កីឡាអន្តរជាតិ
អន្តរជាតិ
Barca បង្ខំចិត្តចែកផ្លូវជាមួយ Messi ព្រោះគ្មានលុយបង់ថ្លៃឈ្នួល ខណៈPSG ទំនងជាក្លិបបន្ទាប់
06, Aug 2021 , 9:53 am        
រូបភាព
ទីបំផុត Lionel Messi នៅតែចាកចេញពី Barcelona ក្រោយរួមរស់អស់រយៈពេល ១៨ឆ្នាំ។ ចែកផ្លូវគ្នា ដ្បិតក្លិបយក្សអេស្ប៉ាញមួយនេះមិនអាចបំពេញកិច្ចសន្យាថ្មីជាមួយ Messi ដោយសារវិបត្តិហិរញ្ញវត្ថុ។ Paris Saint-Germain ទំនងជាក្លិបបន្ទាប់របស់ខ្សែបម្រើឆ្នើមអន្តរជាតិអាហ្សង់ទីនរូបនេះ។



ម្ចាស់ពានរង្វាន់កីឡាករឆ្នើម Ballon d’Or ៦ សម័យរូបនេះ បានផុតកិច្ចសន្យា និងលែងជាកីឡាកររបស់ក្លិបរហស្សនាមអ្នកមានបុណ្យចាប់តាំងពីថ្ងៃទី១ ខែកក្កដាម្លេះ។ ខ្សែបម្រើវ័យ ៣៤ឆ្នាំរូបនេះបានក្លាយជាកីឡាករគ្មានតំម្លៃខ្លួន ហើយរូបគេអាចចេញទៅចូលរួមជាមួយក្លិបផ្សេងបានដោយគ្មានតំម្លៃខ្លួនឡើយ។ 
 
ក្រោយមក Messi ត្រូវបានគេជឿជាក់ថានឹងចុះហត្ថលេខាលើកិច្ចសន្យាថ្មីនៅ Camp Nou រយៈពេល៥ឆ្នាំទៀត ដោយទទួលបានប្រាក់ឈ្នួលត្រឹមពាក់កណ្តាលប៉ុណ្ណោះបើធៀបកិច្ចសន្យាចាស់។
 
ប៉ុន្តែចុងក្រោយ Messi និង Barcelona នៅតែត្រូវចែកផ្លូវគ្នា។ ក្លិបក្នុងក្របខណ្ឌ La Liga មួយនេះបានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅថ្ងៃទី៥ ខែសីហាថា ក្លិបមិនអាចផ្តល់ជូនលក្ខខណ្ឌសម្រាប់កីឡាករឆ្នើមរបស់ខ្លួនរូបនេះបានទេ ដោយសារក្លិបជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ ដែលបង្កដោយជំងឺកូវីដ-១៩។ជាពិសេសបញ្ហារចនាសម្ព័ន្ធ ទាក់ទងនឹងបទបញ្ញត្តិលីគអេស្ប៉ាញ។
 
«ជាលទ្ធផលនៃស្ថានភាពនេះ Messi នឹងមិនបន្តនៅក្លិប FC Barcelona ឡើយ។ភាគីទាំងពីរមានការសោកស្តាយយ៉ាងខ្លាំងដែលបំណងប្រាថ្នារបស់កីឡាករនិងក្លឹប មិនត្រូវបានសម្រេចនៅចុងក្រោយនេះ»។ នេះជាការបញ្ជាក់របស់ក្លិប Barcelona ដែលមិនភ្លេចពីគុណសម្បត្តិរបស់ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន វ័យ៣៤ឆ្នាំឡើយ។
 



«សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកីឡាករMessiដែលបានរួមចំណែកជាកម្លាំងជួយក្លិបយ៉ាងខ្លាំង និងសូមជូនពរឱ្យគាត់ជួបតែសំណាងល្អសម្រាប់អនាគតក្នុងជីវិតផ្ទាល់ខ្លួន និងអាជីពរបស់គាត់»។ នេះបើតាមក្លឹបអ្នកមានបុណ្យ។
 
ស្របពេលនឹងការចាកចេញនេះ ទូរទស្សន៍ Sky Italia រាយការណ៍ថា PSG ជាក្លិបសង្ឃឹមខ្ពស់ជាងគេក្នុងការបញ្ចុះបញ្ចូល Messi ឱ្យផ្លាស់ទៅប៉ារីស។ កាសែត និងទូរទស្សន៍នេះបន្តថា Messi នៅតែចង់ឈ្នះពានរង្វាន់លំដាប់កំពូលៗជាបន្តបន្ទាប់ ខណៈអ្វីទាំងអស់នេះស្ថិតក្នុងគម្រោងឈ្នះៗរបស់ PSG ហើយក្លិបយក្សបារាំងមួយនេះអាចផ្តល់ឱ្យប្រធានក្រុមអាហ្សង់ទីនបានទាំងអស់។
 
១៨រដូវកាលជាមួយ Barcelona តារាឆ្នើម Messi បានជួយក្រុមលើកពានចំនួន៣៥ រួមមានជើងឯក La Liga ១០លើក Champion Leagues ៤លើក Spanish Super Cup ៨លើក Copa Del Rey ៧លើក Club World Cup ៣លើក និង European Super Cup ចំនួន៣លើក។
 

Tag:
 Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com