ជាតិ
សង្គមជាតិ
អភិបាលខេត្តព្រះសីហនុ និងបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ផ្ទះជួល ម្ចាស់អាគារ បញ្ចុះតម្លៃ និងពន្យារពេលបង់ថ្លៃក្នុងបរិបទកូវីដ-១៩
29, Mar 2021 , 10:29 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ អភិបាលខេត្តព្រះសីហនុ និងបន្ទាយមានជ័យ បានអំពាវនាវដល់ម្ចាស់ផ្ទះជួល ម្ចាស់ផ្សារ ម្ចាស់តូប ម្ចាស់ធនាគារ និងម្ចាស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា បញ្ចុះតម្លៃ និងពន្យារការបង់ថ្លៃផ្សេងៗ រហូតដល់ស្ថានភាពជំងឺកូវីដ-១៩ធូរស្រាលឡើងវិញ។ លិខិតដោយឡែករបស់អភិបាលខេត្តទាំងពីរ បានចេញផ្សព្វផ្សាយនៅថ្ងៃទី២៩ មីនា។

 
លោក គួច ចំរើន បានបញ្ជាក់នៅក្នុងលិខិតថា រដ្ឋបាលខេត្តព្រះសីហនុសង្កេតឃើញម្ចាស់ផ្ទះជួល ម្ចាស់បន្ទប់ជួលសម្រាប់បុគ្គលិក កម្មករក្នុងវិស័យកាត់ដេរ និងផលិតស្បែកជើងខ្លះ បានចុះបញ្ចុះតម្លៃ៥០ភាគរយ ហើយខ្លះទៀតបញ្ចុះ៣០ភាគរយដល់អ្នកជួល។ 
 
អភិបាលខេត្តព្រះសីហនុរូបនេះ យល់ថា សកម្មភាពនេះ គឺជាការជួយសម្រួលដល់ជីវភាពពលរដ្ឋ ដែលមានការខ្វះខាត ដោយសារវិបត្តិកូវីដ-១៩។ ដូច្នេះលោក គួច ចំរើន ចង់ឃើញម្ចាស់ផ្ទះម្ចាស់អាគារផ្សេង ឬម្ចាស់ធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បន្តចូលរួមសកម្មភាពនេះឲ្យបានច្រើន ដើម្បីជួលសម្រួលបន្ទុករស់នៅរបស់ពលរដ្ឋក្នុងគ្រាដ៏លំបាកនេះ។ 


 
លោក គួច ចំរើន បានអំពាវនាវដល់ម្ចាស់ ផ្ទះជួល ម្ចាស់អាគារ ឬម្ចាស់ធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដូច្នេះថា៖«យោគយល់អធ្យាស្រ័យចំពោះការយឺតយាវក្នុងការបង់ថ្លៃឈ្នួលផ្ទះ ឈ្នួលបន្ទប់ ឈ្នួលតូប រាន ស្តង់លក់ដូរពីអ្នកលក់ដូរ ពីអ្នកខ្ចីប្រាក់ ដោយមិនគួរពិន័យឲ្យបង់ប្រាក់បន្ថែម ឬដកប្រាក់កក់មកទូទាត់សងថ្លៃប្រាក់ឈ្នួល ហើយគួរបន្តអនុញ្ញាតឲ្យពួកគាត់បានស្នាក់នៅ លក់ដូរបន្តទៀត មិនគួរបណ្តេញពួកគាត់ចេញ ឬបញ្ឈប់កិច្ចសន្យាជួល ឬដកហូតយកឯកសារ វត្ថុធានាផ្សេងៗដាក់លក់ឡាយឡុងឡើយ»។
 
ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យក៏បានចេញសេចក្តីអំពាវនាវនាថ្ងៃទី២៩ ខែមីនា ដល់ម្ចាស់ផ្ទះជួល និងម្ចាស់បន្ទប់នានានៅក្នុងខេត្តបន្ទាយមានជ័យ យោគយល់អធ្យាស្រ័យដល់អ្នកជួលផ្ទះ ឬជួលបន្ទប់ផងដែរ។ កាលពីថ្ងៃទី២៦ ខែមីនា សាលារាជធានីភ្នំពេញ ក៏បានអំពាវនាវបែបនេះផងដែរ។
 
កន្លងមកសម្ដេចនាយករដ្ឋមន្រី្ត ហ៊ុន សែន សរសើរទឹកចិត្តម្ចាស់ផ្ទះជួល ដែលអនុគ្រោះថ្លៃបង់ ដល់ពលរដ្ឋខ្វះខាត ពិសេសកម្មករនៅអំឡុងពេលប្រឈមនឹងវិបត្តិកូវីដ-១៩។ សម្ដេច ចង់ឃើញចលនាបែននេះឲ្យកាន់តែទូលំទូលាយទៀត៕ 
 
 

Tag:
 ផ្ទះ
 អាគារ
 កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com