ជាតិ
សេដ្ឋកិច្ច
ក្រសួង៣រួមគ្នា ​កំណត់​រូបមន្តថ្មី​ដើម្បីសម្រួល​ថ្លៃលក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា
24, Mar 2022 , 7:59 am        
រូបភាព
ស្ថានីយប្រេងឥន្ធនៈមួយកន្លែង នៅរាជធានីភ្នំពេញ។
ស្ថានីយប្រេងឥន្ធនៈមួយកន្លែង នៅរាជធានីភ្នំពេញ។
ភ្នំពេញ៖ អន្តរក្រសួង ​បាន​កំណត់រូបមន្ដសម្រាប់កែសម្រួល​ថ្លៃលក់​រាយ ​ប្រេងឥន្ធនៈ​​នៅកម្ពុជា​ឡើង​វិញ។ ការកំណត់រូបមន្តថ្មីនេះ គឺដើម្បីធ្វើឱ្យ​​ថ្លៃ​លក់​រាយ​ប្រេង​ឥន្ធនៈ​នៅ​តាម​ស្ថានីយ​ប្រេង ឡើង ឬ​ចុះថ្លៃ ​តាម​តម្លៃ​នៅ​លើ​ទីផ្សារ​អន្ដ​រជាតិ។

 
ថ្ងៃទី២២មីនា ឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង​រ៉ែ និងថាមពល បានសម្រេចរួមគ្នា​ កែសម្រួល​រូប​មន្ត​ថ្លៃលក់រាយ​ប្រេងឥន្ធនៈ នៅតាមបណ្ដាស្ថានីយ ​ដោយ​កំណត់​យក «តម្លៃ​រាយ​/លីត្រ = មធ្យមភាគ MOPS + ពន្ធ +PREMIUM + អាករ​លើតម្លៃបន្ថែម (VAT OUT)។ នេះបើតាមសេចក្តីប្រកាសរួម របស់អន្តរក្រសួងខាងលើនេះ។ 
 
ប្រកាសអន្តរក្រសួងបានពន្យល់ថា MOPS ( Mean of Platt Singapore) សំដៅលើតម្លៃមធ្យមភាគ នៃ​ផលិត​ប្រេង​ឥន្ធនៈ​លក់​ដុំ​នៅ​ប្រទេស​សិង្ហ​បុរី ដែល​ចេញផ្សាយដោយក្រុមហ៊ុនPlatts។ ពាក្យ​ PREMIUM សំដៅ​លើ​ចំណាយទូទៅ បូក​ពន្ធលើប្រាក់ចំណេញ និងប្រាក់ចំណេញ ហើយ ​​ពន្ធ​សំដៅលើ​ពន្ធគយ បូក​អាករបន្ថែម បូក​អាករពិសេស។
ប្រកាសខាងលើបានបញ្ជាក់ថា​៖ « តម្លៃ PREMIUM កំណត់ថ្មី ត្រូវបានកំណត់ ០,២០ដុល្លារ​ក្នុងមួយលីត្រ សម្រាប់​ប្រេង​សាំង​ធម្មតា (EA92)។ ចំណែកតម្លៃ Premium ប្រេងម៉ាស៊ូត កំណត់ត្រឹម​ ០,២៣ដុល្លារក្នុង​មួយ​លីត្រ និងតម្លៃ Premium សាំងស៊ុបពែ​ មិនត្រូវបានកំណត់ទេ ដោយអាចលក់តម្លៃប្រកួតប្រជែង ប៉ុន្ដែតម្លៃមួយទាបជាងថ្លៃ​ ដែល​បាន​គណនាដោយរូបមន្ដ»។
 
ពាក់ព័ន្ធនឹងកំណត់រូបមន្តថ្មី សម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​ អាចចេញសេចក្ដីជូនដំណឹងភ្លាមៗ ​ដោយកំណត់ឱ្យ​ចេញថ្លៃលក់រាយជូនក្រុមហ៊ុន​ប្រេង​ឥន្ធនៈ នៅ​ក្នុង ​រយៈ​ពេល១០ថ្ងៃ ឬ១៥ថ្ងៃម្ដង ដើម្បីឱ្យ​មាន​សមាមាត្រគ្នា រវាងតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារ អន្ដរជាតិ និងតម្លៃលក់រាយនៅទីផ្សារកម្ពុជា សម្រាប់រក្សាស្ថិរភាព នៃការផ្គត់ផ្គង់ប្រេង​ឥន្ធនៈនៅកម្ពុជា។
 
អត្ថបទទាក់ទង
 
ប្រកាសរួមដែលចុះហត្ថលេខាដោយលោក អូន ព័ន្ធមុនីរ័ត្ន  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក​ ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក៏បានកំណត់ឱ្យ​ស្ថានីយ​លក់រាយប្រេងឥន្ធនៈទាំងអស់ ត្រូវ​មានយ៉ាងតិចនូវ​ប្រភេទ​ផលិត​ផលប្រេងសាំង ធម្ម​តា និងប្រេងម៉ាស៊ូតសម្រាប់លក់ជាប្រចាំ ​មិនអនុញ្ញាតឱ្យលក់​តែប្រភេទប្រេងសាំងស៊ុបពែ តែ​ មួយ​មុខ​បានទេ។ 
 
ស្ថានីយលក់រាយប្រេងឥន្ធនៈណា ដែលល្មើសនឹងប្រការនេះ ​ នឹង​ត្រូវ​​ពិន័យអន្តរ​ការណ៍ជាប្រាក់ មិនលើសពី ៤លានរៀល(១ពាន់ដុល្លារ)។  ​បើស្ថានីយប្រេងឥន្ធនៈដដែល នៅ​បន្ត​ប្រព្រឹត្ត​បទល្មើស នឹងប្រឈមការ​ផ្អាក​ប្រតិបត្តិ​ការ​បណ្ដោះអាសន្ន ។ 
 
សូមជម្រាបថា បច្ចុប្បន្ន តម្លៃប្រេងឥន្ធនៈដែលលក់រាយ​នៅកម្ពុជា បានកើនដល់ ៥ ៣០០រៀល ក្នុងមួយលីត្រ សម្រាប់សាំងធម្មតានិងម៉ាស៊ូត​ ខណៈសាំងស៊ុបពែ តម្លៃ​បានឡើងដល់៥  ៨៥០រៀល ក្នុងមួយលីត្រ៕
 

Tag:
 ប្រេងឥន្ធនៈ
© រក្សាសិទ្ធិដោយ thmeythmey.com