ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កឹម សុខា​៖ ទូត​អឺរ៉ុប សរសើរ​ចំពោះ​ភាព​អត់ធ្មត់​របស់ខ្ញុំ​
25, Jan 2021 , 4:55 pm        
រូបភាព
 
​ភ្នំពេញ​៖ លោក កឹម សុខា អះអាងថា សហភាព​អឺរ៉ុប កោតសរសើរ​ចំពោះ​ភាព​អត់ធ្មត់ និង​នយោបាយ​អហិង្សា​ខ្លួន​។ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ បាន​ជួប​លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា នៅ​គេហ​ដ្ឋា​ន​ខ្លួន នៅ​ថ្ងៃទី​២៥ មករា​។​


 
​ជំនួប​ដំបូង​របស់លោក កឹម សុខា ជាមួយ​អង្គទូត​អឺ​រ៉ុ​ប នៅ​ដើមឆ្នាំ​២០២១​នេះ គឺ​ផ្ដោតលើ​ការផ្លាស់ប្តូរ​នូវ​ទស្សនៈ គោលជំហរ និង​ព័ត៌មាន​គ្នា​ទៅវិញទៅមក ចំពោះ​ស្ថានភាព​បច្ចុប្បន្ន និង​ទៅ​អនាគត​។ «​យើង​ក៏​យល់ស្រប​គ្នា​ថា កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា និង សហគមន៍​អឺរ៉ុប​គួរតែ​ពង្រឹង​ឲ្យ​កាន់តែ​ប្រសើរឡើង ដើម្បី​ជា​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ទាំងសងខាង​»​។ នេះ​ជាការ​បញ្ចាក់​របស់លោក កឹម សុខា ដែល​សង្ខេប​កិច្ច​ពិភាក្សាគ្នា មក​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​។​
 
​ជាមួយគ្នានេះ លោក កឹម សុខា បាន​អះអាងថា ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប បាន​ស្ងប់​ស្ងែ​ង​ចំពោះ​នយោបាយ​អត់ធ្មត់​របស់​ខ្លួន​ផង​។ «​លោកជំទាវ​ឯកអគ្គរដ្ឋទូត​ក៏បាន​កោតសរសើរ​ផងដែរ ចំពោះ​ការតស៊ូ​ដោយ​អត់ធ្មត់​របស់ខ្ញុំ ដែល​ឃើញ​សកម្មភាព​របស់ខ្ញុំ​បាន​ជួយ និង​ជួប​ជិតស្និទ​ជាមួយ​ប្រជា​ពល​រដ្ន​នៅតាម​បណ្តា​ខេត្ត​កន្លងមក និង​ការប្តេជ្ញាចិត្ត​របស់ខ្ញុំ ដែល​«​នៅ​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ ក្នុង​មាតុភូមិ​កម្ពុជា ដោយ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍ អហិង្សា សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង ដោយ​តម្កល់​ផលប្រយោជន៍​ខ្មែរ​ជាធំ​ឥតមាន​កែប្រែ​ឡើយ​»​ទាំង​កន្លងមក បច្ចុប្បន្ន​និង​ទៅ​អនាគត​»​។ នេះ​ជាការ​បញ្ជាក់​របស់​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។​
 
​រយៈពេល​៣​ឆ្នាំ​ហើយ ដែល​លោក កឹម សុខា ត្រូវបាន​តុលាការ​ចោទ​ពីបទ «​គប់គិត​ជាមួយ​បរទេស​» កាលពី​ខែកញ្ញា ឆ្នាំ​២០១៧​មក​។ តុលាការ​បានចាប់ផ្ដើម​ដំណើរការ​ក្តី​លោក កឹម សុខា កាលពីដើមឆ្នាំ​២០២០​នេះ ប៉ុន្តែ​ត្រូវបាន​ផ្អាក​បណ្ដោះអាសន្ន​សិន​វិញ ដោយសារ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា ក៏ដូចជា​ពិភពលោក​៕
 

Tag:
 កឹម សុខា​
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com