COVID-19
ជាតិ
សង្គមជាតិ
COVID-19៖ អាណាព្យាបាល​ព្រមាន​មិន​ឲ្យ​កូន​រៀន​តាម​អន​ឡាញ​៣​ខែ បើ​សាលារៀន​CIA មិន​បញ្ចុះតម្លៃ​តាម​បំណង​
25, Apr 2020 , 3:19 pm        
រូបភាព
​ទិដ្ឋ​ភាពអាណាព្យាបាលសិស្ស​ដែលបានមក​ទាម​ទារ​ដល់មុខ​សាលា​រៀនCIA FRIST International School ឲ្យបញ្ចុះតម្លៃ​លើ​ការ​បង់​ថ្លៃ​ការ​សិក្សា​តាមអនឡាញ​ នាព្រឹក​ថ្ងៃទី​២៥ ខែមេសា
​ទិដ្ឋ​ភាពអាណាព្យាបាលសិស្ស​ដែលបានមក​ទាម​ទារ​ដល់មុខ​សាលា​រៀនCIA FRIST International School ឲ្យបញ្ចុះតម្លៃ​លើ​ការ​បង់​ថ្លៃ​ការ​សិក្សា​តាមអនឡាញ​ នាព្រឹក​ថ្ងៃទី​២៥ ខែមេសា
ដោយ:
​ភ្នំពេញ​៖ អាណាព្យាបាល​សិស្ស​មួយចំនួន បាន​បន្ត​ទាមទារ​ឲ្យ​សាលា​CIA FIRST International School បញ្ចុះតម្លៃ​ត្រឹម​៥០​ភាគរយ លើ​ការបង់ថ្លៃ​សិក្សា​តាម​អន​ឡាញ​ក្នុងអំឡុង​កូ​វីដ​-១៩ នា​ព្រឹក​ថ្ងៃទី​២៥ ខែមេសា​នេះ ។ អាណាព្យាបាល​សិស្ស បាន​ប្រាប់​ដល់​សារព័ត៌មាន​ថ្មី​ថា បើ​ខាង​សាលា​នៅតែ​មិនអាច​សម្រេច​បញ្ចុះតម្លៃ​ត្រឹម​៥០​ភាគរយ តាម​ការស្នើសុំ​ទេ ពួកគេ​នឹង​ផ្តាច់ការ​បង់ថ្លៃ​សិក្សា​តាម​អន​ឡាញ​រយៈ​៣​ខែ​សិន​។​

 

«​រៀន​តាម​អន​ឡាញ គិត​តម្លៃ​៥០​ភាគរយ​» «​ពហិការ​រៀន​តាម​អន​ឡាញ បើ​នៅ​គិត​តម្លៃ​១០០​ភាគរយ​»​។ នេះ​ជា​សំណេរ​លើ​នៅ​ក្រដាស​របស់​អាណាព្យាបាល​សិស្ស​ប្រមាណ​១០០​នាក់ ដែល​បានទាមទារ​ឱ្យ​ខាង​សាលារៀន​បញ្ចុះ​ថ្លៃ​សិក្សា​សម្រាប់​កូនៗ​របស់​ពួកគេ​។​
 
​លោក ហេង តូច ដែលមាន​កូន​២​នាក់​រៀន​នៅ​សាលា CIA FIRST International School បាន​បញ្ជាក់ថា ការណ៍​ដែល​លោក​មក​ទាមទារ​ឲ្យ​សាលា​បញ្ចុះតម្លៃ​នេះ ដោយសារតែ​លោក​ខ្វះ​លទ្ធភាព​បង់ថ្លៃ​សាលា​កូន ក្រោយពី​លោក​ផ្អាក​មុខរបរ​រកស៊ី​២​ខែ​មកហើយ​។ មាន​សម្បុរ​ស្រអែម ពាក់​អាវយឺត ស្លៀកខោ​ប៊​យ បុរស​វ័យ​ជាង​៤០​ឆ្នាំ​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​ការចំណាយ​លើ​ការសិក្សា​កូន​របស់ខ្ញុំ​មួយខែ​វា​ចូល​ជិត​៨០០​ដុល្លារ​ហើយ ខ្ញុំ​សព្វថ្ងៃ​ផ្អាក​មុខរបរ​លក់​ស៊ុប​មួយរយៈ​សិន  ព្រោះតែ​វិបត្តិ​កូ​វីដ លក់​មិន​ដាច់  ដល់ពេល​អ៊ីចឹង​យើង​អត់​មាន​ចំណូល​សម្រាប់​ផ្គត់ផ្គង់​លើ​ការចំណាយ​ការសិក្សា​កូន​»​។​
 
​គិត​មក​ត្រឹម​ថ្ងៃទី​២៥ ខែមេសា​នេះ អាណាព្យាបាល​សិស្ស​បានមក​ទាមទារ​នៅមុខ​សាលា CIA FIRST International School ចំនួន​៤​លើក​ហើយ ខណៈ​ភាគី​សាលា​បានសម្រេច​បញ្ចុះតម្លៃ​ពី​១៥ ទៅ​២៥​ភាគរយ​ប៉ុណ្ណោះ​។ តែ​ពួកគេ​នៅតែ​មិន​សុខចិត្ត និង​បន្ត​ទាមទារ​ឲ្យ​សាលា​បញ្ចុះតម្លៃ​ត្រឹម​៤៥ ទៅ​៥០​ភាគរយ ទើប​ពួកគេ​ឯកភាព​ឲ្យ​កូន​រៀន​បន្ត​តាម​អន​ឡាញ​។​
 
​ស្ត្រី​ដែលជា​អាណាព្យាបាល​សិស្ស​ម្នាក់ទៀត​ដែល​សុំ​មិន​ប​ញ្ជេ​ញ​ឈ្មោះ បាន​មើលឃើញ​ពី​គុណភាព​ការរៀន​តាម​អន​ឡាញ​របស់​កូន ហាក់បី​មិនទាន់​ដល់​កម្រិត ដែល​សមស្រប​នឹង​ការចំណាយ​លើ​ការសិក្សា​កូន​ខ្លួន​ឡើយ​។ ស្ត្រី​រូបនេះ និយាយ​ដូច្នេះ​ថា​៖«​គុណភាព​រៀន​តាម​អន​ឡាញ មិន​ដូចនឹង​ការ​មក​រៀន​នៅ​សាលា​ផ្ទាល់​ទេ ចំពោះ​សាលា​ឲ្យ​យើង​បង់​១០០​ភាគរយ​វា​អត់​ត្រូវ​ទេ ព្រោះ​អ្វីៗ​គ្រប់យ៉ាង និង​ការចំណាយ​វា​ធ្លាក់​មកលើ​បន្ទុក និង​ខុសត្រូវ​លើ​ឪពុកម្តាយ​ទាំងអស់​។ ណាមួយ​ការរៀន​តាម​អន​ឡាញ​ក៏​ជួប​ផល​លំបាក​សម្រាប់​កូន​ខ្ញុំ​។​សេវា​អ៊ីនធឺណិត​ផ្ទះ​ខ្ញុំ​រៀង​យឺត  កូន​ខ្ញុំ​រៀន​តាម​អន​ឡាញ ចូលៗ ពេលខ្លះ​លាត​ចេញពី​ក្រុម​ដែល​កំពុងតែ​បង្រៀន​ហ្នឹង​។ ដូច្នេះ​ការរៀន​តាម​អន​ឡាញ​របស់​កូន​ខ្ញុំ​វា​មិន​ទៀងទាត់​ឡើយ »​។ 
 
​អាណាព្យាបាល​ទាំងពីរ​នាក់​ខាងលើនេះ គឺ​សុទ្ធតែ​សម្រេចចិត្តថា បើ​ខាង​សាលា​មិន​បញ្ចុះតម្លៃ​លើ​ការសិក្សា​តាម​អន​ឡាញ​ត្រឹម​៥០​ភាគរយ​ទេនោះ ពួកគេ​នឹង​បង្គំ​ចិត្ត​ផ្អាក​ការបង់ថ្លៃ​លើ​ការសិក្សា​តាម​អន​ឡាញ​រយៈពេល​៣​ខែ​សិន​។ 
 
​កន្លងមក​ភាគី​សាលារៀន​ក៏​ទទួលស្គាល់​ពី​ស្ថានភាព​ដ៏​លំបាក​របស់​អាណាព្យាបាល​សិស្ស​នេះ ប៉ុន្តែ​ពួកគេ ក៏មាន​ផល​លំបាក​ផ្ទាល់ខ្លួន​ដូចគ្នា​។ នោះ​គឺ​ការចំណាយ​លើ​បុគ្គលិក ការជួល​អគារ​សាលារៀន និង​កម្ចី​ធនាគារ ដែល​សង​វិញ​ជាដើម ។​
 
​ជុំវិញ​បញ្ហា​នេះ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួន ណា​រ៉ុ​ន អំពាវនាវ​ឱ្យ​អាណាព្យាបាល​សិស្ស និង​ម្ចាស់​សាលារៀន​ឯកជន សម្បទាន​គ្នា​ទៅវិញទៅមក លើ​ថ្លៃ​សិក្សា​របស់​សិស្ស នៅក្នុង​បរិបទ​វិបត្តិ​កូ​វីដ​១៩​នេះ​។ 
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក ហង់ ជួន ណា​រ៉ុ​ន បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖«​សុំឱ្យ​មានការ​យោគយល់​គ្នា ចរចា​គ្នា​រក​ដំណោះស្រាយ និង​សម្បទាន​គ្នា​ទៅវិញទៅមក ព្រោះ​អី​កូ​វីដ​ហ្នឹង ប៉ះពាល់​ទាំង​អាណាព្យាបាល និង​ម្ចាស់​សាលា​»៕
 
 
 
 

Tag:
 ​សិស្ស​
 ​ឪពុកម្តាយ​
 ​សិក្សា​
 ​អន​ឡាញ
© រក្សាសិទ្ធិដោយ thmeythmey.com