ជាតិ
ក្រសួងមហាផ្ទៃ នឹងរៀបចំសេចក្តីព្រាងគ្រប់គ្រងបុរី និងខុនដូ ក្រោយមានឧក្រិដ្ឋជនលាក់ទុកគ្រឿងញៀន
23, Feb 2022 , 3:20 pm        
រូបភាព
ក្រសួងមហាផ្ទៃ នឹងរៀបចំសេចក្តីព្រាងស្តីពីការគ្រប់គ្រងសណ្ដាប់ធ្នាប់បុរី និងខុនដូ នៅកម្ពុជា ដើម្បីទប់ស្កាត់ការលាក់ទុក និងចរាចរគ្រឿងញៀន ។ សម្ដេច ស ខេង ថ្លែងបែបនេះ នៅក្នុងពិធីបូកសរុបលទ្ធផល នៃអង្គសន្និបាតរបស់ក្រសួងមហាផ្ទៃ និងផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ ចំណុះក្រសួងមហាផ្ទៃ សម្រាប់ទិសដៅ ឆ្នាំ២០២២ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។


សម្ដេច ស ខេង បានបញ្ជាក់ថា កន្លងមកកម្លាំងជំនាញ បានបង្រ្កាប និងប្រមូលគ្រឿងញៀន នៅក្នុងទីតាំងសំខាន់ៗ ដែលក្រុមឧក្រិដ្ឋជន បានយកទៅលាក់ទុក សម្រាប់ជួញដូរនៅកម្ពុជា ដោយក្នុងនោះ រួមមានផ្ទះក្នុងបុរី ខុនដូ និង Apartment ជាដើម។ 
 
រដ្ឋម​ន្រ្តីក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ដូច្នេះថា៖«អាស្រ័យហេតុនេះ យើងក៏ត្រូវជំរុញការរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រង ការស្នាក់នៅក្នុងបុរី អគារខុនដូរ និង Apartment ដើម្បីបង្កើនការគ្រប់គ្រង ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ និងសុវត្ថិភាពននៅតាមទីតាំងទាំងនោះ»។

 


 
បន្ថែមពីនេះសម្ដេច ស ខេង ក៏ជំរុញឱ្យមន្ត្រីជំនាញបង្កើនសមត្ថភាពជំនាញ ក្នុងការស្រាវជ្រាវទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនឱ្យទាន់ពេលវេលា ខណៈដែលក្រុមឧក្រិដ្ឋ ផ្លាស់ប្ដូររូបភាពនៃសកម្មភាពជួញដូរគ្រឿងញៀនខុសច្បាប់ ក្នុងបរិបទសម័យបច្ចេកវិទ្យានេះ។ សម្ដេច ក៏ជំរុញឱ្យកម្លាំងសមត្ថកិច្ច បង្កើនការគ្រប់គ្រងមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ដើម្បីឈានទៅរកការកាត់ផ្ដាច់ចរន្តគ្រឿងញៀន។
 
ក្រៅពីការបង្កើនសមត្ថភាពហើយ កងកម្លាំង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏ត្រូវចៀសឱ្យឆ្ងាយពីការពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀននេះដែរ។ នេះជាការបញ្ជាក់របស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
 
កន្លងមកសម្ដេច ស ខេង ធ្លាប់បានបង្ហើបថា មានរដ្ឋមន្រ្តីក្រសួងមួយ ដែលធ្វេសប្រហែសក្នុងការអនុញ្ញាតឱ្យមានការនាំចូលសារធាតុគីមី ដែលអាចផលិតទៅជាគ្រឿងញៀន ។ បើតាមសម្ដេច ក្រុមជនខិលខូចទាំងនោះ បានស្នើសុំនាំចូលសារធាតុគីមី យកទៅផលិតថ្នាំកសិកម្ម ប៉ុន្តែជាក់ស្ដែងពួកគេ យកទៅផលិតគ្រឿងញៀនទៅវិញ។
 
កាលពីអំឡុងចុងឆ្នាំ ២០២១ សមត្ថកិច្ចបានបង្ក្រាប់បទល្មើសគ្រឿងញៀនជាបន្តបន្ទាប់ ដែលសុទ្ធតែបទល្មើសទ្រង់ទ្រាយធំ។ ក្នុងនោះចាប់ខ្លួនបុរសជនជាតិវៀតណាមម្នាក់ នាថ្ងៃទី៣០ ខែធ្នូ ដោយបានដកហូតគ្រឿងញៀន១៨១គីឡូក្រាម និង៣៧០ក្រាម។ បង្ក្រាបបានក្រុមជនល្មើសជនជាតិចិន ៩នាក់ ក្នុងរាជធានីភ្នំពេញ និងរឹបអូសគ្រឿងញៀន៣៤៧គីឡូក្រាម នាថ្ងៃទី២៤ ធ្នូ ។ បង្ក្រាបជនជាតិចិនជាង១០នាក់ ដែលលួចផលិតគ្រឿងញៀនក្នុងរោងចក្រ នៅខេត្តកំពង់ស្ពឺ នៅថ្ងៃទី១២ ធ្នូ ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ច រកឃើញគ្រឿងញៀនដល់ទៅជាង២តោន (២២៣៧គីឡូក្រាម) និងសារធាតុគីមីផ្សំសម្រាប់ផលិតគ្រឿងញៀនដល់ទៅជាង៨៤តោន។
 
នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំដដែល សមត្ថកិច្ចកម្ពុជា ចាប់បានគ្រឿងញៀន១៦៦គីឡូក្រាម នៅម្តុំកោះល្ង ខេត្តស្ទឹងត្រែង។ ជនល្មើស លួចដឹកគ្រឿងញៀនទាំង១៦៦គីឡូក្រាមនេះ ដោយទូកម៉ាស៊ីន ពីប្រទេសឡាវ ចូលមកកម្ពុជាតាមដងទន្លេមេគង្គ។ ករណីនេះ ជនល្មើស រត់រួច។ ជាមួយគ្នានោះ សមត្ថកិច្ច ចាប់បុរសសញ្ជាតិកាណាដាម្នាក់ ក្នុងរាជធានីភ្នំពេញ និងរឹបអូសគ្រឿងញៀន១៦៧គីឡូក្រាម នៅថ្ងៃទី១០ ខែវិច្ឆិកាផងដែរ។
 
ពេញមួយឆ្នាំ២០២១ សមត្ថកិច្ច រឹបអូសគ្រឿងញៀន-សារធាតុញៀនសរុបជាង ៨០តោន និងចាប់ជនសង្ស័យជាង ១ម៉ឺននាក់ (១៣៧៦៥នាក់) ដោយក្នុងនោះ មានជនបរទេសជាង ៣៦២នាក់៕
 

Tag:
 ស ខេង
  គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com