កីឡាអន្តរជាតិ
អន្តរជាតិ
តាងនាមក្រុម Bernardo Silva សុំទោសអ្នកគាំទ្រព័រទុយហ្គាល់ចំពោះទម្រង់លេងដ៏អាក្រក់ពេលចាញ់ស៊ែប៊ី
15, Nov 2021 , 5:29 pm        
រូបភាព
ខ្សែបម្រើវ័យ ២៨ឆ្នាំ Bernardo Silva បានចេញមុខប្រកាសសុំទោសជំនួសមិត្តរួមក្រុមទៅកាន់អ្នកគាំទ្រព័រទុយហ្គាល់ ក្រោយពេលដែលក្រុមរបូតកៅអីស្វ័យប្រវត្តិវគ្គផ្តាច់ព្រ័ត្រ World Cup 2022នៅកាតា។


 
ព័រទុយហ្គាល់បានភ្លាត់ស្នៀតចាញ់ក្រុមលេខ១ពូល A ស៊ែប៊ីដោយលទ្ធផល ២-១ ដែលជាលទ្ធផលបានសឹងមិនគួរឲ្យជឿ សម្រាប់ អ្នកគាំទ្រក្រុមព័រទុយហ្គាល់ទាំងមូលនាជំនួបចុងក្រោយវគ្គជម្រុះ World Cup តំបន់អ៊ឺរ៉ុបនាយប់ថ្ងៃទី ១៤ ឈានចូលទី១៥ ខែវិច្ឆិកា។ ព័រទុយហ្គាល់ត្រូវបន្តភារកិច្ចរបស់ខ្លួនដោយត្រូវប្រកួត Play-off ក្នុងនាមជាក្រុមលេខ២តាមពូលនីមួយៗ ក្នុងតំបន់ប្រជែងយក៣កៅអីសម្រាប់ទៅ World Cup 2022 នៅកាតា។
 
កីឡាករ Bernardo Silva ខ្សែបម្រើលេងឲ្យក្រុមមេឃខៀវ​ Manchester City បានផ្លាស់ប្តូរចូលជំនួសកីឡាករ Bruno Fernandez នៅនាទីទី៦៤ បាននិយាយនៅក្នុងសន្និសីទព័ត៌មានថា កំហុសគ្រប់យ៉ាងដែលធ្វើឲ្យក្រុមចាញ់ការប្រកួតគឺដោយសារតែទម្រង់លេងដ៏អាក្រក់ក្នុងក្រុមទាំងមូល រួមទាំងរូបគេផងដែរ។
 
«នេះជាការប្រកួតដ៏អាក្រក់សម្រាប់ព័រទុយហ្គាល់ វាគឺជារឿងដ៏អាក្រក់មួយសម្រាប់យើង យើងត្រូវបានទម្លាក់ដោយក្រុមស៊ែប៊ី។ ខ្ញុំពិតជាសុំទោសទៅកាន់អ្នកគាំទ្រទាំងមូលដែលបានទស្សនាផ្ទាល់ក្នុងការប្រកួតដ៏អាក្រក់មួយនេះ។ ខ្ញុំពិតជាមិនដឹងថាគួរនិយាយបកស្រាយរបៀបណាទេក្នុងពេលនេះ។» នេះជាសម្តីរបស់ Bernardo និយាយក្នុងសន្និសីទព័ត៌មានក្រោយចប់ការប្រកួត។ 
 
សូមជម្រាបថាក្រុមដែលត្រូវលេង play-off ចំនួន១០ក្រុម រកឃើញ៨ក្រុមហើយ ក្នុងនោះមាន ព័រទុយហ្កាល់ ស៊ុយអែត ស្វ៊ីស ហ្វាំងឡង់ វេលស៍​ ស្កុតឡែន រុស្ស៊ី និងម៉ាសេដ្វានខាងជើង។ ក្នុងចំណោម១០ក្រុមដែលត្រូវលេង play-off ត្រូវប្រជែងគ្នាដណ្តើមកៅអីទៅកាតាតែចំនួន៣កៅអីប៉ុណោ្ណះ ដ្បិត FIFA ផ្តល់១៣កៅអីសម្រាប់ក្រុមនៅតំបន់អឺរ៉ុប៕

Tag:
 Bernardo Silva
  Portugal
  World Cup 2022
© រក្សាសិទ្ធិដោយ thmeythmey.com