អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោកវ៉ាង យី ថា ចិននិងកូរ៉េខាងត្បូង នឹងស្វែងរកសេចក្តីសម្រេចនយោបាយលើបញ្ហាឧបទ្វីបកូរ៉េ
03, Apr 2021 , 3:12 pm        
រូបភាព
ប្រមុខការទូតចិនលោកវ៉ាង យី។ រូបភាព៖ Xinhua
ប្រមុខការទូតចិនលោកវ៉ាង យី។ រូបភាព៖ Xinhua
 
ចិន និងកូរ៉េខាងត្បូង នឹងស្វែងរកនីតិវិធីមួយសម្រាប់សេចក្តីសម្រេចនយោបាយលើបញ្ហាឧបទ្វីបកូរ៉េ។ នេះបើតាមការលើកឡើងរបស់ប្រមុខការទូតចិន លោកវ៉ាង យី នៅថ្ងៃទី៣ ខែមេសា។ ជំនួបរវាងប្រមុខការទូតទាំងពីរ ធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីលចម្ងាយខ្លី ដែលទើបអភិវឌ្ឍថ្មីទៅក្នុងសមុទ្រជប៉ុន។ 


អត្ថបទទាក់ទង


ជាលើកដំបូងក្នុងដំណើរទស្សនកិច្ចទៅចិនចាប់ពីកាន់តំណែងក្នុងខែកុម្ភៈ រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោក Chung Eui-yong និងសមភាគីចិន លោកវ៉ាង យី បានជជែកលើបញ្ហាជាច្រើន ក្នុងនោះមានដូចជា ទំនាក់ទំនងទ្វេភាគី ពាណិជ្ជកម្ម ជាពិសេសបញ្ហាឧបទ្វីបកូរ៉េ។ មួយរយៈចុងក្រោយនេះ បញ្ហាកូរ៉េខាងជើង បានក្លាយជាប្រធានបទមួយដ៏ក្តៅ បន្ទាប់ពីក្រុងព្យុងយ៉ាង បានបាញ់សាកល្បងមីស៊ីល ដែលទើបអភិវឌ្ឍថ្មីចំនួនពីរគ្រាប់។

ក្នុងជំនួបនាទីក្រុង Xiamen ប្រទេសចិន ប្រមុខការទូតចិន លោកវ៉ាង ចាត់ទុកប្រទេសទាំងពីរ ជាតួអង្គដ៏សំខាន់ ដែលមានតួនាទីក្នុងការថែរក្សាសន្តិភាព ស្ថិរភាព ស្វែងរកការអភិវឌ្ឍរួមនៅក្នុងតំបន់ និងសន្តិសុខលើអភិបាលកិច្ចសកល។ «ចិន ជាមួយនឹងកូរ៉េខាងត្បូង នឹងស្វែងរកនីតិវិធីមួយសម្រាប់សេចក្តីសម្រេចនយោបាយលើបញ្ហាឧបទ្វីបកូរ៉េតាមរយៈកិច្ចចរចា»។ លោកវ៉ាង បានលើកឡើងបែបនេះ ដោយសង្កត់ធ្ងន់បន្ថែមថា ជំនួបរវាងប្រមុខការទូតប្រទេសទាំងពីរ គឺជាពេលវេលាដ៏ត្រឹមត្រូវ។

ជាការឆ្លើយតប លោក Chung  បានលើកឡើងថា ក្រុងសេអ៊ូល និងក្រុងប៉េកាំង មានគោលដៅរួមគ្នា ក្នុងការរំសាយកម្មវិធីនុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ។ ក្នុងន័យនេះ កូរ៉េខាងត្បូង បានចាត់ទុកចិន គឺជាតួអង្គដ៏សំខាន់ ក្នុងការគ្រប់គ្រងស្ថានភាពលើឧបទ្វីប, រក្សាស្ថិរភាព និងសន្តិភាព។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។

សូមបញ្ជាក់ថា មួយរយៈចុងក្រោយនេះ ប្រមុខការទូតចិន បានទៅទស្សនកិច្ចទៅប្រទេសជាច្រើន និងអញ្ជើញប្រមុខការទូតបណ្តាប្រទេសមួយចំនួនមកចិន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិ និងទំនាក់ទំនង ស្របពេលកំពុងមានភាពតានតឹងជាមួយអាមេរិក។ គួររំលឹកថា ទស្សនកិច្ចរបស់ប្រមុខការទូតកូរ៉េខាងត្បូង ទៅចិនលើកចុងក្រោយ គឺនៅខែវិច្ឆិកា ឆ្នាំ២០១៧ ដែលកាលនោះក៏ជជែកពីបញ្ហាកូរ៉េខាងជើងដែរ៕


Tag:
 ចិន
  កូរ៉េខាងត្បូង
  កូរ៉េខាងជើង
  ឧបទ្វីបកូរ៉េ
© រក្សាសិទ្ធិដោយ thmeythmey.com