ជាតិ
សង្គមជាតិ
យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ បានពង្រីកទៅដល់ខេត្តកំពង់ស្ពឺ និងតាកែវហើយ
23, Jun 2021 , 7:59 pm        
រូបភាព
ទិដ្ឋភាពពលរដ្ឋនៅខេត្តកំពង់ស្ពឺកំពុងចាក់វ៉ាក់សាំងកូវីដ-១៩ រូបភាពពីលោកស្រី ឡុង បូណារេត អភិបាលរងខេត្តកំពង់ស្ពឺ
ទិដ្ឋភាពពលរដ្ឋនៅខេត្តកំពង់ស្ពឺកំពុងចាក់វ៉ាក់សាំងកូវីដ-១៩ រូបភាពពីលោកស្រី ឡុង បូណារេត អភិបាលរងខេត្តកំពង់ស្ពឺ
ដោយ:
ភ្នំពេញ៖ រដ្ឋបាលខេត្តតាកែវ និងកំពង់ស្ពឺ បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ជូនពលរដ្ឋហើយ ដោយចាប់ផ្តើមនៅថ្ងៃទី២២ខែមិថុនាដូចគ្នា។ យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នៅខេត្តតាកែវ ចាប់ផ្តើមនៅក្នុងស្រុកចំនួន៣សិនដែលកំពុងរងការគំរាមកំហែងខ្លាំងពីជំងឺកូវីដ-១៩ ដែលមានស្រុកបាទី, សំរោង និងស្រុកត្រាំកក់។ ចំណែកនៅខេត្តកំពង់ស្ពឺ យុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋ នឹងធ្វើឡើងក្នុងក្របខណ្ឌទូទាំងខេត្ត។


យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងខេត្តតាកែវ គឺចាក់ជូនតែពលរដ្ឋនៅស្រុកបាទី ស្រុកសំរោង និងស្រុកត្រាំកក់សិនប៉ុណ្ណោះ ព្រោះជំងឺកូវីដ-១៩ កំពុងរាតត្បាតខ្លាំងនៅក្នុងស្រុកទាំង៣នេះ។ នេះបើតាមលោក លី សាវេត អភិបាលរងខេត្តតាកែវ ដោយលោកបានបន្ថែមថា ជំហានដំបូងក្រសួងការពារជាតិ និងរដ្ឋបាលខេត្ត រួមគ្នាបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនពលរដ្ឋនៅស្រុកចំនួន២ ដែលរងការគំរាមកំហែងខ្លាំងពីកូវីដ-១៩ គឺពលរដ្ឋនៅស្រុកបាទី ស្រុកសំរោង នឹងទទួលបានវ៉ាក់សាំងមុន បន្ទាប់មកទៀតចាក់វ៉ាក់សាំង នឹងបន្តទៅកាន់ស្រុកត្រាំកក់។  លោក លី សាវេត បញ្ជាក់ដូច្នេះ៖ «ស្រុកទាំង៣មានការប្រឈមឆ្លងខ្លាំង ស្រុកហ្នឹងមានកម្មកររោងចក្រច្រើន មានពលរដ្ឋច្រើន។ ហើយស្ថានភាពស្រុកទាំង៣ហ្នឹង គឺស្ថិតនៅកៀកខេត្តកណ្តាល និងភ្នំពេញ»។ 
 
លោក អភិបាលរងខេត្តតាកែវ បានអះអាងថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩នេះ អាចនឹងចាក់ជូនពលរដ្ឋនៅស្រុកទាំង៣នេះ បានជាង៣០ម៉ឺននាក់ ដោយប្រើពេលចំនួន១ខែ។ គ្រាន់តែមួយថ្ងៃ នៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩នៅខេត្តតាកែវ មានពលរដ្ឋចំនួនជាង៧ពាន់នាក់ហើយ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩។ 
គិតត្រឹមថ្ងៃទី២២ ខែមិថុនា បច្ចុប្បន្នខេត្តតាកែវ មានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១៨៣១នាក់ ជាសះស្បើយ ១៣៩៤នាក់ និងស្លាប់ចំនួន២២នាក់។ នេះបើតាមរបាយការណ៍របស់រដ្ឋបាលខេត្តតាកែវ។  


 ទិដ្ឋភាពពលរដ្ឋនៅខេត្តតាកែវមកចាក់វ៉ាក់សាំងកូវីដ-១៩ រូបភាពពីលោក លី សាវេត អភិបាលរងខេត្តតាកែវ
 
ដោយឡែកខេត្តកំពង់ស្ពឺវិញ ក៏កំពុងបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនពលរដ្ឋទាំងអស់ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺផងដែរ។ នេះបើតាមលោកស្រី ឡុង បូណារេត អភិបាលរងខេត្តកំពង់ស្ពឺ ដែលបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗ ដោយបន្ថែមថា យុទ្ធនាការចាក់វ៉ាក់សំាងនេះនឹងអនុវត្តជូនកម្មករកម្មការិនីរោងចក្រ អាជីវករ និងពលរដ្ឋ។   
 
លោកស្រីអភិបាលរងខេត្តកំពង់ស្ពឺ ជាក់ជឿថា តាមរយៈចំនួនពលរដ្ឋដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ នៅខេត្តកំពង់ស្ពឺកាន់តែច្រើន ខេត្តមួយនេះ នឹងមានសេដ្ឋកិច្ចល្អប្រសើរឡើងវិញ អាចទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគកាន់តែច្រើន។  «យើងសង្ឃឹមថា អ្វីៗនឹងប្រសើរឡើង មិនបានល្អណាស់ ក៏មានចរន្តឈាមដើរឡើងវិញ ជីវភាពពលរដ្ឋក៏ល្អប្រសើរ។ ដោយសារខេត្តមួយនេះជាតំបន់ឧស្សាហកម្ម និងមានរមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ និងអេកូទេសចរណ៍ច្រើន។ ភ្ញៀវទេសចរអាចនឹងសម្រេចចិត្តមកលេងរមណីយដ្ឋានខេត្តកំពង់ស្ពឺច្រើន ដោយមានទំនុកចិត្តថាខេត្តកំពង់ស្ពឺមានសុវត្ថិភាព»។ លោកស្រី ឡុង បូណារេត បានរៀបរាប់បែបនេះ។ 
 
លោកស្រី ឡុង បូណារេត បានសង្កត់ធ្ងន់ថា ក្រោយពីបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩នៅខេត្តកំពង់ស្ពឺរួចរាល់ហើយក្តី។ ប៉ុន្តែអភិបាលខេត្តក៏នៅតែអនុវត្តបម្រាមរដ្ឋបាល វិធានការសុវត្ថិភាពផ្សេងៗ និងបន្តណែនាំ និងផ្សព្វផ្សាយពីវិធានការការពារជំងឺកូវីដ-១៩ដល់ពលរដ្ឋបន្ថែមទៀតផងដែរ។ 
 
ត្រឹមតែមួយថ្ងៃប៉ុណ្ណោះនៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នៅខេត្តកំពង់ស្ពឺ មានពលរដ្ឋជិត២ម៉ឺននាក់ បានចាក់វ៉ាក់សំាងកូវីដ-១៩។ ខេត្តកំពង់ស្ពឺ មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប២,១៧៤នាក់ ជាសះស្បើយចំនួន១,៤៧៥នាក់ និងស្លាប់ចំនួន៣៣នាក់។ នេះបើតាមលោកស្រី ឡុង បូណារេត។
 
សូមជម្រាបថា បច្ចុប្បន្ន មានរាជធានី-ខេត្ត ចំនួន៧ហើយ ដែលកំពុងបន្តយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ពលរដ្ឋដោយផ្តើមចេញពីរាជធានីភ្នំពេញ បន្តទៅខេត្តកណ្តាល, ព្រះសីហនុ , កោះកុង តាកែវ និងខេត្តកំពង់ស្ពឺ។
 
សូមបញ្ជាក់ថា ត្រឹមថ្ងៃទី២២មិថុនា មានពលរដ្ឋជាង៣,៥លាននាក់ហើយនៅកម្ពុជា បានចាក់វ៉ាក់សាំងកូវីដ-១៩ម្ចុលទី១ គឺស្មើនឹង៣៥,១៨ភាគរយ នៃផែនការចាក់វ៉ាក់សាំងដល់ពលរដ្ឋ១០លាននាក់។ ក្នុងចំណោមពលរដ្ឋជាង៣,៥លាននាក់នោះ គឺមានជាង ២,៧លាននាក់ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២៕ 
 
 
 
 

Tag:
 វ៉ាក់សាំងកូវីដ-១៩
  តាកែវ
 កំពង់ស្ពឺ
© រក្សាសិទ្ធិដោយ thmeythmey.com