COVID-19
ជាតិ
កម្ពុជា ធ្លាប់មាន​ករណី​វីរុស​បំប្លែង​ពី​ឥណ្ឌា តែ​អ្នកជំងឺ​ជាសះស្បើយ​ហើយ​
11, May 2021 , 9:33 pm        
រូបភាព
ភ្នំពេញ​៖ កម្ពុជា​ធ្លាប់បាន​រកឃើញ​វីរុស​ប្រភេទ​ថ្មី​ពី​ឥណ្ឌា​(B.1.617) ចំនួន​១​ករណី ប៉ុន្តែ​អ្នកជំងឺ​បានជា​សះស្បើយ​ហើយ​។ នេះ​ជាការ​បញ្ជាក់​របស់លោក ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល តាមរយៈ​កិច្ច​សម្ភាស​មួយ​ជាមួយ​ទូរទស្សន៍ BTV នៅ​យប់​ថ្ងៃទី​១១ ឧសភា​នេះ​។ អ្នកនាំពាក្យ​រូបនេះ​បញ្ជាក់ទៀតថា វីរុស​បំប្លែង​ពី​ប្រទេស​ឥណ្ឌា នៅ​មិនទាន់​រីកសាយ​ភាយ​នៅក្នុង​ប្រទេស​កម្ពុជា​នៅឡើយ​ទេ​។​

 
 
​តាមរយៈ​កិច្ច​សម្ភាស​ដដែល លោកស្រី ឱ វណ្ណឌី​ន បញ្ជាក់ថា វីរុស​កូ​វីដ​-១៩ បំប្លែង​ពី​ឥណ្ឌា ត្រូវបាន​រកឃើញ​នៅ​កម្ពុជា​តាំងពី​ថ្ងៃទី ២៥ ខែមេសា​មកម្ល៉េះ​លើ​អ្នកដំណើរ​បរទេស ហើយ​មកទល់ពេលនេះ ហើយ​អ្នកជំងឺ​រូបនោះ ក៏បាន​សះស្បើយ​ហើយ​ដែរ​។ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បន្ថែម​ដូច្នេះ​៖ «​យើង​រក​ឃើញតែ​១​ករណី ហើយក៏​ជា​ករណី​នាំចូល ហើយ​គាត់​ក៏បាន​ជាសះស្បើយ​រួចទៅហើយ​ដែរ​។ យើង​ក៏​មិនទាន់​ឃើញថា​មានការ​រីកសាយ​ភាយ នៅក្នុង​ប្រទេស​យើង​នេះ​នៅឡើយ​ទេ​»​។ 
 
​ទោះជា​មិនទាន់​ករណី​ឆ្លង​រីក​សាយភាយ​នៅក្នុង​ប្រទេស​កម្ពុជា ក៏ដោយ​ប៉ុន្តែ​វីរុស​កូ​វីដ​-១៩ បំប្លែង​ខ្លួន​ពី​ឥណ្ឌា​នេះ កំពុងមាន​វត្ត​មាននៅ​ក្នុង​បណ្តា​ប្រទេស​អាស៊ាន​ជាច្រើន​រួមមាន វៀតណាម ថៃ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហ​បុរី និង​ហ្វីលីពីន​។  មានតែ​ឡាវ មី​យ៉ាន់​ម៉ា និង​ព្រុយ​ណេ​ប៉ុណ្ណោះ ដែល​មិនទាន់​ប្រកាស​រកឃើញ​វីរុស​បំប្លែង​ខ្លួន​ពី​ឥណ្ឌា​(B.1.617)​។  កូ​វីដ​-១៩ បំប្លែង​ខ្លួន​ថ្មី​ល្បី​ខាង​ឆ្លង​រហ័ស ចម្លង​លឿន និង​អាច​គេច​ពី​ប្រព័ន្ធ​ការពារ​ផង​នោះ ត្រូវបាន​អង្គការ​សុខភាព​ពិភពលោក  ចាត់ទុកជា​ប្រភេទ​ធ្វើឱ្យមាន​ក្ដីបារម្ភ​នៅ​កម្រិត​ពិភពលោក​( Variant of Concern)​។  វីរុស​បំប្លែង​ថ្មី​ចំនួន ៣​ប្រភេទ​ទៀត ដែល​ស្ថិតក្នុង​ថ្នាក់​នេះដែរ មាន​វីរុស​បំប្លែង​ខ្លួន​នៅ​អាហ្វ្រិក​ខាងត្បូង នៅ​ប្រេ​ស៊ី​ល និង​អង់គ្លេស​។ 
 
 
​ក្រៅពី​បញ្ជាក់​ពី​វត្តមាន​វីរុស​កូ​វីដ​-១៩ ប្រភេទ​បំប្លែង​ថ្មី​ដែលមាន​ប្រភពពី​ប្រទេស​ឥណ្ឌា អ្នកជំនាញ​រូបនេះ ក៏បាន​លើកឡើង​ជាថ្មី​ដែរ ចំពោះ​ប្រភេទ​វីរុស​កូ​វីដ​-១៩​ថ្មី ដែលមាន​ប្រភពពី​អង់គ្លេស (B.1.1.7) ដែល​កំពុងតែ​រីក​រាលដាល​យ៉ាងសកម្ម និង​ខ្លាំងក្លា​នៅក្នុង​ប្រទេស​កម្ពុជា​។ លោកស្រី ឱ វណ្ណឌី​ន បាន​បញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​៩ ឧសភា កម្ពុជា​បាន​រកឃើញ​ប្រភេទ​វី​រ៉ុ​ស​បំ​ប្លែ​ថ្មី​ពី​អង់គ្លេស​នេះ លើ​អ្នកជំងឺ​កូ​វីដ​-១៩ សរុប​១២១​នាក់​ហើយ ចាប់តាំងពី​រកឃើញ​ដំបូង​លើ​អ្នកដំណើរ​បរទេស​៣​នាក់ កាលពី​ថ្ងៃទី​១៤​កុម្ភៈ​មកម្ល៉េះ​។​
 
​សូមបញ្ជាក់ថា បច្ចុប្បន្ន កម្ពុ​ជាមាន​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប ២០ ២២៣​នាក់​ហើយ ដោយ​ករណី​នាំចូល​មាន​៥៨៨​ករណី​។ ចំណែក​អ្នកជា​សះស្បើយ​៨ ១៧០​នាក់ ខណៈ​អ្នកស្លាប់​កើន​ដល់ ១៣១​នាក់​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com