ជាតិ
នាយករដ្ឋមន្ត្រីឥណ្ឌា ប្រាប់សម្ដេច ហ៊ុន សែន ថា សមុទ្រចិនខាងត្បូង គួរបើកចំហដោយសេរី តាមច្បាប់អន្តរជាតិ
19, May 2022 , 10:51 am        
រូបភាព
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកនាយករដ្ឋមន្រ្តីឥណ្ឌា ណារិនដ្រា ម៉ូឌី បានជួបពិភាក្សាគ្នាតាមប្រព័ន្ធវីដេអូអនឡាញ កាលពីថ្ងៃទី១៨ ឧសភា ២០២២
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកនាយករដ្ឋមន្រ្តីឥណ្ឌា ណារិនដ្រា ម៉ូឌី បានជួបពិភាក្សាគ្នាតាមប្រព័ន្ធវីដេអូអនឡាញ កាលពីថ្ងៃទី១៨ ឧសភា ២០២២
នាយករដ្ឋមន្រ្តីឥណ្ឌា ណារិនដ្រា​ ម៉ូឌី​ (Narendra Modi) បានប្រាប់សម្ដេច ហ៊ុន សែន ថា សមុទ្រចិនខាងត្បូងមានសារៈសំខាន់ណាស់ ដែលត្រូវមានការបើកចំហដោយសេរី ស្របតាមច្បាប់អន្តរជាតិ។ នាយករដ្ឋមន្រ្តីឥណ្ឌា និងកម្ពុជា បានពិភាក្សាគ្នាតាមរយៈប្រព័ន្ធវីដេអូ កាលពីយប់ថ្ងៃទី១៨ ឧសភា។


ផ្ដើមកិច្ចសន្ទនាដំបូង នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា​ ម៉ូឌី​ និងសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកពីការពង្រឹងទំនាក់ទំនង និងកិច្ចសហការទ្វេភាគី លើវិស័យសេដ្ឋកិច្ច វប្បធម៌ សុខាភិបាល អប់រំ សន្តិសុខ និងការពារជាតិ។ ជាពិសេសគម្រោងអភិវឌ្ឍន៍ឆាប់រហ័ស ដែលជាគម្រោងឥណ្ឌា ជួយដល់កម្ពុជា រួមទាំងកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា។
 
ក្រៅពីកិច្ចសហប្រតិបត្តិការទ្វេភាគីនេះ នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានពិភាក្សាលើបញ្ហាតំបន់ និងអន្តរជាតិ ដូចជា កិច្ចការប្រធានអាស៊ាន ដែលត្រូវជួយដោះស្រាយបញ្ហាវិបត្តិនយោបាយ នៅមីយ៉ាន់ម៉ា និងបញ្ហាជម្លោះអាវុធរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលកំពុងប៉ះពាល់ដល់បញ្ហាសន្តិសុខស្បៀង និងថាមពល នាពេលអនាគតទៀតផង។
 
និយាយដល់បញ្ហាក្នុងតំបន់នេះ នាយករដ្ឋមន្រ្តីឥណ្ឌា ណារិនដ្រា​ ម៉ូឌី​ ក៏ឆ្លៀតលើកយកបញ្ហាសមុទ្រចិនខាងត្បូង មកពិភាក្សាជាមួយសម្ដេច ហ៊ុន សែន។ តាមរយៈហ្វេសប៊ុកសម្ដេច ហ៊ុន សែន ដែលបានសម្រង់សម្តីលោកនាយករដ្ឋមន្រ្តីឥណ្ឌា ប្រាប់់សម្ដេច យ៉ាងដូច្នេះថា៖« សមុទ្រចិនខាងត្បូង គឺជាសមុទ្រដែលមានសារៈសំខាន់ណាស់ ជាពិសេស ធ្វើយ៉ាងណាឱ្យមានសេរី បើកចំហ និងផ្អែកទៅលើច្បាប់អន្តរជាតិ»។
 
ខ្លឹមសារនិយាយពីសមុទ្រចិនខាងត្បូងនេះ មានសម្តីខ្លីត្រឹមនេះប៉ុណ្ណោះ នៅលើហ្វេសប៊ុកសម្ដេច ហ៊ុន សែន ដែលមិនមានខ្លឹមសារឆ្លើយតបទៅលោកនាយករដ្ឋមន្រ្តីឥណ្ឌា ណារិនដ្រា​ ម៉ូឌី​ ជុំវិញករណីនេះឡើយ។
 
តែយ៉ាងណាទាក់ទងនឹងបញ្ហាសមុទ្រចិនខាងត្បូង សម្តេច ហ៊ុន សែន ធ្លាប់ប្រកាសជាច្រើនដងកន្លងមកហើយថា កម្ពុជាប្រកាន់គោលជំហរគោរពអនុវត្តពេញលេញនូវសេចក្តីប្រកាសក្រមប្រតិបតិ្តភាគីសមុទ្រចិនខាងត្បូង (DOC) នៅភ្នំពេញ កាលពីឆ្នាំ២០០២ ហើយសុំឲ្យប្រទេសពាក់ព័ន្ធសម្របសម្រួលគ្នា ព្រោះអាស៊ានគ្មានសិទ្ធិវាស់ដីចែកជូននោះឡើយ។
 
កាលពីចុងខែធ្នូ ឆ្នាំ២០២១ ប្រមុខរដ្ឋាភិបាល ក៏បានប្រកាសម្ដងទៀតថា គោលជំហររបស់កម្ពុជាមិនផ្លាស់ប្តូរទេ ហើយភាគីពាក់ព័ន្ធ រួមទាំងអ្នកវិភាគ កុំចាប់បង្ខំកម្ពុជា ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២ ឱ្យធ្វើជាចៅក្រមលើបញ្ហានេះ។ សម្តេច ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ថា កម្ពុជាមិនគួររងការស្តីបន្ទោសទាក់ទងនឹងបញ្ហាសមុទ្រចិនខាងត្បូងនោះឡើយ ខណៈបណ្តាប្រទេសអាស៊ានផ្សេងទៀត សុទ្ធតែមិនអាចដោះស្រាយបាននាអំឡុងដែលពួកគេកាន់តំណែងជាប្រធានកន្លងមក។
 
តាមពិតទៅឥណ្ឌា មិនមែនជាភាគីជម្លោះពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូងឡើយ។ ប៉ុន្តែគោលបំណងដែលនាយករដ្ឋមន្រ្តីឥណ្ឌា ម៉ូឌី ប្រាប់សម្ដេច ហ៊ុន សែន ពីសារៈសំខាននៃសមុទ្រចិនខាងត្បូង គឺទំនងជាចង់ឃើញសមុទ្រមួយនេះ មានការបើកចំហរ ដោយសេរី លើវិស័យដឹកជញ្ជូនតាមផ្លូវទឹក ដែលជាចរន្តសេដ្ឋកិច្ច ពាណិជ្ជកម្ម ស្របតាមច្បាប់អន្តរជាតិ ។ ជាពិសេសការប្រើប្រាស់ធនធានធម្មជាតិក្នុងសមុទ្រ ដែលផ្ដល់ប្រយោជន៍រួមគ្នា ដល់ប្រទេសក្នុងតំបន់នៅជាប់សមុទ្រចិនខាងត្បូង ដែលមិនគួរក្ដោបក្ដាប់គ្រប់គ្រងដោយប្រទេសណាមួយឡើយ ជាពិសេសគឺចិន។
 
​ភាគីពាក់ព័ន្ធនៃជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ក្នុង​ក្របខណ្ឌ​អាស៊ាន ​រួមមាន​រដ្ឋ​អាស៊ាន​បួន​ដូចជា​ ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង វៀតណាម និង ចិន​។ កន្លងមក​ភាគី​ពាក់​ព​ន្ធ័​ជាពិសេស​អាស៊ាន បាន​ព្យាយាម​បង្កើត​យន្តការ​នានា​ ដើម្បី​កាត់បន្ថយ​នូវ​ភាពតានតឹង​នៅក្នុង​តំបន់​ជម្លោះ ​តាមរយៈ​កិច្ចប្រជុំ​របស់​អាស៊ាន​។ តែវា​មិនមែនជា​រឿង​ងាយស្រួលនោះទេ ក្នុងការ​ទាញ​ចិន​ដែលជា​ភាគី​តែមួយគត់​ ដែល​បានទាមទារ​ស្ទើរតែ​ទាំងស្រុង​នៃ​តំបន់​ជម្លោះ​ ដោយ​យោងតាម​ហេតុផល​ប្រវត្តិសាស្ត្រ ខណៈ​រដ្ឋ​អាស៊ាន​លើកយក​ហេតុផល​ច្បាប់​មក​ដោះស្រាយ​នោះ​។​
 
ប៉ុន្តែចិន តែងតែ​បដិសេធ​រាល់​ការដោះស្រាយ​ជា​លក្ខណៈ​ពហុភាគី និងជំនួស​វិញ​ ដោយ​ការដោះស្រាយ​តាម​លក្ខណៈ​ទ្វេភាគី​ ដែល​ហ្វីលីពីន តែងតែ​ជំទាស់​ជាដាច់ខាត​។ ស្របពេលគ្មានដំណោះស្រាយនេះ ​ចិន​ដែលជា​ភាគី​ជម្លោះ​មួយ និងជា​មហាអំណាច​ដ៏​មានឥទ្ធិពល​ក្នុង​តំបន់ផងនោះ ក៏​បាន​ឆ្លៀតឱកាស​វាតទី​លើ​តំបន់​ជម្លោះ​ត្រួត​ស៊ី​។ បើ​យោងតាម​របាយការណ៍​ផ្កាយរណប​របស់​អាមេរិក បាន​បង្ហាញកន្លងមកថា ចិន បាន​ចូលទៅ​សាងសង់​កោះ​សិប្បនិម្មិត​ដែលមាន​ទំហំ​ជាច្រើនហិច​តា ​ដែល​ជា​គោលដៅ​មូលដ្ឋាន​យោធា​ដ៏​សំខាន់​មួយទៀតផង៕
 

Tag:
 ហ៊ុន សែន
  សមុទ្រចិនខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com