ជាតិ
លោក ហ៊ុន ម៉ានី រំឭកពីតម្លៃនៃសន្តិភាព ក្រោយមនុស្ស៤នាក់ស្លាប់ដោយសារគ្រាប់មីន
11, Jan 2022 , 10:06 pm        
រូបភាព
រូបតំណាង។ ប្រភព៖ ទំព័រហ្វេសប៊ុកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC
រូបតំណាង។ ប្រភព៖ ទំព័រហ្វេសប៊ុកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC
លោក ហ៊ុន ម៉ានី បានថ្លែងថាផលវិបាកនៃសង្គ្រាមនៅតែបន្តរំខានដល់ជីវិតមនុស្ស បើទោះជាប្រទេសជាតិបានទទួលសន្តិភាពហើយក្ដី។ លោក ហ៊ុន ម៉ានី បានអធិប្បាយយ៉ាងនេះ នៅលើទំព័រហ្វេសប៊ុករបស់លោកនាយប់ថ្ងៃទី១១ខែមករានេះ។

 
«ក្នុងនាមជាប្រទេសដែលធ្លាប់ឆ្លងកាត់សោកនាដកម្ម នៃជម្លោះផ្ទៃក្នុងរាប់ទសវត្សកន្លងមកនេះ យើងយល់ច្បាស់នូវតម្លៃនៃសន្តិភាព សម្រាប់មនុស្សជាតិ។ សន្តិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ គឺមិនត្រឹមតែជារតនវត្ថុ ដ៏មានតម្លៃសម្រាប់កម្ពុជាយើងតែប៉ុណ្ណោះនោះទេ តែក៏ដើម្បីតំបន់យើង និងពិភពលោកទាំងមូលផងដែរ»។ តំណាងរាស្ត្រ លោក ហ៊ុន ម៉ានី បានសរសេរដូច្នេះដោយបានសំដែងមរណទុក្ខជាមួយក្រុមគ្រួសារនៃសពរបស់មន្ត្រីដោះមីន៣រូប និងពលរដ្ឋម្នាក់ផង។
 
នៅព្រឹកថ្ងៃទី១០ខែមករា មានករណីផ្ទុះគ្រាប់មីនតោន ស្ថិតក្នុងភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១០ មករានេះ ដោយបានធ្វើឲ្យអ្នកជំនាញនៃអង្គការដោះមីនកម្ពុជា ឬហៅថាអង្គការអាគីរ៉ា ៣នាក់ស្លាប់ និងរបួសធ្ងន់ម្នាក់។ នៅចំងាយប្រមាណ៥គីឡូម៉ែត្រពីនេះ ពលរដ្ឋម្នាក់ទៀតក៏បានស្លាប់ ដោយសារផ្ទុះគ្រាប់បែក ពេលគាត់កំពុងដុតសំអាតដីដាំដំឡូងផងដែរ។
 
នៅថ្ងៃទី១១ មករានេះ អង្គការ APOPO ក៏បានប្រកាសដំណឹងនៃការបាត់បង់ជីវិតរបស់ កណ្តុរយក្សអាហ្វ្រិកឈ្មោះ ម៉ាហ្គាវ៉ា (Magawa) ដែលទទួលបានមេដាយមាសក្នុងនាមជា HeroRAT សម្រាប់បេសកកម្មហិតមីននៅកម្ពុជាផងដែរ។ Magawa បាត់បង់ជីវិត ក្រោយប្រារព្ធខួប៨ឆ្នាំ កាលពីខែវិច្ឆិកា។ តាមអង្គការ APOPO នារយៈពេល៥ឆ្នាំកន្លងមកនេះ ម៉ាហ្គាវ៉ា បានរួមចំណែករុករកគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ជាង៧១គ្រាប់នៅកម្ពុជា ជាពិសេសក្នុងខេត្តសៀមរាប និងព្រះវិហារ៕
 
 
អត្ថបទទាក់ទង
 
 

© រក្សាសិទ្ធិដោយ thmeythmey.com