជាង៥០០ករណី។ បន្ទាប់មករដ្ឋាភិបាលថៃសម្រេចប្រកាសបិទខេត្តសាមុតសាខន រយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី២០ធ្នូ ដល់ថ្ងៃទី៣មករាឆ្នាំ២០២១។ បន្ថែមពីនេះ ថៃបានដាក់បំរាមគោចរ អនុវត្តពីម៉ោង១០យប់ ដល់ម៉ោង៥ភ្លឺ។ ចំណែកការធ្វើដំណើរចេញពីខេត្តនេះ ក៏ត្រូវបានហាមឃាត់ដែរ៕
 
អត្ថបទទាក់ទង
៖ 
 

© រក្សាសិទ្ធិដោយ thmeythmey.com