ជាតិ
សេដ្ឋកិច្ច
​ប្រេងឆៅជិត៣០ម៉ឺនបារ៉ែល ដែលគេលួចពីកម្ពុជា មិនទាន់មានតម្រុយយកមកវិញឡើយ
24, Mar 2022 , 8:59 am        
រូបភាព
សកម្មភាពបូមប្រេងរបស់ក្រុមហ៊ុន KrisEnergyកន្លងមកនៅប្លុកA។ រូបថត៖ ក្រសួងរ៉ែ និងថាមពល
សកម្មភាពបូមប្រេងរបស់ក្រុមហ៊ុន KrisEnergyកន្លងមកនៅប្លុកA។ រូបថត៖ ក្រសួងរ៉ែ និងថាមពល
ភ្នំពេញ៖ ១០ខែមកហើយ កម្ពុជានៅតែមិនទាន់ទទួលបានតម្រុយណាមួយ ក្នុងការយកប្រេងឆៅជិត៣០ម៉ឺនបារ៉ែលមកវិញ ខណៈប្រេងទាំងនោះ កំពុងស្ថិតនៅលើតុពិភាក្សារវាងតំណាងមេធាវីកម្ពុជា ជាមួយតំណាងក្រុមហ៊ុន KrisEnergy និងក្រុមហ៊ុនកប៉ាល់ MT Strovolos  ក្នុងប្រទេសឥណ្ឌណេស៊ី។

 
 
ប្រេងឆៅរបស់កម្ពុជា ចំនួន ២៩៥ ,០០០បារ៉ែល ដែលក្រុមហ៊ុន KrisEnergy បូមបានពីប្លកA នៃដែនសមុទ្រកម្ពុជា ត្រូវបាននាវាMT Strolovos របស់ក្រុមហ៊ុន World Tankers Management  លួចដឹកចេញពីដែនទឹកកម្ពុជា កាលពីអំឡុងខែមិថុនា ​ឆ្នាំ២០២១។ មកទល់បច្ចុប្បន្ន កម្ពុជាមិនទាន់មានតម្រុយយកប្រេងទាំងនោះ មកវិញបានឡើយ។ 
 
ពាក់ព័ន្ធនឹងការនិតីវិធីក្នុងការយកប្រេងឆៅរបស់កម្ពុជាមកវិញនេះ លោក ជៀប សួរ ដែលជាអគ្គនាយកប្រេងកាតនៃក្រសួងរ៉ែ និងថាមពល បានលើកឡើងថា ការងារនេះ គឺដោះស្រាយមិនទាន់ចប់នៅឡើយទេ។ លោកបានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ (ThmeyThmey)តាមប្រព័ន្ធតេលេក្រាមនាព្រឹកថ្ងៃទី២៣មីនា ឆ្នាំ២០២២ ដូច្នេះ​៖ « បច្ចុប្បន្ន មេធាវីយើងកំពុងពិភាក្សា ជាមួយតំណាងក្រុមហ៊ុន KrisEnergy និងក្រុមហ៊ុនកប៉ាល់ MT Strovolos។ ពេលចប់យើងនឹងជូនដំណឹង»។​ 
 
ជុំវិញនិតីវិធីបញ្ចប់លើប្រេងឆៅនេះ អគ្គនាយកប្រេងកាតនៃក្រសួងរ៉ែ និងថាមពល ​មិនអាចបញ្ជាក់បានឡើយ ខណៈកម្ពុជាបានដាក់ឯកសារបន្ថែមជាបន្តបន្ទាប់ លើបណ្ដឹងទាមទារប្រេងឆៅប្រមាណ៣០​ម៉ឺន​បារ៉ែល ត្រលប់មកវិញ ទៅកាន់ប្រទេសឥណ្ឌូណេស៊ី។ 
 
សូមជម្រាបថា អាជ្ញាធរនៃប្រទេសឥណ្ឌូណេស៊ី បានឃាត់មនុស្សជិត២០នាក់ និងនាវា MT Strovolos បានលួចដឹកប្រេងឆៅរបស់កម្ពុជាចេញពីសមុទ្រ កាលពីថ្ងៃទី១៩មិថុនា ឆ្នាំ២០២១។ មូលហេតុនៃការលួចដឹកប្រេងទាំងនេះចេញពីកម្ពុជា គឺក្រោមហេតុផលក្រុមហ៊ុន KrisEnergy ជំពាក់បំណុលម្ចាស់នាវាMT Strovolos ដែលក្រុមហ៊ុនKrisEnergy បានជួលមកផ្ទុកប្រេងរបស់កម្ពុជាដែលបូមបាន។
 
ពាក់ព័ន្ធនឹងករណីលួចដឹកប្រេងឆៅនេះ កន្លងមកក្រុមហ៊ុន World Tankers Management ដែលគ្រប់គ្រងលើនាវា ​MT Strovolos បានចេញមុខបដិសេធលើអំពីលួចដឹកប្រេងឆៅជិត៣០ម៉ឺនបារ៉ែល ចេញពីដែនទឹកកម្ពុជា។ លើសពីនេះ ក្រុមហ៊ុននេះបានទាមទារឱ្យរដ្ឋាភិបាលប្រទេសឥណ្ឌូណេស៊ី ដោះលែង​នាវិក​របស់ខ្លួនមកវិញ ​បន្ទាប់ពី​កងទ័ពជើងទឹក​ឥណ្ឌូណេស៊ី ​បានចាប់រឹបអូស​នាវា​ MT Strovolos ​ទៅតាមការស្នើសុំ​របស់អាជ្ញាធរ​កម្ពុជា៕ 
 
 
 
 

Tag:
 ប្រេងឆៅ
  លោក ជៀប សួរ
© រក្សាសិទ្ធិដោយ thmeythmey.com