កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo នឹងបំបែកកំណត់ត្រារបស់ Platini បើស៊ុតចូលទីឱ្យព័រទុហ្កាល់យប់នេះ
15, Jun 2021 , 4:19 pm        
រូបភាព
euro record
euro record
Cristiano Ronaldo និងលោក Michel Platini ជាអ្នករកគ្រាប់បាល់បញ្ចូលទីបានច្រើនជាងគេបំផុតក្នុងពានរង្វាន់ UEFA European។ សម្រាប់ក្រុមជម្រើសជាតិព័រទុយហ្កាល់ Ronaldo រកបាន៩គ្រាប់ ខណៈ Platini សម្រេចបាន៩គ្រាប់ផងដែរសម្រាប់ក្រុមបារាំង។ ប្រធានក្រុមព័រទុយហ្កាល់ Ronaldo មានឱកាសច្រើនដើម្បីបំបែកកំណត់ត្រាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេ របស់អតីតសមាជិកក្រុមមាន់គក Platini ក្នុងព្រឹត្តិការណ៍ Euro 2020 នេះ។


 
គិតមកដល់ពេលនេះ ចំណោមកីឡាករ១០រូបដែលស្ថិតក្នុង Top 10 ក្នុងនាមអ្នកស៊ុតបញ្ចូលទីច្រើនជាងគេបំផុតក្នុងពានរង្វាន់ប្រចាំទ្វីបអឺរ៉ុបមាន Cristiano Ronaldo និង Michel Platini ៩គ្រាប់ស្មើគ្នា តាមពីក្រោយដោយ Alan Shearer អតីតខ្សែប្រយុទ្ធអង់គ្លេស (៧គ្រាប់) Wayne Rooney អតីតខ្សែប្រយុទ្ធអង់គ្លេស (៦គ្រាប់) Antoine Griezmann បារាំង (៦គ្រាប់) Thierry Henry អតីតជម្រើសជាតិបារាំង (៦គ្រាប់) Patrick Kluivert និង Ruud van Nistelrooy អតីតជម្រើសជាតិហូឡង់ (៧គ្រាប់ដូចគ្នា) Nuno Gomes អតីតជម្រើសជាតិព័រទុយហ្កាល់ (៦គ្រាប់) និង Zlatan Ibrahimović ខ្សែប្រយុទ្ធស៊ុយអែត រកបាន៦គ្រាប់ផងដែរ។
 
ប្រសិនបើ Ronaldo ដែលសព្វថ្ងៃមានវ័យ៣៦ឆ្នាំ អាចរកគ្រាប់បន្ថែមនៅពេលម្ចាស់ការពារតំណែងជើងឯកព័រទុយហ្កាល់ ប៉ះហុងគ្រីសម្រាប់ជំនួបបើកឆាកពូល F នៅយប់ថ្ងៃទី១៥ ខែមិថុនា នោះខ្សែប្រយុទ្ធ Juventus រូបនេះនឹងបំបែកកំណត់ត្រាអ្នករកគ្រាប់ច្រើនជាងគេពីលោក Platini ដែលមានវ័យ៦៥ឆ្នាំ។
 
ដោយឡែក Antoine Griezmann ខ្សែប្រយុទ្ធក្រុម Barcelona ក៏មានឱកាសតាមស្មើកំណត់ត្រា ឬបំបែកកំណត់ត្រាអ្នកស៊ុតបញ្ចូលទីច្រើននៅព្រឹត្តិការណ៍អឺរ៉ុប ឆ្នាំ២០២១ នេះដូចគ្នា។ Griezmann ដែលរកបាន៦គ្រាប់ នឹងត្រូវជួយមាន់គកបារាំងតទល់ជាមួយអាល្លឺម៉ង់ នៅវេលាម៉ោង ២:០០នាទីអាធ្រាត្រ ពោលក្រោយជំនួបរវាងព័រទុយហ្កាល់និងហុងគ្រីរួច។ ក្រុមទាំង៤នេះស្ថិតនៅពូល F ជាមួយគ្នា។
 

Tag:
 Cristiano Ronaldo
  Michel Platini
  Euro 2020
© រក្សាសិទ្ធិដោយ thmeythmey.com