ជាតិ
សេដ្ឋកិច្ច
លោក សុថា​វរិ​ទ្ធិ​៖ ត្រី​ប្រា ត្រី​ពោ ត្រី​ឆ្តោ របស់​វា​រី​វប្បករ​កម្ពុជា​អាច​ផ្គត់ផ្គង់​ទីផ្សារ​គ្រប់​
15, Jan 2021 , 9:29 pm        
រូបភាព
លោក ឡែ​ម​ផូ​រ សុថា​វរិ​ទ្ធិ អ្នកទទួលបន្ទុក​អភិវឌ្ឍ​វារីវប្បកម្ម​នៃ​សមាគម​វា​រី​វប្បករ​កម្ពុជា​។ រូបថត​ឡែ​ម​ផូ​រ សុថា​វរិ​ទ្ធិ​
លោក ឡែ​ម​ផូ​រ សុថា​វរិ​ទ្ធិ អ្នកទទួលបន្ទុក​អភិវឌ្ឍ​វារីវប្បកម្ម​នៃ​សមាគម​វា​រី​វប្បករ​កម្ពុជា​។ រូបថត​ឡែ​ម​ផូ​រ សុថា​វរិ​ទ្ធិ​
​ភ្នំពេញ​៖ បន្ទាប់ពី​មានការ​អន្តរាគមន៍​ដោយផ្ទាល់​ពី​រដ្ឋមន្ត្រី​កសិកម្ម​លោក វេ​ង សាខុន ជា​បន្តបន្ទាប់ ក្នុងការ​ផ្អាក​នាំចូល​ត្រី​ប្រា ត្រី​ពោ ត្រី​ឆ្តោ និង​ត្រី​អណ្តែង​ពី​ប្រទេស​វៀតណាម នោះ លោក ឡែ​ម​ផូ​រ សុថា​វរិ​ទ្ធិ អ្នកទទួលបន្ទុក​អភិវឌ្ឍ​វារីវប្បកម្ម​នៃ​សមាគម​វា​រី​វប្បករ​កម្ពុជា បាន​អះអាងថា ចំពោះ​ប្រភេទ​ត្រី​ទាំងនេះ អ្នក​ចិញ្ចឹម​ត្រី​នៅ​កម្ពុជា​គឺអាច​ផ្គត់ផ្គង់​ទីផ្សារ​ឱ្យ​ខ្លួនឯងបាន​គ្រប់គ្រាន់ គ្រប់​រដូវ​កាល និង​រៀងរាល់ឆ្នាំ​។



 
​បើតាម​លោក សុថា​វរិ​ទ្ធិ វា​រី​វប្បករ​ក្នុងស្រុក​នីមួយៗ គឺមាន​លទ្ធភាព​ពេញលេញ​ក្នុងការ​ផលិត​ត្រី​ប្រា ត្រី​ពោ ត្រី​ឆ្តោ ដែលមាន​គុណភាព និង​សុវត្ថិភាព សម្រាប់​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ ដោយ​ពុំ​ចាំបាច់​នាំចូល​ត្រី​ប្រភេទ​ទាំងអស់នេះ ពី​វៀតណាម​ទៀតឡើយ​។ ស្របពេល​ជាមួយគ្នានេះ សហគម​វា​រី​វប្បករ​កម្ពុជា ក៏​កំពុង​ផ្សព្វផ្សាយ និង​ជំរុញ​ដល់​វា​រី​វប្បករ​នានា ឱ្យ​បង្កើន​ការចិញ្ចឹម​ត្រី​អណ្តែង សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ឱ្យបាន​គ្រប់គ្រាន់ ដើម្បី​សម្រេចបាន​ទាំងស្រុង​នូវ​ការឈប់​នាំចូល​ត្រី​នេះ ពី​វៀតណាម ផងដែរ​។​
 
«​បច្ចុប្បន្ន ប្រភេទ​ត្រី​[​ត្រី​ប្រា ត្រី​ពោ ត្រី​ឆ្តោ​] ដែល​ក្រសួងកសិកម្ម​យើង​កំពុង​បិទ​ការនាំ​ចូល​ពី​វៀតណាម គឺ​យើង​មានលទ្ធភាព​ទាំងស្រុង​តែម្តង ក្នុងការ​ផ្គត់ផ្គង់​ទីផ្សារ​យើង បាន​រាល់​ខែ រាល់​ឆ្នាំ​»​។ នេះ​ជាការ​លើកឡើង​របស់លោក សុថា​វរិ​ទ្ធិ ដោយបាន​បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ នា​ព្រឹក​ថ្ងៃទី​១៥​មករា ដូច្នេះ ៖«​ដោយឡែក ចំពោះ​ត្រី​អណ្តែង​វិញ ការចិញ្ចឹម​ក្នុងស្រុក​មិនទាន់​អាច​ផ្គត់ផ្គង់​ទីផ្សារ​បាន​គ្រប់គ្រាន់​ទេ អាច​ខ្វះខាត​ក្នុង​រយៈពេល​១​ឬ​២​ខែ  ប៉ុន្តែ​យើង​ក៏​កំពុង​ជំរុញ​ការចិញ្ចឹម​ត្រី​នេះ​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ​ឱ្យបាន​ពេញ​បូរ​បូរ​ណ៍ នាពេល​ដ៏​ខ្លី​ខាងមុខនេះ ផងដែរ​»​។ 
 
​អ្នកទទួលបន្ទុក​អភិវឌ្ឍ​វារីវប្បកម្ម​នៃ​សហគម​វា​រី​វប្បករ​កម្ពុជា បាន​បន្ថែមថា  សម្រាប់​ការចិញ្ចឹម​ត្រី​អណ្តែង វា​រី​វប្បករ ឬ​កសិករ ចំណាយ​រយៈពេល​ត្រឹមតែ​៦០​ថ្ងៃ ឬ​យ៉ាង​៧០​ថ្ងៃ​ប៉ុណ្ណោះ គឺអាច​ប្រមូល​ផល​លក់​នៅ​ទីផ្សារ​បាន​ហើយ​។ 


ត្រី​ពោ របស់​កសិករ​ដែលជា​សមាជិកសមាគម​វា​រី​វប្បករ​កម្ពុជា​។ រូបថត​៖ សមាគម​វា​រី​វប្បករ​កម្ពុជា​ 

​ចំពោះ​ការផ្គត់ផ្គង់​ត្រី​ប្រា ត្រី​ពោ ត្រី​ឆ្តោ និង​ត្រី​អណ្តែង​របស់​វា​រី​វប្បករ​ខ្មែរ នៅលើ​ទីផ្សារ​វិញ លោក សុថា​វរិ​ទ្ធិ ធានាថា នឹង​រក្សា​តម្លៃ​ដដែល​ជូន​ដល់​អតិថិជន​ឬ​អ្នក​បរិភោគ ដោយ​គ្មាន​ការដំឡើងថ្លៃ​ឡើយ ទោះបីជា​គ្មាន​ប្រកួតប្រជែង​ប្រភេទ​ត្រី​ទាំងអស់នេះ​ជាមួយ​វៀតណាម ក៏ដោយ​។ លោក សុថា​វរិ​ទ្ធិ បាន​បញ្ជាក់ថា សម្រាប់​ត្រី​អណ្តែង​ដែល​លក់រាយ​នៅលើ​ទីផ្សារ​នៅក្នុង​រយៈពេល​ជាង​១​ឆ្នាំ​មកនេះ មានតម្លៃ​ពី​៨​ពាន់​ទៅ​១​ម៉ឺន​រៀល ក្នុង​មួយ​គីឡូក្រាម ខណៈ​បច្ចុប្បន្ន​កសិករ​ដែល​ចិញ្ចឹម​ត្រី​នេះ​ទទួលបាន​ប្រាក់​ពី​ឈ្មួញ​ត្រឹម​៤​ពាន់​ប្រាំ​រយ​រៀល​ប៉ុណ្ណោះ ក្នុង​មួយ​គីឡូក្រាម​។ 
 
​បើតាម​លោក សុថា​វរិ​ទ្ធិ សព្វថ្ងៃ​សមាគម​វា​រី​វប្បករ​កម្ពុជា មាន​សមាជិក​ជាង​៣០០​គ្រួសារ​។ ក្នុងនោះ​សមាគម បាន​ប្រមូល​ទិន្នន័យ​ត្រី​(​ត្រី​ប្រា ត្រី​ពោ ត្រី​ឆ្តោ និង​ត្រី​អណ្តែង​)​បាន​ជាង​១,៧​ម៉ឺន​តោន ពី​សមាជិក ជិត​២០០​គ្រួសារ​ហើយ ខណៈ​សមាគម​វា​រី​វប្បករ​កម្ពុជា កំពុង​បន្តសកម្មភាព​ប្រមូល​ទិន្នន័យ​ត្រី​ពី​អ្នក​ចិញ្ចឹម​ត្រី​ដែល​ស្ថិតនៅក្នុង និង​ក្រៅ​សមាគម ជាច្រើន​រយ​គ្រួសារ​ទៀត​។ 
 
​សូមជម្រាបថា ក្រោយ​មានការ​ត្អូញត្អែរ​ពី​វា​រី​វប្បករ​កម្ពុជា​លើ​ការនាំ​ចូល​ត្រី​ពី​វៀតណាម​ដ៏​ច្រើន​លើសលុប កាលពី​ថ្ងៃទី​១៤​ធ្នូ ឆ្នាំ​២០២០  រដ្ឋមន្ត្រី​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បញ្ជា​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ពិសេស​ខាង​រដ្ឋបាល​ជល​ឱ្យ​តាមដាន​ត្រួតពិនិត្យ​ឱ្យ​ច្បាស់លាស់   និង​ទប់ស្កាត់ បទល្មើស​ការនាំ​ចូល​ផល​វារីវប្បកម្ម​ពី​ប្រទេស​វៀតណាម​។ លើស​នេះ​លោក វេ​ង សាខុន បានស្នើ​ឱ្យ​វា​រី​វប្បករ​កម្ពុជា ចុះ​ស្រង់​ស្ថិតិ​កសិដ្ឋាន​ចិញ្ចឹម​, កន្លែង​ចិញ្ចឹម និង​បណ្តុំ​អាជីវកម្ម​ផ្សេងៗ​ទៀត ដើម្បី​ដឹង​អំពី​បរិមាណ​ផ្គត់ផ្គង់​ត្រី​នៅក្នុង​ស្រុក ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ​ឱ្យមាន​តុល្យភាព​គ្នា​នៃ​ការ​នាំចូល​ត្រី​ពី​វៀតណាម​។ 
 


អាជីវករ​លក់​ត្រី​នានា នៅ​បរិមាណ​ផ្សារ​បឹងត្របែក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៥​មករា ឆ្នាំ​២០២១​។ រូបថត​៖ សុខ​មាន​

​រដ្ឋមន្ត្រី​កសិកម្ម ដាក់ចេញ​នូវ​វិធានការ​ដើម្បី​ទប់ស្កាត់​ការនាំ​ចូល​ត្រី​ប្រា ត្រី​ពោ ត្រី​ឆ្តោ និង​ត្រី​អណ្តែង​ពី​វៀតណាម​ជា​បន្ទាប់​បន្ត ដោយបាន​បង្កើត​គណៈកម្មកា​រ​ជំរុញ​វារីវប្បកម្ម​កម្ពុជា និង​បង្កើត​ក្រុម​ទប់ស្កាត់​ការ​នាំចូល​ផលិតផល​ជលផល​ខុសច្បាប់​មក​កម្ពុជា ដើម្បី​សម្រេចបាន​នូវ​ប្រសិទ្ធភាព ក្នុងការ​ផ្អាក​ឈ្មួញ​ឱ្យ​ឈប់​នាំចូល​ប្រភេទ​ត្រី​ដែល​ហាមឃាត់ ពី​ប្រទេស​វៀតណាម​។ 
​កាល​ឆ្នាំ​២០១៩ កម្ពុជា​នាំចូល​ត្រី​សរុប​ជាង​១,២​ម៉ឺន​តោន និង​រយៈពេល​ជិត​មួយឆ្នាំ​២០២០(​គិត​ត្រឹម​ថ្ងៃទី​២៥​ធ្នូ​) កម្ពុជា​បាន​នាំចូល​ត្រី​ជាង​១,៧​ម៉ឺន​តោន​៕
 

Tag:
 កសិកម្ម​
  ត្រី​
  សមាគម​វា​រី​វប្បករ​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com