ជាតិ
សង្គមជាតិ
បវេសនកាល​ឆ្នាំ​ថ្មី ៖ សិស្ស​រីករាយ និង​តាំងចិត្ត​ខិតខំ​សិក្សា បើ​ទោះ​កូ​វីដ​-១៩ បន្ត​គំរាមកំហែង
11, Jan 2021 , 4:24 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សិស្ស​នៅ​គ្រប់​កម្រិត ពី​ថ្នាក់​មេ​ត្ត​យ្យ​ដល់​ថ្នាក់មធ្យមសិក្សា បានបង្ហាញ​អារម្មណ៍​រីករាយ​នៅពេលដែល​ពួកគេ​បាន​វិល​ត្រឡប់មក​សិក្សា​ក្នុង​ថ្នាក់រៀន​ឡើងវិញ ក្រោយពី​ពួកគេ​ខកខាន​រៀន​ជា​យូរ​ខែ​មកហើយ​។ សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​នេះ ពួកគេ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​ថា ពួកគេ​នឹង​តាំងចិត្ត​ខិតខំ​រៀនសូត្រ​។

 
​សូម​អញ្ជើញ​តាមដាន​ទស្សនា​វីដេអូ​សម្ភាស​រវាង​កញ្ញា សៅ សុខ​អេង អ្នកសារព័ត៌មាន​ថ្មីៗ និង​សិស្សានុសិស្ស​នៅ​វិទ្យាល័យ​ជាស៊ីម​សន្ធរម៉ុក​ដូចតទៅ​៖ 

 
​យុវតី សក្កដា សុ​ផា​វីន ជា​សិស្ស​ឡើង​ថ្នាក់​ទី​៩​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​នៅ​វិទ្យាល័យ​ជាស៊ីម​សន្ធរម៉ុក ដែល​កំពុងតែ​ឈរ​រង់ចាំ​គ្រូ​ហៅ​ឈ្មោះ​ឲ្យ​ចូលរៀន បាន​បញ្ជាក់ថា ខ្លួន​សប្បាយរីករាយ​នឹង​ការវិល​ត្រឡប់មក​រៀន​នៅក្នុង​ថ្នាក់​វិញ​។ យុវតី​អាយុ​១៤​ឆ្នាំ​រូបនេះ បាន​និយាយថា ការ​ចូលរៀន​ឆ្នាំ​សិក្សា​ថ្មី​នេះ គឺ​ផ្តល់​ភាពងាយស្រួល​ដល់​សិស្ស​អាច​សិក្សា​បាន​ពេញលេញ​។ 
 
«​ខ្ញុំ​ទន្ទឹងរង់ចាំ​ថ្ងៃ​ហ្នឹង​យូរហើយ​។ ការរៀន​តាម​អន​ឡាញ ខ្ញុំ​រៀន​បាន​កម្រិត​មធ្យម ដោយសារ​ខ្ញុំ​ស្តាប់​គ្រូ​អត់​សូវ​បាន​។ ពេល​ខ្ញុំ​មាន​ចម្ងល់​អី ខ្ញុំ​ពិបាក​សួរ​គាត់​មែនទែន​។ ពេល​ខ្ញុំ​រៀន​ហ្នឹង ខ្ញុំ​រៀន​អត់​ល្អ​ដូច​នៅក្នុង​ថ្នាក់​ទេ​។ ពេល​ខ្ញុំ​រៀន​នៅក្នុង​ថ្នាក់​វា​ល្អ​ជាង​ដល់​ទៅ​៤០​ភាគរយ​»​។ នេះ​ការលើកឡើង​របស់​យុវតី សុ​ផា​វីន​។ 
 
​ទោះបី​ត្រេកអរ​នឹង​ការ​ចូលរៀន​វិញ យុវតី​រូបនេះ​ក៏​ព្រួយបារម្ភ​ពី​ជំងឺ​កូ​វីដ​-១៩​ដែរ​។ តែ​យ៉ាងណា​យុវតី​រូបនេះ​នៅតែ​ពេញ​ចិត្តនឹង​ការរៀន​ក្នុង​ថ្នាក់​ជាជាង​រៀន​តាម​អន​ឡាញ និង​ខិតខំ​យកចិត្តទុកដាក់​រៀនសូត្រ​បន្ថែមទៀត​។ យុវតី​ដែល​ពាក់​ម៉ាស់​ពណ៌​ខ្មៅ​រូបនេះ​បាន​និយាយថា​៖«​សម្រាប់​ឆ្នាំ​សិក្សា​ឆ្នា​ថ្មី​នេះ ខ្ញុំ​មានការ​តាំង​ចិត្តនឹង​ខិតខំ​ប្រឹងរៀន​សូត្រ​ឲ្យ​បាន​ខ្លាំង​ជាង​ឆ្នាំមុនៗ​»​។ 
 
​នឹក​មិត្តភក្តិ នឹក​គ្រូ និង​ថ្នាក់រៀន គឺជា​អារម្មណ៍​របស់​យុវ​សិស្ស ជៀម នរៈ​បញ្ញា ដែល​ចូលរៀន​ឆ្នាំ​សិក្សា​ថ្មី​នេះ​ត្រូវ​ឡើង​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​ជាស៊ីម​សន្ធរម៉ុក ដែល​បាន​ចូលរៀន​ដោយ​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​។ «​ខ្ញុំ​សប្បាយចិត្ត​ដោយបាន​ចូលរៀន​វិញ​។ ការរៀន​អន​ឡាញ ខ្ញុំ​អត់​សូវ​បាន​ចាប់បាន​។ ខ្ញុំ​រៀនទី​១១ ឆ្នាំមុន គឺ​ចាប់បាន​គ្រឹះ​តិច​មែនទែន​។ ខ្ញុំ​នឹក​មិត្តភក្តិ​ខ្ញុំ​ខ្លាំង ខ្ញុំ​ខាន​ជួប​យូរ​ដែរ​ហើយ​តាំងពី​ខែមីនា​ឆ្នាំ​២០២០»​។ នេះ​ជា​លើកឡើង​របស់ យុវ​សិស្ស នរៈ​បញ្ញា​ដោយ​បន្ថែមថា​ខ្លួន​នឹង​បន្ត​រៀនសូត្រ​ដើម្បី​ត្រៀមប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំនេះ​។​
 
​ចំណែក​យុវតី គន់ ស្រីនូ ដែលជា​សិស្ស​ដែល​ទើបតែ​ផ្លាស់​ពី​ខេត្ត​ត្បូង​ឃុំ​មក​រៀន​នៅ​វិទ្យាល័យ​ជាស៊ីម​សន្ធរម៉ុក​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​នេះ ត្រូវ​ឡើង​ថ្នាក់​ទី​១០ បាន​ទន្ទឹងរង់ចាំ​ការ​ចូលរៀន​ក្នុង​ថ្នាក់​វិញ​យូរហើយ ព្រោះ​ការរៀន​ជាមួយ​គ្រូ​ផ្ទាល់​នេះ វា​ជួយ​ឱ្យ ស្រីនូ ទទួលបាន​ចំណេះដឹង​ច្រើន ជាង​សិក្សា​តាម​អន​ឡាញ​។​
 
«​ថ្ងៃ​បើក​បវេសនកាល​ឆ្នាំ​ថ្មី​នេះ គឺជា​ថ្ងៃ​ថ្មី​សម្រាប់​ខ្ញុំ អ្វីៗ​គឺ​ថ្មីៗ​ទាំងអស់​។ ដូច្នេះ​ខ្ញុំ​នឹង​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ដើម្បី​គ្រួសារ ម៉ាក់​ប៉ា និង​ខ្លួនឯង​»​។ នេះ​ជាការ​លើកឡើង​របស់​យុវតី គន់ ស្រីនូ​។  
 
​នាឱកាស​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​បាន​ណែនាំ​ដល់​សិស្សានុសិស្ស​ទាំងអស់​ខិតខំ​សិក្សា​។ រដ្ឋាភិបាល​កម្ពុជា​បាន​ណែនាំ​ដល់​លោកគ្រូ អ្នកគ្រូ​បន្តធ្វើ​ជា​ឪពុកម្តាយ​ទី​២ សម្រាប់​បង្រៀន​សិស្សានុសិស្ស​។ ប្រមុខ​ដឹកនាំ​រូបនេះ​ក៏​ណែនាំ​ដល់​ឪពុកម្តាយ និង​អាណាព្យាបាល​សិស្ស​បន្ត​តាមដាន​លើ​ការសិក្សា​កូន​ផងដែរ​។ 
 
​គ្រឹះស្ថានសិក្សា​គ្រប់​កម្រិត​ទាំងអស់​សរុប​មាន​ចំនួន​១៨០០០ ក្នុងនោះ​មេ​ត្ត​យ្យ​សិក្សា​សហគមន៍​មាន​ចំនួន​៣០០០ គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ​សាធារណៈ​មាន​ចំនួន​១៣៥០០ គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ​ឯកជន​មាន​ចំនួន​១៥០០​។ សិស្ស​សរុប​មាន​ចំនួន​៣​លាន​៥​សែន​នាក់​។ ក្នុងនោះ​មាន​សិស្សស្រី​៤៩​ភាគរយ​។ នេះ​បើតាម​លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បាន​ថ្លែង​នៅក្នុង​ថ្ងៃ​បើកប​វេន​កាល​នៅ​វិទ្យាល័យ​អប់រំ​ពិសេស​កំពង់ចាម ខេត្តកំពង់ចាម​។ 
 
​បើតាម​លោក ហង់​ជួន ណា​រ៉ុ​ន ចំពោះ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​សរុប​មាន​ចំនួន​១២៥ ក្នុងនោះ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​សាធារណៈ​មាន​ចំនួន​៤៨ និង​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ឯកជន​មាន​ចំនួន​៧៧​។ សិស្ស​សរុប​ចំនួន​២១​ម៉ឺន​នាក់​៕ 
 
 
 
 
 
 

Tag:
 សិស្ស​
 ​បវេសនកាល​
 ​អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com