ជាតិ
សេដ្ឋកិច្ច
ពាណិជ្ជកម្មសេរី៖ កម្ពុជានាំទំនិញទៅចិន ធ្លាក់ចុះជិត៧ភាគរយ ខណៈចិននាំមកវិញ កើន៣១ភាគរយ 
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាច្រកនាំចេញនាំចូលទំនិញធំជាងគេរបស់កម្ពុជា។ ថតដោយ អ៊ូ សុខមាន កាលពីខែវិច្ឆិកា ឆ្នាំ២០២១
×![]()
ក្រោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា-ចិន(CC-FTA)ចូលជាធរមានហើយនោះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ សម្រេចបានជិត៥០០០លានដុល្លារអាម៉េរិក ដែលកើន២៦,១ភាគរយ នារយៈពេល៥ខែមកនេះ។ ប៉ុន្តែសម្រាប់ការនាំចេញរបស់កម្ពុជាទៅចិន គឺធា្លក់ចុះជិត៧ភាគរយ ខណៈនាំចូលពីចិនវិញ កើនដល់ជាង៣១ភាគរយ បើធៀបនឹងគ្រាដូចគ្នាកាលឆ្នាំ២០២១។ នេះបើយោងតាមសិ្ថតិពាណិជ្ជកម្មរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
៥ខែក្រោយCC-FTAចូលធរមាន កម្ពុជានាំទំនិញទៅប្រទេសចិន ជិត៥២០លានដុល្លារប៉ុណ្ណោះ ដែលធ្លាក់ចុះ ៦,៩ភាគរយ។ ជាមួយនឹងគ្នានេះ ចិននាំទំនិញចូលកម្ពុជាវិញ មានទំហំរហូតដល់ ៤ ៤៧០លានដុល្លារ ដែលកើនក្នុងអត្រា ៣១,៥ភាគរយ ធៀបនឹងពេលដូចគ្នា កាលឆ្នាំ២០២១។
ការនាំចេញរបស់កម្ពុជាទៅចិនធា្លក់ចុះ អាចបណ្តាលមកពី កង្វះទូត្រជាក់សម្រាប់ផ្ទុកកសិផល ដែលបណ្តាលឱ្យទូត្រជាក់ឡើងថ្លៃខ្លាំងរហូតដល់ជាង៣ដង បើធៀបពេលមុនវិបតិ្តកូវីដ-១៩។ ចំពោះវិធានការរបស់ចិន ត្រួតពិនិត្យទំនិញនាំចូល ដើម្បីទប់ស្កាត់ការរាលដាលឆ្លងកូវីដ-១៩ ស្របតាមយុទ្ធសាស្រ្តគ្មានការរាលដាលឆ្លងនូវកូវីដ-១៩ពីប្រទេសខាងក្រៅនោះ ក៏អាចជាកត្តាប្រឈមមួយទៀតសម្រាប់កម្ពុជា ក្នុងការនាំចូលទំនិញចូលទីផ្សារប្រទេសចិន ផងដែរ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា-ចិន(CC-FTA) បានចូលជាធរមាននៅថ្ងៃទី១មករា ឆ្នាំ២០២២។ យោងតាមការរៀបចំកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ សមាមាត្រលើកលែងពន្ធលើទំនិញពាណិជ្ជកម្ម នៃភាគីទាំងពីរមានជាង៩០ភាគរយ។ សម្រាប់ការនាំចេញរបស់កម្ពុជាទៅប្រទេសចិន ត្រូវបានរំពឹងថា នឹងមានការកើនឡើងប្រមាណ២៥ភាគរយ ជារៀងរាល់ ឬលើសពីនេះ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ។
កន្លងមក លោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអះអាងថា ទំនិញកម្ពុជាជាង៣០០មុខ អាចនាំទៅចិនបានដោយមិនគិតពន្ធ នៅពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ចូលជាធរមាន។ លោកបានបញ្ជាក់ថា ក្នុងចំណោមមុខទំនិញជាង៣០០មុខនេះ គឺមានផលិតផលកសិកម្ម៩៥ភាគរយ ត្រូវរួចពន្ធសម្រាប់ការនាំចេញទៅចិន។ ប៉ុន្តែ ផលិតផលគ្រឿងចក្រ និងយានយន្តផ្សេងៗវិញ ចិននៅតែបន្តយកពន្ធនាំចូលដដែល។
ស្ថិតិពាណិជ្ជកម្មរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបង្ហាញថា ៥ខែដើមឆ្នាំ២០២២ កម្ពុជាមានទំហំពាណិជ្ជកម្មជាមួយបណ្តាប្រទេសក្នុងពិភពលោក ប្រមាណ ២២,៤ពាន់លានដុល្លារ ដែលកើនជិត២០ភាគរយ។ ក្នុងនោះទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា គឺសហរដ្ឋអាម៉េរិក មានទំហំទឹកប្រាក់ជាង៣,៧ពាន់លានដុល្លារ ខណៈកម្ពុជានាំទំនិញពីប្រទេសចិនច្រើនជាងគេវិញ៕
© រក្សាសិទ្ធិដោយ thmeythmey.com