ជាតិ
រថយន្ត
ម្ចាស់រថយន្តបុរាណនៅកម្ពុជានឹងជួបជុំគ្នាលើកទី២ នៅថ្ងៃទី៦កុម្ភៈ នៅស្ថានីយរថភ្លើងភ្នំពេញ
31, Jan 2022 , 8:19 pm        
រូបភាព
ភ្នំពេញ៖ សមាគមយានយន្ដបុរាណកម្ពុជា នឹងរៀបចំការជួបបប្រជុំគ្នានៃម្ចាស់រថយន្តបុរាណនៅកម្ពុជា ជាលើកទី២ នៅថ្ងៃអាទិត្យទី៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅស្ថានីយរថភ្លើងភ្នំពេញ។ សមាគមនេះ បង្កើតឡើងក្នុងឆ្នាំ២០២១ ដោយសមាជិកស្ថាបនិក ៥រូប។ លោក យុវរីស ជាសមាជិកស្ថាបនិកមួយរូប នៃសមាគមយានយន្ដបុរាណកម្ពុជា។ លោក យុវរីស ពន្យល់ប្រាប់សារព័ត៌មានថ្មីៗថា គោលបំណងនៃកម្មវិធីនេះ គឺដើម្បីភ្ជាប់ទំនាក់ទំនងម្ចាស់ឡានបុរាណៗនៅកម្ពុជា និងការអភិរក្សបេតិកភណ្ឌយានយន្តបុរាណនៅក្នុងប្រទេសកម្ពុជា។

 
ដើម្បីជ្រាបច្បាស់សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ៖ 
 
 
ក្នុងនាមជាស្ថាបនិកមួយនៃសមាគមយានយន្ដបុរាណកម្ពុជា លោក យុវរីស ក៏មានរថយន្ដម៉ាក LAND ROVER ប្រភេទ Defender ម៉ូឌែល ស៊េរី III ពណ៌ត្រយូងចេក ១គ្រឿងដែរ ដែលវាត្រូវបានផលិតនៅចន្លោះឆ្នាំ ១៩៧១-១៩៨៥។ លោកបានទិញវា កាលពី២ឆ្នាំមុន ពីពលរដ្ឋខ្មែរម្នាក់ នៅខេត្តសៀមរាប។ វាមានទ្វារ២ និងកៅអីមួយជួរ៣កៅអី។ 


 
ពីដើមរថយន្ដ LAND ROVER នេះ ជាឡានបែប pickup ដែលមានកាប៊ីនខាងមុខ និងបែនខាងក្រោយ។ ពេលនោះ វាជាកម្មសិទ្ធិរបស់យោធា។ រថយន្តនេះ ត្រូវបានម្ចាស់ មុន របស់វាប្រើប្រាស់សម្រាប់ដឹកភ្ញៀវទេសចរ។ គាត់បានកាត់ដំបូលចេញ ប៉ុន្តែមិនបោះចោលទេ។ គាត់ក៏បានបាញ់ថ្នាំឡើងវិញ ដោយដូរពណ៌បន្តិច។ ហើយគាត់ក៏បានដូរម៉ាស៊ីនដែរ។ ចំណែកលោក យុវរីស វិញ គាត់បានឱ្យជាងធ្វើឡានខ្ពស់ជាង។ គាត់ក៏បានដាក់ពូកក្នុងបែន ដើម្បីអង្គុយចំហៀង។ ហើយគាត់ក៏បានថែមដំបូលកំណាត់ដែរ។ ដំបូលកំណាត់ខ្លីចងបែបនេះ គេហៅថា "ដំបូលប៊ីគីនី"។ វាមិនមែនពីដើមទេ។ ប៉ុន្តែពីដើម LAND ROVER Defender ស៊េរីខ្លះ ដែលមានដំបូលកំណាត់ប៊ីគីនី ពណ៌ខ្សាច់នេះហើយ។ LAND ROVER Defender ស៊េរី សាកស៊ីខ្លីក៏មាន សាកស៊ីវែងក៏មាន។ ឡានរបស់លោក យុវរីស មានលេខសាកស៊ី 109 ដែលជាលេខសម្រាប់សាកស៊ីវែង។


 
រថយន្ដ LAND ROVER Defender ស៊េរី III ត្រូវបានផលិតពីឆ្នាំ១៩៧១ ដល់ឆ្នាំ១៩៨៥។ ពីដើម វាមានម៉ាស៊ីន ៤ស៊ីឡាំង ២,៥លីត្រ កំលាំងម៉ាស៊ីន ២២៨៦CC ដែលប្រើម៉ាស៊ូត ឬប្រើសាំងធម្មតាក៏មាន។ LAND ROVER Defender គឺជារថយន្ដបង្វិលកង់ទាំងបួន ដើម្បីជិះផ្លូវឧបសគ្គ ដែលត្រូវផលិតបន្តតាំងពីឆ្នាំ១៩៤៨ ក្នុងរោងចក្រតែ១ប៉ុណ្ណោះ ស្ថិតនៅទីក្រុង Solihull ប្រទេសអង់គ្លេស។ ពីដំបូង គឺជាប្រភេទតែមួយគត់ ផលិតដោយ LAND ROVER ដូច្នេះវាគ្រាន់តែមានឈ្មោះថា ស៊េរី I ស៊េរី II (ក៏មានស៊េរី IIA និង IIB ដែរ) ហើយស៊េរី III ប៉ុណ្ណោះ។ ហេតុដូច្នេះជាផ្លូវការ ប្រភេទនេះមានឈ្មោះថា Defender តាំងពីឆ្នាំ១៩៨៣មកម្ល៉េះ។


 
ក្រុមហ៊ុន LAND ROVER ត្រូវបានបង្កើតឡើងឆ្នាំ១៩៤៨ ដោយលោក WILKS Spencer និង Maurice ដែលជាបងប្អូនបង្កើត នៅទីក្រុង Solihull ប្រទេសអង់គ្លេស។ គឺជាកម្មសិទ្ធរបស់ក្រុមសម្ព័ន្ធ JAGUAR LAND ROVER៕
 


 




អត្ថបទទាក់ទង
 

Tag:
 រថយន្តបុរាណ
© រក្សាសិទ្ធិដោយ thmeythmey.com