កីឡាអន្តរជាតិ
អន្តរជាតិ
អូឡាំពិកតូក្យូ៖ ម្ចាស់ការពារជើងឯក និងកីឡាករលំដាប់ពិភពលោក ៩រូប ដែលរបូតមេដាយមាស
02, Aug 2021 , 4:07 pm        
រូបភាព
យ៉ាងតិចក៏មានម្ចាស់ការពារតំណែងជើងឯក និងកីឡាករលំដាប់ពិភពលោក ៩រូប ដែលបានរបូតមេដាយមាស នៃព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ ប្រទេសជប៉ុន។ ម្ចាស់ការពារជើងឯក និងកីឡាករពិភពលោកទាំងនោះ ធ្លាក់នៅវគ្គជម្រុះ ហើយខ្លះទៀត ដកខ្លួនចេញពីការប្រកួតតែម្ដង។

 
តាមរយៈការប្រកួតនៃព្រឹត្តិការណ៍កីឡាអូឡាំពិក ដែលកំពុងបន្តដណ្ដើមមេដាយមាសលើប្រភេទវិញ្ញាសាផ្សេងៗនេះ សារព័ត៌មានថ្មីៗ បានរកឃើញកីឡាករទាំង ៩រូប ដែលបានរបូតមេដាយមាស ផ្នែកឯកត្តជននោះ រួមមាន Novak Djokovic , Teddy Riner , Simone Biles ,Jon Rahm, Mathieu van der Poel , Nino Schurter ,Naomi Osaka, Joseph Schooling និង Andy Murray ។
 
ម្ចាស់ការពារតំណែងជើងឯក កីឡាអូឡាំពិក ដែលរបូតមេដាយមាស
 
Teddy Riner គឺជាកីឡាករយូដូ សញ្ជាតិបារាំង វ័យ៣២ឆ្នាំ និងជាម្ចាស់មេដាយមាស លើវិញ្ញាសាយូដូ ផ្នែកឯកត្តជន ប្រភេទទម្ងន់លើស១០០គីឡូ នៃព្រឹត្តិការណ៍កីឡាអូឡាំពិក ពីរសម័យកាលនៅឆ្នាំ២០១២ នៅទីក្រុង ឡុងដ៍ ប្រទេសអង់គ្លេស និង២០១៦ ទីក្រុងរីយូ ប្រទេសប្រេស៊ីល។ ដោយឡែក នៅព្រឹត្តិការណ៍អូឡាំពិក ទីក្រុងតូក្យូ ប្រទេសជប៉ុន ២០២០ នេះវិញ កីឡាករ Teddy Riner ធ្វើមិនបានល្អឡើយ ដោយទទួលបានត្រឹមមេដាយសំរឹទ្ធប៉ុណ្ណោះ។ កាលពីឆ្នាំ២០០៨ រូបគេ ក៏ធ្លាប់បានមេដាយសំរឹទ្ធដែរ នៅក្នុងព្រឹត្តិការណ៍នេះ នាទីក្រុងបេកាំង ប្រទេសចិន។ 
 
ប៉ុន្តែទោះជា Teddy Riner មិនអាចរក្សាតំណែងជើងឯកខ្លួន លើវិញ្ញាសារឯកក្តជនក្តី តែរូបគេក៏ចូលរួមចំណែកជួយឱ្យក្រុមយូដូរបស់បារាំង(ប្រកួតលក្ខណៈជាក្រុម ឬ Mixed Team) ទទួលបានមេដាយមាស នៅព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូ ២០២០នេះដែរ។ 
 
ក្រៅពីមេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនេះ កីឡាករយូដូ សញ្ជាតិបារាំងរូបនេះ គឺធ្លាប់ឈ្នះមេដាយពិភពលោក ទម្ងន់ធ្ងន់នេះ១០លើក និងសំរឹទ្ធ១, មេដាយមាសអឺរ៉ុប ៥លើក រួមទាំងមេដាយមាស២០ និងសំរឹទ្ធ១ ពីស្ថាប័នអន្តរជាតិផ្សេងទៀត។
 


Teddy Riner គឺជាកីឡាករយូដូ សញ្ជាតិបារាំង

Simone Biles ជាកីឡាការិនីកាយសម្ព័ន្ធ សញ្ជាតិអាមេរិក ដែលជាម្ចាស់ការពារតំណែងជើងឯក នៃព្រឹត្តិការណ៍កីឡាអូឡាំពិក ២០១៦។ អំឡុងព្រឹត្តិការណ៍អូឡាំពិក ៤ឆ្នាំមុននោះ Simone Biles បានលើកមុខមាត់អាមេរិក ដោយឈ្នះមេដាយមាស ចំនួន៤ និងសំរឹទ្ធមួយ តាមរយៈការប្រកួតកីឡាកាយសម្ព័ន្ធជាលក្ខណៈទោល និងក្រុម។ ប៉ុន្តែនៅឆ្នាំ២០២០នេះ កីឡាការិនីវ័យ២៤ឆ្នាំរូបនេះ បានជួយក្រុមកាយសម្ព័ន្ធអាមេរិក ទទួលបានមេដាយប្រាក់តែ១ប៉ុណ្ណោះ ខណៈរូបនេះ បានសម្រេច​ចិត្តដកខ្លួនចេញពីការប្រកួតកាយសម្ព័ន្ធលក្ខណៈឯកត្តជន លើវិញ្ញាសា All-Around, Floor Exercise ជាដើម ដោយសារបញ្ហាផ្លូវអារម្មណ៍។ នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាពិក ក្រុងតូក្យូឆ្នាំនេះ Simone Biles មិនទទួលបានមេដាយមាសឡើយ។
 
Simone Biles ជាកីឡាការិនីកាយសម្ព័ន្ធ ដែលពោពេញដោយសមត្ថភាព។ រូបនាង បានឈ្នះមេដាយមាសលំដាប់ពិភពលោក ចំនួន២៣ និងមេដាយប្រាក់៤ និងសំរឹទ្ធ៣ទៀតផង។
 


Simone Biles ជាកីឡាការិនីកាយសម្ព័ន្ធ សញ្ជាតិអាមេរិក (រូបពីXinhua)

Nino Schurter ជាកីឡាករជិះកង់មួយរូប ដែលគ្រងតំណែងជើងឯក កាលពីឆ្នាំ២០១៦ នៃព្រឹត្តការណ៍កីឡាអូឡាំពិក ទីក្រុងរីយូ ប្រទេសប្រេស៊ីល។ មិនតែប៉ុណ្ណោះ Nino Schurter ក៏ធ្លាប់ឈ្នះមេដាយប្រាក់ នៅឆ្នាំ២០១២ និងមេដាយសំរឹទ្ធ នៅឆ្នាំ២០០៨ នៃព្រឹត្តការណ៍អូឡាំពិក លើវិញ្ញាសាជិះកង់ឆ្លងប្រទេសផ្នែកបុរស នេះដែរ។ សម្រាប់ព្រឹត្តិការណ៍អូឡាំពិករដូវក្តៅ នៅឆ្នាំ២០២០នេះ Nino Schurter មិនអាចការពារតំណែងជើងឯកខ្លួនបានឡើយ ដោយកីឡាករសញ្ជាតិស្វីសរូបនេះ សម្រេចបានត្រឹមចំណាត់ថ្នាក់លេខ៤ប៉ុណ្ណោះ។ 
 
ក្រៅពីមេដាយអូឡាំពិក កីឡាករវ័យ៣៥ឆ្នាំរូបនេះ ក៏ឈ្នះពានរង្វាន់លំដាប់ពិភពលោក ១២លើក និងពានរង្វាន់ក្នុងប្រទេសស្វីស ៧លើកផងដែរ។
 


Nino Schurter ជាកីឡាករជិះកង់ សញ្ជាតិស្វីស ធ្លាប់ឈ្នះពានរង្វាន់លំដាប់ពិភពលោក ១២លើក (រូបពីTwitter) 


Andy Murray ជាកីឡាករវាយកូនបាល់លំដាប់ពិភពលោក១រូប ដែលធ្លាប់ឈ្នះមេដាយមាស ពីព្រឹត្តិការណ៍កីឡាអូឡាំពិក ២លើកជាប់គ្នា លើវិញ្ញាសាវាយកូនបាល់បុរស ផ្នែកឯកត្តជន នៅឆ្នាំ២០១២ និង២០១៦។ ដោយឡែកនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ២០២០ នៅជប៉ុននេះ Andy Murray បានដកខ្លួនចេញពីវិញ្ញាសាវាយកូនបាល់ ឯកត្តជននេះ ដោយសារមានបញ្ហាភ្លៅ។ ដ្បិតមិនអាចលេងលក្ខណៈឯកត្តជនបាន តែកីឡាករវ័យ៣៤ឆ្នាំ នៃចក្រភពអង់គ្លេសរូបនេះ បានជ្រើសរើសការប្រកួតជាលក្ខណៈក្រុមវិញ ក្នុងការប្រកួតអូឡាំពិកនេះ។ មកដល់ពេលនេះ Andy Murray បានឈ្នះពានAustralian Open និងពានកម្មវិធីធំៗ សរុប១០លើកហើយ ក្រៅពីមេដាយមាសអូឡាំពិកនេះ។
 


Andy Murray ជាកីឡាករវាយកូនបាល់លំដាប់ពិភពលោក (រូបពីXinhua)

Joseph Schooling គឺជាម្ចាស់មេដាយមាស លើវិញ្ញាសាហែលទឹក ក្បាច់មេអំបៅ ចម្ងាយ១០០ម៉ែត្រ នៃព្រឹត្តិការណ៍អូឡាំពិក នៅទីក្រុងរីយ៉ូ ២០១៦ ។ សម្រាប់ម្ចាស់ការពារតំណែងជើងឯករូបនេះ គឺធ្វើមិនបានល្អឡើយ សម្រាប់ការប្រកួតវិញ្ញាសារដដែល នៃព្រឹត្តិការណ៍អូឡាំពិក ២០២០ ពោលគឺកីឡាករសញ្ជាតិសិង្ហបុរី វ័យ២៦ឆ្នាំរូបនេះ បានធ្លាក់ចេញពីការប្រកួត នៅត្រឹមវគ្គជម្រុះប៉ុណ្ណោះ។
 


Joseph Schooling គឺជាម្ចាស់មេដាយមាស លើវិញ្ញាសាហែលទឹក ក្បាច់មេអំបៅ ចម្ងាយ១០០ម៉ែត្រ នៃព្រឹត្តិការណ៍អូឡាំពិក នៅទីក្រុងរីយ៉ូ ២០១៦ (រូបពីXinhua)



កីឡាករលំដាប់ពិភពលោក ដែលមិនអាចយកមេដាយមាស នៃព្រឹត្តិការណ៍អូឡាំពិក ២០២០
 
កីឡាករវាយកូនបាល់ Novak Djokovic គឺជាកីឡាករលំដាប់ពិភពលោកមួយរូប ដែលត្រូវបានគេរំពឹងខ្ពស់ថា អាចឈ្នះមេដាយ ក្នុងការប្រកួតព្រឹត្តិការណ៍កីឡាអូឡាំពិក ២០២០ នៅជប៉ុននេះ។ តែផ្ទុយទៅវិញកីឡាករសញ្ជាតិស៊ែប៊ីរូបនេះ បានត្រឹមតែខកចិត្តប៉ុណ្ណោះ ដោយរូបគេបានធ្លាក់ចេញពីការប្រកួតនៅត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយចាញ់កីឡាករសញ្ជាតិអាល្លឺម៉ង់ Alexander Zverev កាលពីទី៣០ កក្កដា។ សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកនេះ Novak Djokovic ធ្លាប់ឈ្នះមេដាយសំរឹទ្ធ១ ដង នៅឆ្នាំ២០០៨។ បើងាកទៅកម្មវិធីប្រកួតលំដាប់ពិភពលោក និងអន្តរជាតិផ្សេងៗវិញ កីឡាករជួរមុខ វ័យ៣៤ឆ្នាំរូបនេះ ធ្លាប់គ្រងតំណែងជើងឯក ២៥លើក។
 


កីឡាករវាយកូនបាល់ Novak Djokovic ដែលកីឡាករលំដាប់ពិភពលោក (រូបពីXinhua)

ដោយឡែក Jon Rahm ក៏ជាកីឡាករវាយកូនហ្គោល ដ៏ល្បីមួយរូប លើឆាកអន្តរជាតិដែរ។ ទោះបី Jon Rahm ធ្លាប់ឈ្នះពានរង្វាន់ធំៗ ចំនួន១៤លើកក្តី ប៉ុន្តែកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ មិនអាចដណ្ដើមបានមេដាយមាស សម្រាប់អ្នកគាំទ្រខ្លួនឡើយ។  

Jon Rahm ក៏ជាកីឡាករវាយកូនហ្គោល ដ៏ល្បីមួយរូប លើឆាកអន្តរជាតិ (រូបពីXinhua)

ចំណែក Mathieu van der Poel គឺជាកីឡាករជិះកង់មួយរូប ដែលធ្លាប់ឈ្នះពានរង្វាន់លើវិញ្ញាសាជិះកង់ឡើង-ចុះភ្នំ, ជិះកាត់ប្រទេសជាដើម ក្នុងនោះរូបគេ ធ្លាប់ឈ្នះពានរង្វាន់ពិភពលោក ៤លើក, ពានអឺរ៉ុប ៣លើក និងពានក្នុងប្រទេសបែលហ្ស៊ិក ៣លើក ក្រៅពីពានរង្វាន់ក្នុងកម្មវិធីផ្សេងទៀត។ តែយ៉ាងណាកីឡាករវ័យ២៦ឆ្នាំ ដែលជាក្តីសង្ឃឹមរបស់អ្នកគាំទ្រនោះ មិនអាចយកមេដាយមាស នៃព្រឹត្តិការណ៍កីឡាអូឡាំពិក ២០២០ ទីក្រុងតូក្យូ នៅជប៉ុនបានឡើយ។ មិនតែប៉ុណ្ណោះរូបគេ ក៏មានបញ្ហារបួសឆ្អឹងខ្នង ដោយសារឧប្បទេវហេតុធ្លាក់ពីលើកង់ ក្នុងគ្រាប្រកួតជិះកង់ឆ្លងកាត់ភ្នំ។
 


Mathieu van der Poel គឺជាកីឡាករជិះកង់ ធ្លាប់ឈ្នះពានរង្វាន់ពិភពលោក ៤លើក និងពានអឺរ៉ុប ៣លើក (ពីTwitter)


រីឯកីឡាការិនីវាយកូនបាល់ជប៉ុន Naomi Osaka ក៏បានធ្វើឱ្យអ្នកគាំទ្រខកចិត្តដែរ។ Osaka ជាកីឡាការិនីឆ្នើមជប៉ុន ដែលឈ្នះ Grand Slam ៤លើក និងជាអ្នកដុតភ្លើងគប់អូឡាំពិកតូក្យូ បានធ្លាក់ចេញពីការប្រកួតវាយទោលនារី ព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ ក្រោយចាញ់កីឡាការិនីឆែក Marketa Vondrousova ក្នុងលទ្ធផល ៦-១ និង ៦-៤។ Osaka ធ្លាក់នៅជុំទី៣ នៃការប្រកួតវាយកូនបាល់នេះ៕
 


កីឡាការិនីវាយកូនបាល់ជប៉ុន Naomi Osaka ដែលឈ្នះ Grand Slam ៤លើក (រូបពីXinhua)


Tag:
 Olympic Tokyo
  Japan
© រក្សាសិទ្ធិដោយ thmeythmey.com