ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកគាំទ្រ​នៅក្រៅ​ប្រទេស ធ្វើ​ពិធីបួងសួង​សុំ​ឲ្យ​លែង​លោក កឹម សុខា ក្នុង​ថ្ងៃ​ខួបកំណើត​របស់លោក
27, Jun 2018 , 4:29 pm        
រូបភាព
រូបពីហ្វេសបុក Kim Sokha
រូបពីហ្វេសបុក Kim Sokha
ដោយ: ថ្មីៗ
​ថ្ងៃទី​២៧ មិថុនា​នេះ ជា​ខួបកំណើត​របស់លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​។ វ័យ​របស់លោក ឈានចូល​៦៦​ឆ្នាំ​ហើយ ក្នុង​ឆ្នាំ​២០១៨​នេះ​។



​ក្នុង​ថ្ងៃ​ខួបកំណើត អ្នកគាំទ្រ​មួយចំនួន​នៅ​សហរដ្ឋអាមេរិក បាននាំគ្នា​ធ្វើ​ពិធីបួងសួង ដោយ​អុច​ទៀន​ជាច្រើន​ដើម ដើម្បី​សុំ​ឲ្យ​មានការ​ដោះលែង​លោក កឹម សុខា​។ ពួកគេ បាន​រៀប​ដើម​ទៀន​ទាំងនោះ ឲ្យ​ចេញ​ជា​អក្សរ​អង់គ្លេស​ថា Free Kem Sokha ដែល​មានន័យថា «​ផ្តល់​សេរីភាព​ជូន​លោក កឹម សុខា ឡើងវិញ​»​។

​តាមរយៈ​បណ្តាញ​ទំនាក់ទំនង Twitter កញ្ញា កឹម មនោ​វិទ្យា កូនស្រី​ច្បង​របស់លោក កឹម សុខា បាន​បង្ហោះ​រូប​ឪពុក ដែល​អង្គុយ​ក្នុង​រថយន្ត ហើយ​អើត​ចេញមកក្រៅ ដោយ​យក​ក្រមា​ជូត​លើ​មុខ​។ កញ្ញា បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖«​ជូត​ញើស ជាមួយនឹង​ស្នាមញញឹម​ដែល​គួរ​ឲ្យ​គោរព​ដឹងគុណ​។ រីករាយ​ថ្ងៃ​ខួបកំណើត លោកប៉ា​»​។​

​ឯ កញ្ញា កឹម សម្មា​ធីតា កូនស្រី​ពៅ​របស់លោក កឹម សុខា បាន​សរសេរ​លើ Twitter បែបនេះ​ថា​៖«​ឥឡូវ​លោកប៉ា អាយុ​៦៥ [​ឈានចូល​៦៦​ឆ្នាំ​ហើយ​] ហើយ​នៅតែ​បម្រើ [​ប្រជាពលរដ្ឋ​] ដោយ​មិនចេះ​នឿយហត់​»​។

​លោកស្រី តែ ច័ន្ទ​មនី ដែល​តែងតែ​ធ្វើដំណើរ​ជាមួយ​លោកស្រី តែ ច័ន្ទ​មនោ ភរិយា​លោក កឹម សុខា ពេល​ទៅ​ជួប​លោក កឹម សុខា នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ក្នុង​ខេត្ត​ត្បូងឃ្មុំ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​ថា សុខភាព​លោក កឹម សុខា គឺ​ធម្មតា ហើយ​ស្មារតី​របស់លោក នៅតែ​នឹងន​។ ប៉ុន្តែ លោកស្រី បញ្ជាក់ថា លោក កឹម សុខា នៅតែ​ឈឺ​ស្មា​ខាងស្តាំ​។
​លោកស្រី តែ ច័ន្ទ​មនី បាន​និយាយ​ដូច្នេះ​ថា​៖«​ខ្ញុំ​គ្រាន់តែ​ទៅ​កំដរ​ប្រពន្ធ​របស់គាត់​ប៉ុណ្ណោះ មិនបាន​ចូលជួប​គាត់​ផ្ទាល់​ទេ​។ តែ​ខ្ញុំ​ដឹង​តាម​ប្រពន្ធ​របស់គាត់​ថា សុខភាព​គាត់ ដូច​អត់​អី​ទេ​»​។ 

​ប​ច្ចុប្បន្ននេះ សំណុំរឿង​របស់លោក កឹម សុខា កំពុងស្ថិត​ក្នុងដំណាក់កាល​នៃ​ការ​ស៊ើបសួរ​។  កន្លងមក ចៅក្រម​ស៊ើបសួរ បាន​ទៅ​សួរ​លោក កឹម សុខា ដល់​ពន្ធនាគារ​ចំនួន​៣​លើក​រួចមកហើយ​។    

​ក្រោយមក ចៅក្រម​ស៊ើបសួរ ក៏​ផ្អាក​សួរ​លោក កឹម សុខា ដោយ​ងាក​មក​សួរ​សាក្សី​វិញ​ម្តង​។ ថ្មីៗ​នេះ ចៅក្រម​ស៊ើបសួរ បាន​ហៅ​មនុស្ស​ដល់​ទៅ​៨​នាក់​ឯណោះ ដោយមាន​ទាំង​មន្ត្រី​សង្គម​ស៊ីវិល​ផង​ដែរ ឲ្យ​ចូលទៅ​បំភ្លឺ​លើ​សំណុំរឿង​លោក កឹម សុខា​។ អ្នក​ទាំងនោះ មានដូចជា លោកស្រី ចក់ សុភាព នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) និង​លោក ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) ជាដើម​។​

​មកដល់ពេលនេះ​លោក កឹម សុខា បាន​ជាប់ពន្ធនាគារ​អស់​រយៈពេល​ប្រមាណ​ជា​១០​ខែ​ហើយ ដោយ​ស្ថិតនៅក្រោម​ការសង្ស័យរ​បស់​តុលាការ​ថា បាន​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ ព្រោះតែ​ទៅ​គប់គិត​ជាមួយ​បរទេស ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​៕ 

អត្ថបទទាក់ទង



Tag:
 កឹម សុខា​
© រក្សាសិទ្ធិដោយ thmeythmey.com