កីឡាអន្តរជាតិ
អន្តរជាតិ
ជប៉ុន សម្រុកចាក់វ៉ាក់សាំងឱ្យអ្នកស្ម័គ្រចិត្ត និងមន្ត្រីអូឡាំពិក មុនបើកព្រឹត្តិការណ៍៥សប្តាហ៍
19, Jun 2021 , 1:29 pm        
រូបភាព
អ្នកធ្វើការងារស្ម័គ្រចិត្ត និងមន្ត្រីក្នុងព្រឹត្តិការណ៍អូឡាំពិករាប់ពាន់នាក់ ទទួលការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ នៅក្រុងតូក្យូ ខណៈព្រឹត្តិការណ៍នៅសល់៥សប្តាហ៍។ យ៉ាងណាក៏ដោយ អ្នកជំនាញព្រមានថាព្រឹត្តិការណ៍ដំណើរទៅបានដោយសុវត្ថិភាព លុះត្រាគ្មានអ្នកគាំទ្រចូលកីឡដ្ឋាន។


ដោយប្រើពេលតែជាងមួយខែ រហូតដល់ពិធីបើកការប្រកួតផ្លូវការនៅថ្ងៃទី២៣ ខែកក្កដា អ្នករៀបចំកម្មវីធីកីឡាលំដាប់ពិភពលោក បានសម្រុកចាក់វ៉ាក់សាំងដល់អ្នកពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ឱ្យបានទាន់ពេលវេលា គិតចាប់ពីថ្ងៃទី១៨ ខែមិថុនាតទៅ។
 
អត្តពលិកអូឡាំពិកជប៉ុនបានទទួលការចាក់វ៉ាក់សាំងរួចហើយ ខណៈសមាជិកបុគ្គលិក អ្នកធ្វើការស្ម័គ្រចិត្ត និងអ្នកពាក់ព័ន្ធដទៃទៀតនឹងត្រូវសម្រុកចាក់ជាបន្តបន្ទាប់។ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានបរិច្ចាគវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech សម្រាប់មនុស្ស ៤០០០០នាក់ ដែលរួមមានទាំងបុគ្គលិកព្រលានយន្តហោះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងអាជ្ញាកណ្តាលនៅអូឡាំពិក។
 
ស្របពេលគ្នានេះដែរ កីឡាអូឡាំពិកដែលត្រូវពន្យារពេល១ឆ្នាំដោយសារកូវីដ-១៩ ក៏ប្រឈមមុខនឹងការសម្រេចចិត្តដ៏ចម្រូងចម្រាសផងដែរ ជុំវិញការអនុញ្ញាតឱ្យអ្នកគាំទ្រក្នុងស្រុកចូលកីឡដ្ឋាន ឬក៏អត់នោះ។
 
អ្នកជំនាញខាងផ្នែគសុខាភិបាលមួយចំនូននៅប្រទេសជប៉ុន ព្រមានថាអូឡាំពិកក្រុងតូក្យូឆ្នាំ២០២០ គួរដំណើរដោយគ្មានអ្នកគាំទ្រផ្ទាល់ ដើម្បីសុខុមាលភាពអ្នកចូលរួមទាំងអស់ ជាពិសេសអត្តពលិកដែលត្រូវមានកាតព្វកិច្ចប្រកួតប្រជែង។
 
រហូតមកទល់ពេលនេះ ជប៉ុនកំពុងបន្តប្រយុទ្ធប្រឆាំងនឹងការឆ្លងកូវីដ-១៩ បំប្លែងថ្មី ដែលធ្វើឱ្យក្រុងតូក្យូ និងក្រុងដទៃទៀតស្ថិតក្នុងភាពអាសន្ន។ ម៉្យាង ជប៉ុនមានចំនួនអ្នកចាក់វ៉ាក់សាំងតិចតួចប៉ុណ្ណោះ បើទោះប្រទេសនេះស្ថិតក្នុងចំណោមប្រទេសអ្នកមានលើលោកក៏ដោយ៕
 

Tag:
 Olympic
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com