អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
២០២១៖ អង់គ្លេស បញ្ចប់ទំនាក់ទំនងជាមួយអឺរ៉ុបក្រោយរួមរស់៤៧ឆ្នាំ
01, Jan 2021 , 1:09 pm        
រូបភាព
រូបថត AFP
រូបថត AFP
ទីបំផុតទៅ ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបបានលែងលះគ្នាដាច់ស្រេចហើយនៅម៉ោង២៣យប់ (ម៉ោងនៅអង់គ្លេស) ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ អង់គ្លេស នឹងចាប់ផ្ដើមសករាជថ្មីជាមួយគោលនយោបាយឯករាជ្យទាំងសេដ្ឋកិច្ច នយោបាយ ពាណិជ្ជកម្ម និងការទូត ហើយលែងដើរតាមគោលការណ៍អឺរ៉ុបដូចមុន។ ដំណើរការរាំងស្ទះមួយចំនួន នឹងមាននៅរយៈពេលដំបូងនេះ។



នៅពេលទ្រនិចនាឡិកា Big Ben ក្នុងទីក្រុងឡុងដ៍វិលដល់ម៉ោង១១ យប់ វាជាសញ្ញាបង្ហាញថា ចក្រភពអង់គ្លេស លែងលះដាច់ស្រេចនឹងសហភាពអឺរ៉ុប បួនឆ្នាំកន្លះក្រោយការធ្វើប្រជាមតិមក។ ជាងបួនឆ្នាំមកនេះ ពាក្យ Brexit ជាប្រធានបទធំជាងគេក្នុងទំនាក់ទំនងរវាងភាគីទាំងពីរ រហូតដល់ការចាកចេញនៅដើមឆ្នាំ២០២០។ ប៉ុន្តែភាគីទាំងពីរ បន្តរក្សាទំនាក់ទំនងដូច៤៧ឆ្នាំមុនសិន ដើម្បីចរចារឿងពាណិជ្ជកម្ម ដែលទើបសម្រេចបានបីបួនថ្ងៃមុន។

អត្ថបទទាក់ទង
 

អង់គ្លេសក្លាយជាសមាជិកសហភាពអឺរ៉ុបផ្លូវការនៅឆ្នាំ១៩៧៣ ។ ប៉ុន្តែចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ អង់គ្លេសនឹងលែងជាសមាជិកទីផ្សារតែមួយរបស់អឺរ៉ុប និងសហភាពពន្ធគយរួមទៀតហើយ។ បញ្ញត្តិទាំងឡាយរបស់អឺរ៉ុប នឹងលែងមានប្រសិទ្ធភាពលើអង់គ្លេសទៀតហើយ ហើយក៏ជាបញ្ចប់ការធ្វើដំណើរដោយសេរីរវាងអង់គ្លេស និងប្រទេសសមាជិកសហភាពអឺរ៉ុប២៧ទៀតដែលមានមនុស្សជាង៥០០លាននាក់។

នាយករដ្ឋមន្រ្តីអង់គ្លេស បូរីស ចនសុន ដែលគាំទ្រការចាកចេញតាំងពីដើម បានអបអរព្រឹត្តិការណ៍នេះ។ លោកសន្យាថា អង់គ្លេសក្រោយការចាកចេញពីអឺរ៉ុប នឹងជាប្រទេសដែលបើកចំហ ចិត្តទូលាយ អនុវត្តពាណិជ្ជកម្មសេរី និងសម្លឹងទៅក្រៅ។

«យើងមានសេរីភាពក្នុងដៃ ហើយវាអាស្រ័យលើយើងដើម្បីប្រើប្រាស់វាឲ្យអស់លទ្ធភាព។» លោក ចនសុន និយាយបែបនេះ។ ប៉ុន្តែរឿងដែលគួរឲ្យចាប់អារម្មណ៍នោះ ឪពុកលោក ចនសុន គឺលោក ស្ទេនលី ចនសុន បានដាក់ពាក្យសុំសញ្ជាតិបារាំង ខណៈពលរដ្ឋអង់គ្លេសលែងអាចចេញចូលដោយសេរីក្នុងចំណោមប្រទេសអឺរ៉ុបឯទៀត។

ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង និយាយថា អង់គ្លេសនៅតែជាមិត្ត និងសម្ពន្ធមិត្តរបស់អឺរ៉ុបដដែល។ ប៉ុន្តែលោកប្រធានាធិបតីឆ្លៀតបរិហារ Brexit ថា ជាលទ្ធផលនៃការសន្យាកុហក និងមិនត្រឹមត្រូវ។ ប្រធានក្រុមចរចារបស់អឺរ៉ុបលោក Michel Barnier លើកឡើងថា នេះជាការលែងលះ ដែលមិនជារឿងត្រូវសាទរឡើយ៕ 

Tag:
 អង់គ្លេស
  Brexit
© រក្សាសិទ្ធិដោយ thmeythmey.com