អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រេសិតប្រធានអាស៊ាន ស្នើឱ្យបញ្ជូនលោកស្រី អ៊ុងសាន ស៊ូជី ទៅឃុំខ្លួននៅលំនៅដ្ឋានវិញ
27, Jun 2022 , 1:14 pm        
រូបភាព
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជួបលោកស្រី អ៊ុងសាន ស៊ូជី នៅមីយ៉ាន់ម៉ា កាលពីថ្ងៃទី១ កុម្ភៈ ២០០៩។ រូប AFP
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជួបលោកស្រី អ៊ុងសាន ស៊ូជី នៅមីយ៉ាន់ម៉ា កាលពីថ្ងៃទី១ កុម្ភៈ ២០០៩។ រូប AFP
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន បានស្នើឱ្យអាជ្ញាធរមីយ៉ាន់ម៉ា បញ្ជូនលោកស្រី អ៊ុងសាន ស៊ូជី ត្រឡប់ទៅឃុំខ្លួន នៅគេហដ្ឋានវិញ។

 
លោក ប្រាក់ សុខុន បានចេញលិខិតមួយ ផ្ញើរទៅក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) នៃសហភាពមីយ៉ាន់ម៉ា ដោយបង្ហាញនូវ «ក្តីកង្វល់យ៉ាងខ្លាំងរបស់សហសេវិកអាស៊ាន» ចំពោះការផ្ទេរលោកស្រី អ៊ុងសាន ស៊ូជី ពីលំនៅដ្ឋានទៅកាន់ពន្ធនាគារនៅក្នុងទីក្រុងណៃពិដោ ។ ក្នុងលិខិត ប្រេសិតប្រធានអាស៊ាន បានទទូចឱ្យក្រុមប្រឹក្សារដ្ឋបាលរដ្ឋ សម្របសម្រួលដល់ការបញ្ជូនលោកស្រី ស៊ូជី ត្រឡប់ទៅលំនៅដ្ឋាន ដែលជាទីតាំង ឃុំខ្លួនពីដំបូងរបស់អ្នកនយោបាយប្រឆាំងរូបនេះ។
 
ក្នុងតួនាទីជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពី មីយ៉ាន់ម៉ានេះ ប្រមុខការទូតកម្ពុជា បានរៀបរាប់ដូច្នេះ៖«ខ្ញុំសូមលើកឡើងពីការទទូចរបស់សហសេវិកអាស៊ាន សូមឱ្យក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃមីយ៉ាន់ម៉ា ប្រកាន់យកក្តីអនុគ្រោះ និងសម្រួលដល់ការវិលត្រឡប់របស់លោកស្រី អ៊ុងសាន ស៊ូជី ទៅកាន់លំនៅដ្ឋានដែលលោកស្រីត្រូវបានឃុំខ្លួនពីដំបូង ដោយហេតុផលសុខភាព និងសុខមាលភាព ទ្រុឌទ្រោមរបស់លោកស្រី ក៏ដូចជាការអនុវត្តនីតិរដ្ឋប្រកបដោយយុត្តិធម៌ និងសុភវិនិច្ឆ័យ»។
 
ប្រេសិតពិសេសរូបនេះ បានប្រាប់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ាថា ដំណោះស្រាយនយោបាយដោយសន្តិវិធី ចំពោះជម្លោះមួយ ត្រូវតែមានការចែករំលែកលំហនយោបាយដោយភាគីពាក់ព័ន្ធទាំងអស់ ទោះបីជាមានភាពស្មុគស្មាញយ៉ាងណាក៏ដោយ ។ «យើងទាំងអស់គ្នាមានទស្សនៈដូចគ្នាថា ការផ្សះផ្សាជាតិដោយសន្តិវិធី មិនអាចកើតឡើងបានឡើយ នៅពេលដែលភាគីមួយនៃជម្លោះ មិនត្រូវបានបញ្ជូលទៅក្នុងសមីការ (equation) ដំណោះស្រាយ។ អាស្រ័យហេតុនេះ សហសេវិកអាស៊ានទាំងអស់ ជំរុញយ៉ាងខ្លាំងឱ្យក្រុមប្រឹក្សារដ្ឋបាលរដ្ឋរបស់មីយ៉ាន់ម៉ា ចាប់ផ្តើមដំណើរការប្រកបដោយបរិយាប័ន្ននៃការផ្សះផ្សាជាតិ ដោយមិនមានការពន្យារពេលបន្ថែមទៀតនោះឡើយ»។ នេះបើតាមលិខិតរបស់ប្រេសិតប្រធានអាស៊ាន ដែលចេញផ្សាយដោយក្រសួងការបរទេសកម្ពុជា នាថ្ងៃទី២៧ មិថុនា។ 
 
អត្ថបទទាក់ទង
 
 
កន្លងមក លោកស្រីស៊ូជី ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល១១ឆ្នាំរួចហើយ ពាក់ព័ន្ធបទល្មើសប្រព្រឹត្តអំពើពុករលួយ ការញុះញង់ប្រឆាំងយោធា ការបំពានវិធានការជំងឺកូវីដ-១៩ និងច្បាប់ទូរគមនាគមន៍។ បន្ថែមពីនេះ លោកស្រី ក៏រងបទចោទផ្សេងទៀតផងដែរ ដូចជាការបន្លំការបោះឆ្នោត និងការបំពានច្បាប់ការណ៍សម្ងាត់ជាតិ។ យ៉ាងណាមិញ មេដឹកនាំរដ្ឋាភិបាលស៊ីវិលរូបនេះ បានជំទាស់គ្រប់បទចោទ។ 
 
លោកស្រី ស៊ូជី ត្រូវបានឃុំនៅក្នុងផ្ទះ ចាប់តាំងពីរដ្ឋប្រហារនៅក្នុងខែកុម្ភៈ ឆ្នាំ២០២១ មក។ លោកស្រីចាកចេញពីផ្ទះ ក្នុងករណីចូលរួមសវនាការប៉ុណ្ណោះ។ មេដឹកនាំរដ្ឋាភិបាលស៊ីវិលរូបនេះ រួមទាំងមេធាវី ត្រូវបានហាមឃាត់មិនឱ្យផ្តល់កិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានឡើយ៕
                                                        
 
 
 
 
 
 

Tag:
 ប្រាក់ សុខុន
  អ៊ុងសាន ស៊ូជី
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com