ជាតិ
សង្គមជាតិ
វិបត្តិ​កូ​វីដ​-១៩ ធ្វើ​ឲ្យ​និស្សិត​ខ្មែរ​ជាង​៤០០​នាក់ មិនអាច​ចេញទៅ​សិក្សា​នៅ​បរទេស
29, Dec 2020 , 11:26 pm        
រូបភាព
រូបថត​និស្សិត​ខ្មែរ​ចំនួន១៩រូបដែល​បាន​ជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន នៅព្រលានយន្ត​ហោះកម្ពុជា​នាថ្ងៃទី១១ ខែ​កញ្ញា ឆ្នាំ​២០២០ រូបពីស្ថានទូតជប៉ុនប្រចាំកម្ពុជា
រូបថត​និស្សិត​ខ្មែរ​ចំនួន១៩រូបដែល​បាន​ជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន នៅព្រលានយន្ត​ហោះកម្ពុជា​នាថ្ងៃទី១១ ខែ​កញ្ញា ឆ្នាំ​២០២០ រូបពីស្ថានទូតជប៉ុនប្រចាំកម្ពុជា
ដោយ:
​ភ្នំពេញ​៖ វិបត្តិ​កូ​វីដ​-១៩ ធ្វើ​ឲ្យ​និស្សិត​ខ្មែរ​ជាប់​អាហារូបករណ៍ ចំនួន​៤២១​នាក់ មិនអាច​ចេញទៅ​សិក្សា​នៅ​បរទេស​បានឡើយ លុះត្រាតែ​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩​នៅ​ទូទាំង​ពិភពលោក​បាន​ធូរស្បើយ​។ នេះ​បើតាម​លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ ។

 
​លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ បាន​បញ្ជាក់ថា ក្នុង​ឆ្នាំ​២០២០​នេះ ក្នុងចំណោម​និស្សិត​ទាំង​៤២១​នាក់​នោះ គឺមាន​និស្សិត​ស្រី​ចំនួន​៨៧​នាក់​។ បើតាម​អ្នកនាំពាក្យ​ក្រសួង​អប់រំ និស្សិត​ទាំងអស់​នោះបាន​ជាប់​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ចំនួន​៧​។ ប្រទេស​ដែល​និស្សិត​ជាប់​អាហារូបករណ៍​ទៅ​សិក្សា​ច្រើនជាងគេ​នោះ​គឺ​ប្រទេស​ចិន និង​ប្រទេស​វៀតណាម​។ 
 
​ចំពោះ​និស្សិត ដែល​ជាប់​អាហារូបករណ៍​ទាំងនោះ មាន​និស្សិត​១៥៥​នាក់​ទៅ​សិក្សា​នៅ​ចិន​, និស្សិត​១២០​នាក់​ទៅ​សិក្សា​នៅ​វៀតណាម ,​និស្សិត​៥៩​នាក់​ទៅ​សិក្សា​នៅ​ថៃ​, និស្សិត​៥៦​នាក់​ទៅ​សិក្សា​នៅ​ជប៉ុន ,​និស្សិត​១៥​នាក់​ទៅ​សិក្សា​នៅ​ឡាវ និស្សិត​១៥​នាក់​ទៅ​សិក្សា​នៅ​ហុង​គ្រី និង​១​នាក់​សិក្សា​នៅ​គុយបា​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក រស់ សុ​វាចា​។ 
 
​អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​លើកឡើងថា បញ្ហា​កូ​វីដ​-១៩ គឺជា​មូលហេតុ​ដ៏​ចម្បង​ដែល​រារាំង​ឲ្យ​និស្សិត​ខ្មែរ​ទាំងនោះ មិនអាច​ចាកចេញ​ពី​មាតុភូមិ​ខ្មែរ​ទៅ​សិក្សា​នៅក្រៅ​ប្រទេស​បានឡើយ​។ 
 
«​ដោយសារ​កូ​វីដ​-១៩ និស្សិត​ភាគច្រើន​មិនទាន់​បានចេញ​ទៅតាម​បណ្តា​ប្រទេស​ទាំង​៧​នេះ​នៅឡើយ​ទេ​»​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួង​អប់រំ ដែល​បន្ថែមថា និស្សិត​ទាំងនោះ​មិនទាន់​ទទួលបាន​កាលបរិច្ឆេទ​ច្បាស់លាស់ ជុំវិញ​ការចាកចេញ​ទៅ​សិក្សា​នៅក្រៅ​ប្រទេស​ទាំង​៧​នោះឡើយ​។ 
 
 
​មន្ត្រី​អប់រំ​រូបនេះ បាន​បញ្ជាក់ថា និស្សិត​ខ្មែរ​ចំនួន​៤២១​នាក់​ដែល​មិនទាន់​អាច​ទៅ​សិក្សា​នៅក្រៅ​ប្រទេស​នា​ឆ្នាំ​២០២០​នេះ គឺមាន​ការថយចុះ​ពាក់កណ្តាល បើ​ប្រៀបធៀប​ពី​ឆ្នាំ​២០១៩ ដែលមាន​ដល់​ទៅ​៨១៥​នាក់ និង​បាន​ទៅ​សិក្សា​នៅ​ប្រទេស​ចំនួន​៣២​ប្រទេស​។  
 
​អ្នកនាំពាក្យ​ក្រសួង​អប់រំ បាន​ប្រាប់ថា ចំនួន​និស្សិត​ទាំង​៤២១​នាក់​នេះ គឺជា​និស្សិត​ដែល​ត្រូវបាន​ជ្រើសរើស​ដោយ​ក្រសួង និង​ត្រូវបាន​ឆ្លងកាត់​ការប្រឡង​ពី​ក្រសួង​។ មន្ត្រី​ជំនាញ​អប់រំ​រូបនេះ​បាន​ថ្លែងថា​៖«​និស្សិត​ដែល​ចេញទៅ​ក្រៅប្រទេស​ក្រោម​ច្រក​ក្រសួង​អប់រំ យុវជន និង​កីឡា​»​។  
 
​គិត​ចាប់ពី​ឆ្នាំ​១៩៨០ ដល់​ឆ្នាំ​២០២០​នេះ​មាន​និស្សិត​កម្ពុជា​ចំនួន​១៩,៥៤៦​នាក់ ក្នុងនោះ​ស្រី​៤,២២៨​នាក់ ទទួលបាន​អាហារូបករណ៍​ទៅ​សិក្សា​នៅក្រៅ​ប្រទេស​ចំនួន​៣២​ប្រទេស​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក រស់ សុ​វាចា​៕   
 

Tag:
 និស្សិត​
 ​បរទេស
© រក្សាសិទ្ធិដោយ thmeythmey.com