ជាតិ
សង្គមជាតិ
គ្រូពេទ្យយកសំណាកអាជីវករផ្សារដើមគជាង​២០០នាក់ ក្រោយពាក់ព័ន្ធ​អ្នកជំងឺកូវីដ-១៩បំប្លែងថ្មី​
03, Aug 2021 , 4:55 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ អាជីវករផ្សារដើមគជាង២០០នាក់ ​ត្រូវយកសំណាកតេស្ត​រកជំងឺកូវីដ-១៩ ​នៅរសៀល ថ្ងៃទី៣ សីហានេះ ក្រោយពីជាប់ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩​បំប្លែងថ្មី Delta។ ទន្ទឹមនឹងនេះ អាជីវករផ្សារសិនជូរីចំនួន១៦២នាក់ ដែលត្រូវបានយកសំណាក កាលពីព្រឹកថ្ងៃទី៣ ខែសីហានេះ គឺសុទ្ធតែមានលទ្ធផលតេស្តអវិជ្ជមានកូវីដ-១៩ទាំងអស់។​

 
លោក ទិត្យ សាមឿន ចៅសង្កាត់ផ្សារដើមគ បានបញ្ជាក់ប្រាប់​សារព័ត៌មានថ្មីៗថា នៅរសៀលនេះ ក្រុមគ្រូពេទ្យនឹងធ្វើតេស្តអាជីវករផ្សារដើមគ ជាង២០០នាក់ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។  លោកចៅសង្កាត់ផ្សារដើមគបានអះអាងថា ​អាជីវករទាំងនោះ មានជាប់ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩ បំប្លែងថ្មី«ដែលតា»ម្នាក់ ដែលចេញចូលក្នុងផ្សារនេះ។​ 
 
ក្រៅពីអាជីវករ អាជ្ញាធរក៏នឹងប្រមូល និងណែនាំដល់ពលរដ្ឋ នៅម្តុំផ្សារដើមគ ដែលជាប់ពាក់ព័ន្ធនឹងអ្នកជំងឺ មកធ្វើតេស្តរកជំងឺកូវីដ-១៩ផងដែរ។ យ៉ាងណាក៏ដោយ អាជ្ញាធរមិនទាន់មានចំណាត់ការលើការបិទផ្សារនៅឡើយទេ។ ​បើតាម​​ចៅសង្កាត់ផ្សារដើមគ ដោយលោកបានបន្តថា ប្រសិនជាអាជីវករណា គេចវេះ មិនមកយកសំណាករកជំងឺកូវីដ-១៩ ​ពួកគេ នឹងមិនអនុញ្ញាតឲ្យចូលលក់ដូរនៅក្នុងផ្សារវិញនោះទេ។
ខណៈ​អាជីវករផ្សារដើមគកំពុងយកសំណាក លទ្ធផលសំណាករបស់អាជីវករនៅផ្សារសិនជូរីក៏បានបង្ហាញថា អាជីវករចំនួន១៦២នាក់មានអវិជ្ជមានកូវីដ-១៩ទាំងអស់​។ នេះបើតាមលោក ភា ចំរើន អនុគណៈកម្មការគ្រប់គ្រងផ្សារសិនជូរី ដែលបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ។ 
 
បើតាម​លោក ភា ចំរើន លទ្ធផលសំណាករបស់អាជីវករផ្សារសិនជូរី ដែលអវិជ្ជមានទាំងនោះ​ គឺពួកគេនឹងអាចបន្តលក់នៅក្នុងផ្សារជាធម្មតា ដោយមិនតម្រូវឲ្យធ្វើចត្តាឡីស័កឡើយ​។ «ផ្សារនឹងត្រូវបើកដំណើរការធម្មតា ពីព្រោះអត់មានការឆ្លងជំងឺកូវីដ-១៩»។ នេះជាការលើកឡើងរបស់ លោកអនុគណៈកម្មការគ្រប់គ្រងផ្សារសិនជូរី ដោយបញ្ជាក់ថា ខាងផ្សារនឹងពង្រឹងវិធានការការពារ និងរឹតបន្តឹងជាងមុនដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩៕ 
 
 
 

Tag:
 ផ្សារដើមគរ
 ​​ផ្សារសិនជូរី
 អាជីវករ
© រក្សាសិទ្ធិដោយ thmeythmey.com