អន្តរជាតិ
ចិន នឹងជួយឥណ្ឌា ក្នុងការប្រយុទ្ធជាមួយកូវីដ-១៩
27, Apr 2021 , 5:29 pm        
រូបភាព
គ្រួសារសពឥណ្ឌា អង្គុយនៅកន្លែងបូជាសពផ្ទុកកូវីដ-១៩ ក្នុងក្រុងញូវដែលី នៅថ្ងៃទី២៦ ខែមេសា។ រូបភាព៖ Reuters
គ្រួសារសពឥណ្ឌា អង្គុយនៅកន្លែងបូជាសពផ្ទុកកូវីដ-១៩ ក្នុងក្រុងញូវដែលី នៅថ្ងៃទី២៦ ខែមេសា។ រូបភាព៖ Reuters
ចិន នៅថ្ងៃទី២៦ ខែមេសា បានប្រកាសជួយរដ្ឋាភិបាលទីក្រុងញូវដេលី ក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ-១៩។ ការប្រកាសរបស់ចិននេះ ធ្វើឡើងស្របពេលឥណ្ឌាកំពុងតែរងគ្រោះដោយសារកូវិដ-១៩។


 
 
អាមេរិក អង់គ្លេស រុស្ស៊ី អាល្លឺម៉ង អឺរ៉ុប និងប្រទេសផ្សេងទៀត បានប្រកាសជួយឥណ្ឌាជាបន្តបន្ទាប់ ក្នុងការទប់ស្កាត់កូវីដ-១៩ និងជួយប្រជាជនឥណ្ឌា។ ខណៈឥណ្ឌាស្ថិតក្នុងស្ថានភាពលំបាក ដោយសារការរីកសាយកូវីដ-១៩ បែបនេះ ចិន ដែលជាប្រទេសជាប់របង និងជាគូជម្លោះផង ក៏មិននៅស្ងៀមឡើយ។  
 
ឆ្លើយសំណួរអ្នកសារព័ត៌មានទាក់ទិននឹងការរីកសាយកូវីដ-១៩ នៅឥណ្ឌា លោក Wang Xiaojian អ្នកនាំពាក្យស្ថានទូតចិនប្រចាំនៅប្រទេសអាស៊ីខាងត្បូងមួយនេះ បានលើកឡើងយ៉ាងដូច្នេះថា៖ «យើងនឹងលើកទឹកចិត្ត និងណែនាំឱ្យក្រុមហ៊ុនចិនសហការយ៉ាងសកម្មជាមួយឥណ្ឌា ដើម្បីទទួលបានសម្ភារវេជ្ជសាស្រ្ត»។ បើតាមលោក Wang ចិន នឹងជួយឥណ្ឌា ដោយផ្អែកទៅតាមតម្រូវការ។ 
 
នៅក្នុងការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua លោក Wangបានសង្កត់ធ្ងន់ថា កូវីដ-១៩ ជាសត្រូវរបស់មនុស្សជាតិទាំងអស់ ដែលទាមទារឱ្យមានសាមគ្គីភាពជាអន្តរជាតិ និងជួយគ្នាទៅវិញទៅមក។ ក្នុងន័យនេះ អ្នកនាំពាក្យស្ថានទូតចិនប្រចាំនៅឥណ្ឌា ក៏បានចូលរួមបង្ហាញក្តីអាណិតរដ្ឋាភិបាលឥណ្ឌា ដែលកំពុងជួបប្រទះនឹងស្ថានភាពលំបាកផងដែរ។ 
 
ក្នុងថ្ងៃដដែល ក្រសួងការបរទេសចិន ក៏បានប្រកាសជួយចិនដែរ ដោយអះអាងថា រដ្ឋាភិបាលចិន កំពុងតាមដានមើលស្ថានភាពរីកសាយកូវីដ-១៩ នៅឥណ្ឌា យ៉ាងម៉ត់ចត់។ ក្នងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេស ចិននឹងជួយឥណ្ឌាទៅតាមទៅតាមលទ្ធភាពដែលអាចធ្វើបាន។ 
 
មួយរយៈចុងក្រោយនេះ ករណីឆ្លងនៅឥណ្ឌា បានហក់ឡើងច្រើនជាង ៣០ម៉ឺនករណីក្នុងមួយថ្ងៃ។ ក្នុងថ្ងៃទី២៧ ខែមេសា ករណីឆ្លងកូវីដ-១៩ នៅឥណ្ឌា មានចំនួនជាង ៣២ម៉ឺនករណី និងអ្នកស្លាប់ចំនួន ២៧៧១នាក់។ ករណីឆ្លងសរុបរបស់ឥណ្ឌាមានចំនួនជិត ១៨លានករណី និងអ្នកស្លាប់ជិត ២០ម៉ឺននាក់។ 
 
ករណីឆ្លងហក់ឡើងបែបនេះ បានធ្វើឱ្យឥណ្ឌាខ្វះសម្ភារវេជ្ជសាស្រ្តស្ទើរតែគ្រប់មុខ ក្នុងនោះមានដូចជាអុកស៊ីសែន គ្រែអ្នកជំងឺ ម៉ាស៊ីនជំនួយដង្ហើម និងសម្ភារផ្សេងទៀត៕  
 

Tag:
 ចិន
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com