អន្តរជាតិ
ចិន ប្រាប់​ឲ្យ​ក្រុមហ៊ុន Ant របស់ ជេ​ក ម៉ា កែប្រែ​របៀប​ធ្វើ​ជំនួញ​
29, Dec 2020 , 8:29 am        
រូបភាព
ក្រុមហ៊ុនAnt។ រូបភាព៖AFP
ក្រុមហ៊ុនAnt។ រូបភាព៖AFP
ដោយ: ថ្មីៗ
នៅ​ថ្ងៃទី​២៧ ខែធ្នូ ធនាគារកណ្តាល​ចិន បានទាមទារ​ឲ្យ​ក្រុមហ៊ុន​ទូទាត់​ប្រាក់ Ant របស់លោក​មហាសេដ្ឋី ជេ​ក ម៉ា រក្សា​ប្រតិបត្តិការ​ដើម​របស់ខ្លួន​ជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ផ្នែក​ទូទាត់​ប្រាក់ ហើយ​កែប្រែ​របៀប​ធ្វើ​មុខ​ជំនួញ​សព្វថ្ងៃ​។



​សេចក្តីថ្លែងការណ៍​រប​ស់​ធនាគារកណ្តាល​ប្រជាជន​(PBOC) លើកឡើងថា ក្រុមហ៊ុន Ant ខ្វះ​គោលនយោបាយ​ក្នុងការ​គ្រប់គ្រង​ហិរញ្ញវត្ថុ ល្មើស​នឹង​បញ្ញត្តិ​របស់​និយ័ត​ករ ប្រើប្រាស់​យុទ្ធសាស្ត្រ​ទីផ្សារ​ដើម្បី​កម្ចាត់​គូប្រជែង ក៏ដូចជា​បង្ក​ផលប៉ះពាល់​ដល់​សិទ្ធិ​ស្របច្បាប់​របស់​អ្នកប្រើប្រាស់​។ ធនាគារកណ្ដាល​ចិន រកឃើញថា Ant បាន​បោះជំហាន​ទៅក្នុង​វិស័យ​ផ្សេង​ដែល​ខុសពី​គោលដៅ​ដើម​របស់ខ្លួន​ដែរ​។ 
 
​ការបញ្ជា​ឲ្យ​ក្រុមហ៊ុន Ant ផ្លាស់ប្តូរ​របៀប​នៃ​ការធ្វើ​ជំនួញ​នេះ កើតឡើង​ក្រោយ​អាជ្ញាធរ​ហិរញ្ញវត្ថុ​ចិន ផ្អាក​មិន​ផ្តល់​អាជ្ញាប័ណ្ណ​ជួញដូរ​ភាគហ៊ុន (IPO) ឲ្យ​ក្រុមហ៊ុន​នេះ​ឈាន​ជើង​ចូល​ទីផ្សារ​ភាគហ៊ុន​នៅ​ក្រុង​ហុងកុង និង​សៀង​ហៃ ។ នៅ​ថ្ងៃទី​២៤ ធ្នូ អាជ្ញាធរ​ទីផ្សារ​ចិន ទើបតែ​បើក​ការស៊ើបអង្កេត​លើ​ការសង្ស័យ​ធ្វើ​ជំនួញ​ផ្តាច់មុខ​របស់​ក្រុមហ៊ុន Alibaba ដែល​កាន់កាប់​ភាគហ៊ុន​ចំនួន​៣៣​ភាគរយ​របស់​ក្រុមហ៊ុន​Ant​។​
 
​កម្មវិធី Alipay ដែល​បង្កើត​ដោយ​ក្រុមហ៊ុន Ant ជា​កម្មវិធី​ទូទាត់​ប្រាក់​ដ៏​ល្បី​នៅ​ចិន ដែលមាន​មនុស្ស​ប្រើ​ជាង​១​ពាន់​លាន​នាក់​។ កម្មវិធី​នេះ​ផ្តល់​សេវា​ហិរញ្ញវត្ថុ កម្ចី វិនិយោគ និង​ប្រព័ន្ធ​ពិន្ទុ​ឥណទាន​។ គិត​ត្រឹម​រយៈពេល​១​ឆ្នាំ ទឹកប្រាក់​ប្រមាណ​១៧​លាន​លាន​ដុល្លារ ត្រូវបាន​ទូទាត់​តាមរយៈ​កម្មវិធី​នេះ ក្នុងប្រទេស​ជាង​៥០​។​
 
​កម្មវិធី Alipay និង​គូប្រជែង WeChat Pay បាន​កែប្រែ​ការទូទាត់​ប្រា​ក់នៅ​ចិន ដោយ​ប្រជាជន​ចិន​ប្រើប្រាស់​កម្មវិធី​ទាំងនោះ​សម្រាប់​បង់​ទិញ​ម្ហូប តាក់ស៊ី បង់ថ្លៃ​ទឹក​និង​អគ្គីសនី រហូតដល់​សំបុត្រ​រថភ្លើង និង​យន្តហោះ​។​
 
​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ក្រុមហ៊ុន Ant បាន​ពង្រីក​ការធ្វើ​ជំនួញ​របស់ខ្លួន​ហួស​ពី​ការទូទាត់​ប្រាក់ ដោយ​ពង្រីក​ដល់​ការផ្តល់ប្រាក់​កម្ចី​រហ័ស បើក​ប្រតិបត្តិ​ការផ្តល់​ការវិនិយោគ​ទ្រង់ទ្រាយ​តូច និង​បង្កើត​ប្រព័ន្ធ​ពិន្ទុ​ឥណទាន​ដល់​អ្នកប្រើប្រាស់​។ បន្ថែម​ពីនេះ ក្នុង​ឆ្នាំ​២០១៩ ក្រុមហ៊ុន​នេះ​បាន​បង្កើត​សេវា​ថែទាំ​សុខភាព ដែល​ឲ្យ​អនុញ្ញាត​ឲ្យ​អតិថិជន​បង់ប្រាក់​ថ្លៃ​ព្យាបាល​ជំងឺ​ដូចជា​មហារីក និង​ជំងឺ​បាត់បង់​ការចងចាំ​ជាដើម​។​
 
​ក្នុង​សេចក្ដីថ្លែងការណ៍​ខាងលើ លោក Pan Gongsheng ទេសាភិបាលរង​ធនាគារកណ្តាល​ចិន បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​នេះ​រៀបចំ​កាលវិភាគ និង​ផែនការ​ក្នុងការ​ផ្លាស់ប្តូរ​របៀប​ធ្វើ​ជំនួញ​ដូចជា​សេវា​ឥណទាន ធានារ៉ាប់រង និង​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​របស់​អ្នកប្រើប្រាស់​។ យ៉ាងណាក្តី ធនាគារកណ្តាល​ចិន ពុំ​បានចេញ​បញ្ជា​ឲ្យ​បំបែក​ក្រុមហ៊ុន Ant ឡើយ ប៉ុន្តែ​បង្គាប់​ឲ្យ​បង្កើត​ក្រុមហ៊ុន​ផ្សេង​មួយទៀត​ដើម្បី​គ្រប់គ្រង​មូលធន និង​ពិនិត្យ​ការអនុវត្ត​តាម​បទបញ្ញត្តិ​ហិរញ្ញវត្ថុ​របស់​អាជ្ញាធរ​។ 
 
​លើសពីនោះ ក្រុមហ៊ុន Ant ត្រូវសុំ​អាជ្ញាប័ណ្ណ​ពី​រដ្ឋ​សម្រាប់​ប្រតិបត្តិការ និង​សេវាកម្ម​ផ្សេងទៀត​ដូចជា​ការផ្តល់​ប្រាក់កម្ចី​ជាដើម​។ ធនាគារ​ចិន ក៏​តម្រូវ​ឲ្យ​ក្រុមហ៊ុន​នេះ​បង្ហាញ​ពី​តម្លាភាព​ក្នុងការ​ទូទាត់​សាច់ប្រាក់ និង​ឈប់​ពាក់ព័ន្ធ​ក្នុងការ​ប្រកួតប្រជែង​មិន​ស្មើរ​ភាព​។ ក្រុមហ៊ុន Ant នៅ​ថ្ងៃទី​២៧ ធ្នូ បាន​និយាយថា​ខ្លួន​នឹង​បង្កើត​ក្រុមការងារ​ដើម្បី​ធ្វើការ​ជាមួយ​ធនាគារ និង​និយ័ត​ករ​ដើម្បី​បំពេញ​ការទាមទារ​៕
 
 
 
 

Tag:
 ចិន​
  ជេ​ក ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com