ជាតិ
សេដ្ឋកិច្ច
កម្ពុជា បន្តផ្អាកនាំចូលត្រីមួយប្រភេទទៀត ពីវៀតណាមជាបណ្តោះអាសន្ន
03, Feb 2021 , 1:50 pm        
រូបភាព
សកម្មភាពលក់ត្រីមួយកន្លែងនៅផ្សារបឹងត្របែក នៅថ្ងៃទី១៥មករា ឆ្នាំ២០២១។ រូបថត៖ អ៊ូ សុខមាន
សកម្មភាពលក់ត្រីមួយកន្លែងនៅផ្សារបឹងត្របែក នៅថ្ងៃទី១៥មករា ឆ្នាំ២០២១។ រូបថត៖ អ៊ូ សុខមាន
ភ្នំពេញ៖ កម្ពុជា នឹងបន្តផ្អាកនាំចូល ត្រីមួយប្រភេទទៀត ពីវៀតណាម ចាប់ពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១តទៅ។ បើតាមលោក ហាស់ សារ៉េត ប្រធានគណៈកម្មការជំរុញវារីវប្បកម្មកម្ពុជា ត្រីមួយប្រភេទទៀតដែល កម្ពុជានឹងផ្អាកនាំចូល ជាបណ្តោះអាសន្នពីវៀតណាមនោះ គឺជា«ត្រីរ៉ស់»។

អត្ថបទទាក់ទង
 

«ត្រីរ៉ស់របស់វៀតណាម យើងនឹងផ្អាកនាំចូលជាបណ្តោះអាសន្ន ពីថ្ងៃទី៥កុម្ភៈតទៅ»។ លោកហាស់ សារ៉េត បានលើកឡើងប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey)យ៉ាងដូច្នេះ ដោយបន្តថា ការផ្អាកនាំចូលត្រីប្រភេទនេះ ពីវៀតណាម គឺដើម្បីជំរុញការទិញនូវប្រភេទត្រីផ្សេងៗ ដូចជាត្រីឆ្តោជាដើម ពីអ្នកចិញ្ចឹមក្នុងស្រុក ដែលកំពុងកកស្ទះយ៉ាងច្រើននៅតាមស្រះ និងនៅតាមកសិដ្ឋានចិញ្ចឹមត្រីនានា។

លោក ហាស់ សារ៉េត បាននិយាយដូច្នេះ៖«យើងផ្អាកនាំចូលត្រីបណ្តោះអាសន្ននេះ គឺធ្វើសាកមើលថា តើយើងអាចដោះស្រោយបញ្ហាត្រីឆ្តោរបស់ពលរដ្ឋពលរដ្ឋយើងបានកម្រិតណា?។ យើងធ្វើអ៊ីចឹង! ដើម្បីដោះបន្ទុកត្រីឆ្ដោរបស់វារីវប្បករយើង»។

ដោយឡែក ចំពោះត្រីប្រា ត្រីពោ ត្រីអណ្តែង និងត្រីឆ្តោ កម្ពុជានៅតែបន្តផ្អាកនាំចូលពីវៀតណាម ដដែល។ បើតាមលោក ហាស់ សារ៉េត ការផ្អាកនាំចូលនូវប្រភេទត្រីទាំងនោះ គឺមិនទាន់មានថ្ងៃកំណត់ ឬរយៈពេលខ្លីណាមួយឡើយ ដោយរង់ចាំពិនិត្យលទ្ធភាពនៃការផ្គត់ផ្គង់ត្រីនានានៅលើទីផ្សារ របស់វារីវប្បករក្នុងស្រុក។ ជិត១ខែកន្លងមកហើយដែលកម្ពុជា បានផ្អាកនាំចូលត្រីទាំងនោះ ពីប្រទេសវៀតណាម ជាបណ្តោះអាសន្ននេះ ដើម្បីលើកកម្ពស់វារីវប្បករកម្ពុជា។

ការផ្អាកនាំចូលនូវប្រភេទត្រីខាងលើជាបណ្តោះអាសន្នកន្លងមកនេះ បានធ្វើឱ្យភាគីវៀតណាមសម្តែងការមិនពេញចិត្តជាខ្លាំងមកកម្ពុជា ដោយបានលើកឡើងថា កម្ពុជាគឺធ្វើផ្ទុយពីស្មារតីសេរីភាពភាវូបនីយកម្មពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោក(WTO) និងសហគមន៍សេដ្ឋកិច្ចអាស៊ាន(Asian) ដែលមានកម្ពុជា និងវៀតណាមជាសមាជិក។ ឆ្លើយតប នឹងការមិនពេញរបស់ភាគីវៀតណាមនេះ លោក ហាស់ សារ៉េត បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា ការផ្អាកនាំចូលត្រីពីវៀតណាម គឺកម្ពុជា ចង់សិក្សាពីសមត្ថភាពវារីវប្បករ ថាតើអាចមានលទ្ធភាពផ្គត់ផ្គង់តម្រូវការក្នុងស្រុកដោយខ្លួនឯងបានដែរទេ?

«យើងផ្អាកនាំចូលត្រីពីវៀតណាមជាបណ្តោះអាសន្ននេះ គឺគ្រាន់តែធ្វើក្នុងរយៈពេលខ្លីណាទេ ដើម្បីរៀបចំវិធានការគ្រប់គ្រងវារីវប្បកម្មផ្ទៃក្នុង»។ នេះបើតាមលោកហាស់ សារ៉េត ដែលបានរៀបរាប់ទៀតថា កម្ពុជានឹងបើកការនាំចូលត្រីពីវៀតណាមវិញជាធម្មតា ដោយគោរពតាមលក្ខខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក និងរវាងប្រទេសនៅក្នុងតំបន់ ក្រោយពេលកម្ពុជារៀបចំវិធានការនានារួច ក្នុងការគ្រប់គ្រងវារីវប្បកម្មផ្ទៃក្នុង។

ការបន្តសកម្មភាពផ្អាកនាំចូលត្រីពីប្រទេសវៀតណាមនេះ លោក ឡែមផូរ សុថាវរិទ្ធិ អ្នកទទួលបន្ទុកអភិវឌ្ឍវារីវប្បកម្មនៃសមាគមវារីវប្បករកម្ពុជា បានសាទរនឹងវិធានការជាបន្តបន្ទាប់ របស់គណៈកម្មការជំរុញវារីវប្បកម្មកម្ពុជានៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការដោះស្រោយបញ្ហាចំពោះមុខរបស់វារីវប្បករ ក៏ដូចជា កសិករដែលចិញ្ចឹមត្រីនានា នៅកម្ពុជាទាំងមូល។

លោក សុថាវរិទ្ធិ បានលើកឡើងថា ការផ្អាកនាំចូលត្រីរ៉ស់ពីវៀតណាមនេះ នឹងអាចជួយដោះស្រោយនូវប្រភេទត្រីឆ្តោរបស់វារីវប្បករនានាឱ្យលក់ដាច់ ព្រោះបច្ចុប្បន្នប្រភេទត្រីឆ្តោនៅកម្ពុជា គឺមានបរិមាណច្រើន។ បើតាមអ្នកទទួលបន្ទុកអភិវឌ្ឍវារីវប្បកម្មនៃសមាគមវារីវប្បករកម្ពុជារូបនេះ ការអនុញ្ញាតឱ្យមានការនាំចូលប្រភេទត្រីរ៉ស់ កន្លងមក មានឈ្មួញចំនួនលួចនាំចូលត្រីឆ្តោ ដែលកម្ពុជាហាមឃាត់។

លោក សុថាវរិទ្ធិ បានអះអាងប្រាក់សារព័ត៌មានថ្មីៗតាមទូរសព្ទ នាល្ងាចថ្ងៃទី២កុម្ភៈ ដូច្នេះ៖«ត្រីគ្រប់ប្រភេទរបស់វារីវប្បករយើង  គឺធានាបាននូវសុវត្ថិភាព គុណភាព និងតម្លៃ ជូនពលរដ្ឋយើងក្នុងការទទួលទានប្រចាំថ្ងៃ និងបង្កើនលទ្ធផលក្នុងការចិញ្ចឹមត្រី ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារយើង។

បច្ចុប្បន្ន បរិមាណរបស់ត្រីអណ្តែង ត្រីពោ ត្រីប្រា ត្រីឆ្តោ និងត្រីឆ្ពិនជាដើម សមាជិកសមាគមវារីវប្បករកម្ពុជា មានចំនួន១២០,៦៥០តោន ដែលអាចផ្គត់ផ្គង់ទីផ្សារបានក្នុងរយៈ៦ខែ ដោយចាប់ពីខែមករា មិថុនា ឆ្នាំ២០២១។ លោក ឡែមផូរ សុថាវរិទ្ធិ បានបញ្ជាក់ថា៖ «បរិមាណត្រីដែលយើងប្រមូលបាននេះ គឺបានតែពីកសិដ្ឋាននិងកន្លែងចិញ្ចឹមត្រី របស់ពលរដ្ឋយើងតែ២៥០កន្លែងប៉ុណ្ណោះ  ដោយនៅមានកន្លែងចិញ្ចឹមត្រីតូច-ធំរបស់ពលរដ្ឋយើងផ្សេងជាច្រើនទៀត ដែលខ្ញុំមិនទាន់ប្រមូលបាន»។

ក្នុងមួយខែទៅមួយខែ ចំនួនត្រីជាង១២ម៉ឺនតោននេះ អាចផ្គត់ផ្គង់ទីផ្សារពី៣,៥០០តោន ទៅ៤,៥០០តោន។ នេះបើតាមលោក ឡែមផូរ សុថាវរិទ្ធិ៕

Tag:
 ត្រី
  លោក ហាស់ សារ៉េត
© រក្សាសិទ្ធិដោយ thmeythmey.com