ជាតិ
សេដ្ឋកិច្ច
នាយករដ្ឋមន្រ្តី ៖ តំបន់សៀមរាបមិនអាចប្រៀបធៀបទៅនឹងទីផ្សារអចលនទ្រព្យ ដូចខេត្តដទៃបានឡើយ
04, Apr 2022 , 10:29 am        
រូបភាព
សម្តេច ហ៊ុន សែន
សម្តេច ហ៊ុន សែន
សម្តេច ហ៊ុន សែន ប្រាប់ដល់ក្រុមអ្នកអភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យទាំងអស់ ថា  តំបន់សៀមរាបគឺមិនអាចយកទៅប្រៀបធៀបទៅនឹងទីផ្សារអចលនទ្រព្យ ដូចខេត្តដទៃបានឡើយ។ ការលើកឡើងរបស់សម្តេចនេះ គឺធ្វើឡើងបន្ទាប់ ពីមានអ្នកអភិវឌ្ឍវិស័យអចលនទ្រព្យម្នាក់ បាននិយាយប៉ះពាល់ដល់តំបន់រមណីយដ្ឋានអង្គរ​ ដែលជាសម្បត្តិវប្បធម៌ជាតិ។

 
លោក គីម ហ៊ាង អគ្គនាយកក្រុមហ៊ុនខ្មែរ រៀលអ៊ីស្ទេត ធ្លាប់និយាយថា ចំណុចខ្សោយរបស់ខេត្តសៀមរាប គឺការកំណត់កម្ពស់នៃការសាងសង់គម្រោងធំៗ និងការអភិរក្សវប្បធម៌ច្រើនពេក។ កាលពីថ្ងៃទី១២ កុម្ភៈ លោក គីម ហ៊ាង ថ្លែងនៅក្នុងសិក្ខាសាលាអចលនទ្រព្យ ដូច្នេះ៖«តើយើងអភិរក្សដល់ណាទៀត? I Love Cambodia! ខ្ញុំស្រលាញ់វប្បធម៌កម្ពុជា! អាណាក៏ចេះនិយាយដែរ ប៉ុន្តែបើស្រលាញ់ គឺសំខាន់ឱ្យសេដ្ឋកិច្ចដើរ បើសេដ្ឋកិច្ចងាប់ តើស្រលាញ់ធ្វើអី? ចំណុចខ្សោយខេត្តសៀមរាប គឺការកំណត់កម្ពស់នៃការសាងសង់។ អាហ្នឹងចំណុចងាប់ហ្មង ទាក់ទងរៀលអ៊ីស្ទេត»។ ​ 
 
ជុំវិញនៃការលើកឡើងរបស់ លោក គីម ហ៊ាង​ ដែលរងនូវប្រតិកម្មខ្លាំងពីអ្នកអភិរក្សវប្បធម៌ជាតិផងនោះ ត្រូវបានប្រមុខរដ្ឋាភិបាល សម្តេច ហ៊ុន សែន ផ្តាំដល់ក្រុមអ្នកអភិវឌ្ឍអចលនទ្រព្យទាំងអស់ ឱ្យគិតពីតម្លៃរួមនៃសម្បត្តិវប្បធម៌ជាតិ ជាជាងផលប្រយោជន៍ផ្ទាល់ខ្លួន។
 
ថ្លែងនៅក្នុងពិធីសម្ពោធផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប នាព្រឹកថ្ងៃទី៤ មេសា ប្រមុខរដ្ឋាភិបាល បាននិយាយដូច្នេះថា៖ « មិនអាចយកតំបន់សៀមរាប ប្រៀបធៀបទៅនឹងទីផ្សារអចលនទ្រព្យ ដូចជាខេត្តដទៃទេ។ ប្រសិនជាធ្វើដូច្នោះកម្ពុជា នឹងត្រូវគេបណ្តេញចេញ ដោយយកអង្គរវត្តរបស់យើង​ចេញពីបញ្ជីបេតិកភណ្ឌពិភពលោកហើយ»។ 
​​
ជាមួយគ្នានេះ សម្តេច ហ៊ុន សែន បានបន្ថែមថា នៅកម្ពុជាមិនខ្វះតំបន់អភិវឌ្ឍន៍អចលនទ្រព្យនោះទេ តែសូមកុំអភិវឌ្ឍនៅក្បែរតំបន់អង្គរ ដែលធ្វើឱ្យសម្បត្តិជាតិកម្ពុជា ប្រឈមនឹងការ ដកចេញពីបញ្ជីនៃបេតិកភណ្ឌពិភពលោក។ 
 
នាយករដ្ឋមន្ត្រីកម្ពុជារូបនេះ បន្តមានប្រសាសន៍ដូច្នេះ៖ «សូម្បីតែប្រទេសជឿនលឿន ដែលកសាងបំពានទៅលើលក្ខខណ្ឌបច្ចេកទេសអង្គការយូណេស្កូ គេបានដកចេញពីបញ្ជីនៃបេតិកភណ្ឌពិភពលោកតែម្តង។ កម្ពុជា ក៏ដូចគ្នា ប្រសិនជាយើងបំពានលក្ខខណ្ឌទាំងឡាយ ដែលកំណត់ដោយអង្គការយូណេស្កូ យើងនឹងបាត់បង់លក្ខណៈសម្បត្តិជាបេតិកភណ្ឌពិភពលោក ទាំងនៅអង្គរវត្ត ទាំងនៅសំបូរព្រៃគុក និងទាំងនៅប្រាសាទព្រះវិហារ»។ 
 
 
កាលពីខែកក្កដា ឆ្នាំ២០២១ អង្គការយូណេស្កូ ធ្លាប់បានដកទីក្រុង Liverpool របស់អង់គ្លេស ចេញពីបញ្ជីបេតិកភណ្ឌ ដោយសារទីក្រុងនេះ មានការអភិវឌ្ឍគម្រោងសំណង់អគារខ្ពស់ៗ និងប្រណិត ខុសពីទ្រង់ទ្រាយដើម នៃការចុះបញ្ជីយូណេស្កូ។ ទីក្រុង Liverpool គឺជាទីក្រុងទី៣ ដែលត្រូវបានយូណេស្កូ ដកចេញពីបញ្ជីបេតិកភណ្ឌ ក្រោយពីទទួលបាននាមអស់រយៈពេល៤៣ឆ្នាំ។ យូណេស្កូ ក៏ធ្លាប់បានដកតំបន់ជម្រកសត្វព្រៃ នៅទីក្រុងអូម៉ង់ ប្រទេសអារ៉ាប់ ពីបញ្ជីបេតិកភណ្ឌ នៅឆ្នាំ២០០៧ និងបីតំបន់ជ្រលងភ្នំអែលបេ នាទីក្រុងត្រែសស្ដែន របស់អាល្លឺម៉ង់ នៅឆ្នាំ២០០៩ ផងដែរ៕
 
 
 

Tag:
 អលចនទ្រព្យ
  សម្តេច ហ៊ុន សែន
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com