អន្តរជាតិ
បក្ស​កុម្មុយនីស្ត​វៀតណាម​បើក​សមាជ​លើក​ទី​១៣ ជ្រើសរើស​មេដឹកនាំ​៥​ឆ្នាំ​ទៅមុខ​
25, Jan 2021 , 10:55 am        
រូបភាព
ការតុបតែងអំឡុងពេលសមាជបក្សកុម្មុយនីស្តវៀតណាម។ រូបភាព៖AFP
ការតុបតែងអំឡុងពេលសមាជបក្សកុម្មុយនីស្តវៀតណាម។ រូបភាព៖AFP
ដោយ:
​បក្ស​កុម្មុយនីស្ត​វៀតណាម បើក​សមាជ​លើក​ទី​១៣ ចាប់ពី​ថ្ងៃទី​២៥ មករា ដល់​ថ្ងៃទី​២ កុម្ភៈ​។ សមាជ​នេះ​នឹង​ត្រួតពិនិត្យ​លទ្ធផល​នៃ​គោលនយោបាយ​ដែល​បានអនុម័ត ជជែក​វែកញែក​គោលនយោបាយ​អភិវឌ្ឍ​ប្រទេស ក៏ដូចជា​ជ្រើ​រើស​ថ្នាក់ដឹកនាំ​កំពូល​ចំនួន​៤​ផងដែរ​។​



​សមាជ​បក្ស​កុម្មុយនីស្ត​វៀតណាម​ធ្វើឡើង​រៀងរាល់​៥​ឆ្នាំ​ម្តង ដោយ​ក្នុង​ឆ្នាំ​២០២១ ប្រតិភូ​ចំនួន​១,៥៨៧​រូបតំណាង​ឲ្យ​សមាជិក​បក្ស​ចំនួន​៥,១​លាន​នាក់ នឹង​ជួបជុំ​នៅ​រដ្ឋធានី​ហាណូយ​។ ទោះជា​ស្ថិតក្នុង​បិ​រប​ទ​នៃ​ជំងឺ​កូ​វីដ​-១៩​ក្តី សមាជ​លើក​ទី​១៣​នេះ មាន​ចំនួន​អ្នកចូលរួម​លើសពី​សមាជ​មុនៗ ដោយមាន​ការចូលរួម​ពី​តំណាង​ទូត តំណាង​អង្គការ​អន្តរជាតិ យុវជន​ឆ្នើម និង​បញ្ញាវន្ត​វៀតណាម​ជាដើម​។​
 
​នៅ​ថ្ងៃទី​២៥ មករា​ដែលជា​ថ្ងៃ​ដំបូង​នៃ​កិច្ចប្រជុំ សមាជ​នឹង​ពិនិត្យ​លើ​របៀបវារៈ ក៏ដូចជា​វិន័យ​ក្នុងការ​បោះឆ្នោត​។ សមាជ​លើក​ទី​១៣ នឹង​បើក​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២៦ មករា​ដោយមាន​រយៈពេល​៩​ថ្ងៃ ដោយ​ប្រតិភូ​បក្ស​នឹង​បោះឆ្នោត​ជ្រើសរើស​អគ្គលេខាធិការ​ប​ក្ស ប្រធានាធិបតី នាយករដ្ឋមន្ត្រី និង​ប្រធានសភា សម្រាប់​អាណត្តិ​ប្រាំ​ឆ្នាំ​។ បន្ថែម​ពីនេះ ប្រតិភូ​ក៏​ពិនិត្យ​ផងដែរ​ពី​របាយការណ៍ ស្តីពី​ការកសាង​បក្ស ការអនុវត្ត​ធម្មនុញ្ញ​បក្ស ការដឹកនាំ និង​ការគ្រប់គ្រង​គណៈ​មជ្ឈិមបក្ស​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុងក្រោយ​។ នេះ​យោងតាម​សារព័ត៌មាន​VN Express​។​
 
​ស្របពេល​នេះដែរ សមាជ​នឹង​ពិភាក្សា​ពី​គោលនយោបាយ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​សម្រាប់​ឆ្នាំ​២០២១ ដល់​ឆ្នាំ​២០២៥ តម្រង់​ទិសដៅ​អភិវឌ្ឍ​សម្រាប់​ឆ្នាំ​២០៣០ និង​ទស្សនវិស័យ​ឆ្នាំ​២០៤៥​។ នៅ​ឆ្នាំ​២០៣០ វៀតណាម​កំណត់​គោលដៅ​ក្នុង​ការសម្រេច​ឲ្យ​បាន​នូវ​គោលនយោបាយ​ឧស្សាហូបនីយកម្ម និង​ទំនើបកម្ម ដោយ​ប្រែ​ក្លាយទៅជា​ប្រទេស​ឧស្សាហកម្ម​ទំនើប​។ ចំណែក​ឆ្នាំ​២០៤៥ វៀតណាម​មានបំណង​ក្នុងការ​ប្រែក្លាយជា​ប្រទេស​ទំនើប និង​ឧស្សាហកម្ម​។​
 
​ដូច​សមាជ​រាល់ដង​ដែរ ការជ្រើសរើស​មេដឹកនាំ​កំពូល​ទាំង​៤ ការជ្រើសរើស​អគ្គលេខា​ធិ​ការ​បក្ស ប្រធានាធិបតី នាយករដ្ឋមន្ត្រី និង​ប្រធាន គឺជា​ចំណុច​ស្នូល និង​ជាការ​ចង់ដឹង​ឭ​របស់​ប្រជាជន​វៀតណាម​គ្រប់រូប​។ លោក​ង្វៀន ភូ​ជុង​ដែល​កាន់តំណែង​អគ្គលេខាធិការ​បក្ស និង​ប្រធានាធិបតី អាច​នឹង​ប្រជែង​កាន់តំណែង​មួយ​ក្នុងចំណោម​តំណែង​ទាំងពីរ​សម្រាប់​មួយ​អាណត្តិ​ទៀត​។ ចំណែក​លោកនាយក​រដ្ឋមន្ត្រី​ង្វៀន សួន​ហ្វ៊ុ​ក ត្រូវបាន​រំពឹងថា​អាច​នឹង​ប្រជែង​តំណែង​អគ្គលេខាធិការ​បក្ស ឬ​បន្ត​តំណែង​នាយករដ្ឋមន្ត្រី​អាណត្តិ​ទី​ពីរ​។​ចំណែក​លោកស្រី​ប្រធានសភា​ង្វៀន ធី គីម ងិន អាច​នឹង​ចុះ​ចេញពី​តំណែង ដើម្បី​ទៅ​ប្រកួតប្រជែង​តំណែង​អគ្គលេខាធិការ​បក្ស​ផងដែរ​។ 
 
​ក្រៅពី​បុគ្គល​ទាំង​៣​រូប​ខាងលើ ក៏មាន​ផងដែរ​រដ្ឋមន្ត្រី និង​មន្ត្រី​បក្ស​ដែល​ប្រជែង​យក​តំណែង​ទាំងនេះ​។ ជាក់ស្តែង​លោក Tran Quoc Vuong ដែលជា​ប្រធានការិយាល័យ​គណៈ​មជ្ឈិម ត្រូវបាន​រំពឹងថា​នឹង​ប្រជែង​តំណែង​អគ្គលេខាបក្ស​។ ចំណែក​លោក​Vuong Dinh Hue អតីត​ឧបនាយករដ្ឋមន្ត្រី និង​អតីតរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ និង​លោក​Truong Hoa Binh ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ ត្រូវបាន​ដឹងថា​ប្រជែង​នឹង​គ្នា​សម្រាប់​តំណែង​នាយករដ្ឋមន្ត្រី​។ ឯ​លោក​តូ ឡាំ រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​ជាតិ អាច​នឹង​ប្រជែង​ជាមួយ​លោក​ផាម ប៊ិ​ញ​មិញ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​សម្រាប់​តំណែង​ប្រធានាធិបតី​។ ចំពោះ​តំណែង​ប្រធានសភា​វិញ គេ​រំពឹងថា​លោកស្រី​Truong Thi Mai ប្រធាន​គណៈ​ចលនា​មហាជន និង​សមាជិក​គណៈ​មជ្ឈិម​អាច​នឹង​កាន់តំណែង​នេះ​៕
 

Tag:
 វៀតណាម​
© រក្សាសិទ្ធិដោយ thmeythmey.com