COVID-19
ជាតិ
សាលារដ្ឋ និងឯកជន ក្នុងខេត្តកោះកុង ត្រូវផ្អាកបណ្តោះអាសន្ន
14, Mar 2021 , 9:47 am        
រូបភាព
រូបពីទំព័រហ្វេសប៊ុកវិទ្យាល័យកោះស្តេច
រូបពីទំព័រហ្វេសប៊ុកវិទ្យាល័យកោះស្តេច
ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចផ្អាកគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន នៅទូទាំងខេត្តកោះកុង ជាបណ្តោះអាសន្នសិន ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ ក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំ។  ក្រសួងអប់រំ បានបន្ថែមនៅក្នុងសេចក្តីជូនដំណឹងរបស់ខ្លួន ចេញផ្សាយនៅយប់ថ្ងៃទី១៣មីនា ទៀតថាគ្រឹះស្ថានសិក្សាទាំងអស់ ត្រូវបន្តបង្រៀនសិស្សតាមប្រព័ន្ធអនឡាញ។

 
គួរកត់សម្គាល់ថា កាលពីថ្ងៃទី១២ មីនា ក្រសួងបានសម្រេចបិទតែសាលារដ្ឋ និងឯកជន នៅក្នុងស្រុកគិរីសាគរ ក្នុងខេត្តកោះកុង ប៉ុណ្ណោះ ប៉ុន្តែដោយសារឆ្លងរាលដាលនៅតែកើតមាននៅក្នុងស្រុកមួយនេះ បង្ខំឱ្យក្រសួងសម្រេចសាលាទូទាំងខេត្តតែងម្តង។ 
 
គិតត្រឹមពេលនេះ មានរាជធានីភ្នំពេញ កណ្តាល ព្រៃវែង កោះកុង ដែលផ្អាកសាលារៀនរដ្ឋ និងឯកជន រួមទាំងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសទាំងអស់។ ចំណែកនៅព្រះសីហនុ និងសៀមរាប គឺគ្រាន់តែផ្អាកសាលារៀនមួយចំនួន ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ ចំពោះខេត្តកំពង់ចាម ដែលជាខេត្តគំរាមកំហែងពីជំងឺកូវីដ-១៩ដែរនោះ គឺគ្រាន់តែមានការផ្អាកគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស ប៉ុន្តែមិនទាន់មានការផ្អាកសាលារៀននៅឡើយទេ។

អត្ថបទទាក់ទង
 
 
គិតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប១៣០៥នាក់។ ករណីសហគមន៍២០កុម្ភៈ មានដល់ទៅ៧៩២ នាក់ ដែលស្ថិតក្នុងរាជធានីភ្នំពេញ កណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង កោះកុង កំពង់ធំ កំពង់ចាម សៀមរាប និងបាត់ដំបង។ អ្នកជំងឺចំនួន ៦៤៧នាក់ បានសះស្បើយ ខណៈអ្នកចំនួន ៦៥៦ នាក់ទៀត កំពុងបន្តសម្រាកព្យាបាល។ កាលពីថ្ងៃទី១១ខែមីនាកន្លងទៅ មានបុរសម្នាក់បានបាត់បង់ជីវិត៕

© រក្សាសិទ្ធិដោយ thmeythmey.com