តុលាការ​កំពូល​ឥណ្ឌា បញ្ជា​ឲ្យ​ផ្អាក​ការអនុវត្ត​ច្បាប់​កសិកម្ម​ចំនួន​បី​ដែល​ចម្រូងចម្រាស​
អន្តរជាតិ
តុលាការ​កំពូល​ឥណ្ឌា បញ្ជា​ឲ្យ​ផ្អាក​ការអនុវត្ត​ច្បាប់​កសិកម្ម​ចំនួន​បី​ដែល​ចម្រូងចម្រាស​
13, Jan 2021 , 7:29 pm        
រូបភាព
បាតុកម្មរបស់កសិករឥណ្ឌា។ រូបភាព៖AFP
បាតុកម្មរបស់កសិករឥណ្ឌា។ រូបភាព៖AFP
​តុលាការ​កំពូល​ឥណ្ឌា នៅ​ថ្ងៃទី​១២ មករា បានចេញ​សេចក្តីសម្រេច​ផ្អាក​ការអនុវត្ត​ច្បាប់​កសិកម្ម​ចំនួន​បី​ដែល​ចម្រូងចម្រាស់​។ តុលាការ​កំពូល នឹង​បង្កើត​គណៈកម្មការ​ដើម្បី​ស្តាប់​ពី​ការតវ៉ា​របស់​កសិករ និង​ដោះស្រាយ​បញ្ហា​ដែលជា​ដើមហេតុ​នាំ​ឲ្យ​កសិករ​ឥណ្ឌា​រាប់ម៉ឺន​នាក់​បាន​ជួបជុំ​បាតុកម្ម​នៅ​រដ្ឋធានី​ញូវដែលី ដើម្បី​ប្រឆាំង​រដ្ឋាភិបាល​តាំងតែ​ពី​ខែវិច្ឆិកា ឆ្នាំ​២០២០​មកម្ល៉េះ​។​

 
​សេចក្តីសម្រេច​ក្នុង​ការព្យួរ​ការអនុម័ត​ច្បាប់ ធ្វើឡើង​ក្រោយ​តុលាការ​កំពូល​ពុំ​ពេញ​ចិត្តនឹង​នីតិវិធី​ធ្វើកំណែទម្រង់​ច្បាប់​ដោយ​រដ្ឋាភិបាល​របស់លោក​នាយករដ្ឋមន្ត្រី​នា​រិ​ន្ទ្រា ម៉ូ​ឌី ក៏ដូចជា​ខកចិត្ត​ទៅនឹង​វិធីសាស្ត្រ​ក្នុង​ការចរចា​របស់រ​ដ្ឋា​ភិ​បាល​ជាមួយ​បាតុករ​ជាច្រើនលើក​តែ​មិនអាច​ដោះស្រាយ​អ្វី​សោះ​។ ការអនុម័ត​ច្បាប់​ទាំងបី កាលពី​ខែកញ្ញា​ឆ្នាំ​២០២០ ធ្វើឡើង​យ៉ាង​រហ័ស និង​ដោយ​ពុំមាន​ការពិភាក្សា​ច្រើន​ឡើយ​ក្នុង​សភា​ទាំងពីរ​ថ្នាក់​។​
 
 
 
«​យើង​នឹង​ព្យួរ​ការអនុវត្ត​ច្បាប់​ទាំងបី រហូត​មាន​បញ្ជា​ថ្មី​ទៀត​»​។ នេះ​ជាការ​សម្រេច​របស់លោក Sharad Arvind Bobde ប្រធាន​ចៅ​ក្រុម​នៃ​តុលាការ​កំពូល​ឥណ្ឌា​ក្នុង​សេចក្ដីប្រកាស​ថ្ងៃទី​១២ ខែមករា​។ ចៅក្រម Bobde បន្តថា តុលាការ​កំពូល​មានអំណាច​ក្នុង​ការបង្កើត​គណៈកម្មកា​រ ហើយ​គណៈកម្មការ​នោះ​នឹង​ផ្តល់​របាយការណ៍​មក​តុលាការ​វិញ​។ ចៅក្រម Bobde អះអាងថា តុលាការ​កំពូល​នឹង​ការពារ​កសិករ​។​
 
​ខាង​ក្រុមបាតុករ​វិញ មាន​សុទិដ្ឋិនិយម​ចំពោះ​ការសម្រេច​នេះ​។ លោក Paramjeet Singh ប្រធាន​សហជីព​កសិក​រ​ឥណ្ឌា​ដែល​រៀបចំ​ការតវ៉ា​និយាយថា វិធានការ​របស់​តុលាការ​កំពូល មិនមែនជា​ជ័យជម្នះ​ឡើយ តែ​ការវិវត្ត​ដ៏​ល្អ​មួយ​។ លោក​ថា ក្រោយ​ការចេញ​បញ្ជា​របស់​តុលាការ រដ្ឋាភិបាល​ដ៏​ចចេស នឹង​បន្ទន់​ជំហរ​ខ្លះ​។​
 
​យ៉ាងណាមិញ លោក Himanshu សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ Jawaharlal Nehru ពុំ​សូវ​ជឿ​លើ​វិធានការ​របស់​តុលាការ​កំពូល​ឥណ្ឌា​ឡើយ និង​អះអាងថា តុលាការ​គ្មាន​សិទ្ធិ​លុប​ច្បាប់​ឡើយ ហើយ​បើ​ធ្វើបាន គឺ​ក្រោម​ហេតុផល​អធម្មនុញ្ញភាព​តែប៉ុណ្ណោះ​។​
 
​ច្បាប់​កសិកម្ម​ថ្មី​ដ៏​ចម្រូងចម្រាស តម្រូវ​ឲ្យ​កសិករ​លក់ក​សិ​ផលិតផល​ទៅ​ទីផ្សារ​ដោយផ្ទាល់​តែម្តង ដោយ​ពុំ​ចាំបាច់​លក់​ទៅ​ឲ្យ​អង្គភាព​រដ្ឋ​ដែលជា​អ្នកធានា​តម្លៃ​អប្បរ​មា​ឡើយ​។ កសិករ​ឥណ្ឌា​អះអាងថា ច្បាប់​នេះ​នឹងធ្វើ​ឲ្យ​តម្លៃ​ទំនិញ​ចុះថ្លៃ ក៏ដូចជា​បើកផ្លូវ​ឲ្យ​កសិដ្ឋាន​ធំៗ​វាយលុក​គ្របដណ្តប់​ទីផ្សារ​។ រដ្ឋាភិបាល​វិញ​អះអាងថា ច្បាប់​ថ្មី​នេះ ជា​កំណែទម្រង់​ចាំបាច់​សម្រាប់​វិស័យ​កសិកម្ម​ឥណ្ឌា​ដែល​នៅតែ​ជា​ជ​ន្ទ​ល់​សេដ្ឋកិច្ច​ប្រទេស​។ ប្រជាជន​ឥណ្ឌា​ប្រមាណ​៦០​ភាគរយ​ពឹងផ្អែក​ក្នុងការ​ប្រក​បរបរ​ចិញ្ចឹមជីវិត​។ កសិកម្ម​ឥណ្ឌា​មួយ​ភាគ​ធំ ស្ថិតនៅ​ភាគ​ខាងជើង​ប្រទេស​។​
 
​ចាប់តាំងពី​មាន​បាតុកម្ម​ប្រឆាំងនឹង​ច្បាប់​នេះ​មក រដ្ឋាភិបាល និង​តំណាង​កសិករ​បាន​ជួប​ច​ចារ​គ្នា​ចំនួន​ប្រាំបី​ដង​រួចមកហើយ​។ រដ្ឋាភិបាល​ឥណ្ឌា​បញ្ជាក់​ជំហរ​ថា នឹងមិន​លុប​ច្បាប់​នេះ​ចោល​ឡើយ ចំណែក​កសិករ​វិញ​អះអាងថា នឹង​បន្ត​បាតុកម្ម​រហូតដល់​ច្បាប់​នេះ​ត្រូវ​លុបចោល​។ ការចចារ​ត្រូវ​រំពឹងថា នឹងធ្វើ​ឡើង​នៅ​ថ្ងៃ​១៥ ខែមករា​ម្ដងទៀត​៕
 

Tag:
 ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com