ជាតិ
សង្គមជាតិ
មន្រ្តីជាន់ខ្ពស់៖ ក្រសួងសាធារណការ មិនបន្ធូរបន្ថយចំពោះរថយន្តដឹកលើសទម្ងន់ឡើយ
20, Jul 2021 , 5:27 pm        
រូបភាព
ទិដ្ឋភាពពលរដ្ឋតវ៉ាទាមទារឲ្យក្រសួងសាធារណការ និងដឹកជញ្ជូនដោះស្រាយចំពោះការឃាត់រថយន្តដែលដឹកលើសទម្ងន់របស់ពួកគាត់ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ រូបភាពពីហ្វេសប៊ុក Traffic Cambodia_
ទិដ្ឋភាពពលរដ្ឋតវ៉ាទាមទារឲ្យក្រសួងសាធារណការ និងដឹកជញ្ជូនដោះស្រាយចំពោះការឃាត់រថយន្តដែលដឹកលើសទម្ងន់របស់ពួកគាត់ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ រូបភាពពីហ្វេសប៊ុក Traffic Cambodia_
ដោយ:
ភ្នំពេញ៖ លោក គង់ វិមាន អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា ក្រសួងសាធារណការមិនបន្ធូរបន្ថយការអនុវត្តច្បាប់ និងការទោសទណ្ឌចំពោះម្ចាស់រថយន្តដែលដឹកលើសទម្ងន់ឡើយ។ លោក គង់ វិមាន បានឆ្លើយតបបែបនេះទៅកាន់ក្រុមតវ៉ាមួយចំនួនដែលទាមទារឲ្យក្រសួងដោះស្រាយ និងយោគយល់ចំពោះការដឹកទំនិញលើសទម្ងន់ កាលពីថ្ងៃទី២០ ខែកក្កដាត្រង់សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

 
រថយន្តជាច្រើនគ្រឿងជាង១០០គ្រឿង ដែលដឹកលើសទម្ងន់ ត្រូវបានអាជ្ញាធរចាប់នាពេលកន្លងមក និងយកទៅដាក់តម្រៀបគ្នានៅតាមបណ្តោញផ្លូវ៥០ម៉ែត្រ ក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ នៅថ្ងៃទី២០ ខែកក្កដានេះ  ម្ចាស់រថយន្តទាំងនោះបាននាំគ្នាទាមទារឲ្យក្រសួងសាធារណការ កុំឃាត់រថយន្តដែលដឹកលើសទម្ងន់ទុកមួយឆ្នាំ ដោយគ្រាន់តែពិន័យជាទឹកប្រាក់ និងសុំឲ្យក្រសួងបន្ថែមចំនួនផ្ទុកសម្រាប់រថយន្តដាក់ទំនិញផ្សេងៗ។ 
 
ឆ្លើយតបនឹងម្ចាស់រថយន្តទាំងនោះ លោកអនុរដ្ឋលេខាធិការ គង់ វិមាន ដែលជានាយខុទ្ទកាល័យរបស់លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ បានបញ្ជាក់ថា ក្រសួងពុំមានការបន្ធូរបន្ថយជាដាច់ខាតចំពោះម្ចាស់រថយន្តណាដែលដឹកលើសទម្ងន់កំណត់។ 
 
លោក មានប្រសាសន៍ថា៖«យើងមិនហាមពួកគាត់ដឹកទេ តែត្រូវតែគោរពច្បាប់ទៅតាមវិធានការច្បាប់ស្តីពីផ្លូវថ្នល់ ពាក់ព័ន្ធនឹងការដឹកជញ្ជូនលើសទម្ងន់។ ពួកគាត់គឺមិនមែនសុទ្ធតែមិនចេះច្បាប់ទេ ប៉ុន្តែពួកគាត់មិនព្រមធ្វើតាម។ បងប្អូនតវ៉ា គឺជាសិទ្ធិរបស់បងប្អូនហើយ ប៉ុន្តែយើងមិនអាចរំលោភច្បាប់បានទេ ច្បាប់គឺច្បាប់ហើយ យើងមិនអាចធ្វើតាមពួកគាត់បានទេ»។ 
 
បើតាមលោក គង់ វិមាន ក្រសួងសាធារណការបានទទួលយកចំណុចដែលម្ចាស់រថយន្តបានសំណូមពរទៅក្រសួង។ ប៉ុន្តែក្រសួងត្រូវការពិចារណាថាគួរតែកែច្បាប់ឡើងវិញ ឬយ៉ាងណា។ លោក បញ្ជាក់ថា៖«អ្វីដែលពួកគាត់សំណូមពរគឺយើងមិនបដិសេធមិនទទួលទេ យើងទទួលយកប៉ុន្មានចំណុចរបស់ពួកគាត់ ប៉ុន្តែយើងត្រូវការឆ្លងយោបល់ពីថ្នាក់ដឹកនាំ ពិគ្រោះយោបល់ និងពិនិត្យមើលឡើងវិញ ថាតើការសំណូមពរពួកគាត់សមហេតុសមផលទេ។ បើសមហេតុសមផលយើងត្រូវការពេលមួយចំនួនធំ ដើម្បីយើងពិនិត្យថាគួរតែកែច្បាប់ឬអត់?»។ 
 
មន្រ្តីជាន់ខ្ពស់នៃក្រសួងសាធារណការរូបនេះ  បន្តថា ក្រសួងបានពន្យល់លម្អិតអំពីច្បាប់និងទោសទណ្ឌដល់ម្ចាស់រថយន្តដែលដឹកលើសទម្ងន់ និងផលប៉ះពាល់ដល់ផ្លូវថ្នល់ដោយសារការដឹកលើសទម្ងន់។ លោក ថ្លែងថា ក្រុមតវ៉ាទាំងនោះក៏បានដឹងកំហុសរបស់ខ្លួនផងដែរ ហើយក្រសួងកំពុងតែបន្តស្រាវជ្រាវរកអ្នកពីក្រោយនៃការតវ៉ានេះ។
 
លោក គង់ វិមាន បានបញ្ជាក់ថា ការដឹកលើសកម្រិតកំណត់នឹងបង្កឲ្យផ្លូវថ្នល់ឆាប់ខូចខាត ប៉ះពាល់ដល់បរិស្ថាន និងបង្កឲ្យមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឲ្យបាត់បង់អាយុជីវិតរបស់ពលរដ្ឋ។ 
 
សូមបញ្ជាក់ថា ក្រសួងសាធារណការ សម្រេចឃាត់រថយន្តជាង១០០គ្រឿង ដែលដឹកលើសទម្ងន់នោះ ទុករយៈពេល១ឆ្នាំ៕
 
 

Tag:
 រថយន្ត
 ទំនិញ
 ទម្ងន់
© រក្សាសិទ្ធិដោយ thmeythmey.com