ជាតិ
រថយន្ត
ទោះ​អាយុជាង៥០ឆ្នាំ តែMercedes-Benz នៅតែហំហួន​ លម្អផ្ទះបុរាណមួយកន្លែង​ក្នុងក្រុង​ភ្នំ​​ពេញ
27, Jun 2022 , 7:59 pm        
រូបភាព
ភ្នំពេញ៖ ភូមិគ្រឹះសសរ១០០ នៅ​សង្កាត់​ព្រែក​លាប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំ​ពេញ សុទ្ធ​តែផ្ទះ​ឈើរចនា​បថខ្មែរ​បុរាណ។ នៅបរិវេណផ្ទះបុរាណនេះ  ​ក៏​មាន​រថយន្ដ​បុរាណ​៥គ្រឿងដែរ ដែលត្រូវបានម្ចាស់ដាក់តាំងលម្អ  និងមាន​១គ្រឿង​ទៀតដែល​អាច​ជិះ​បាន។ គឺ​ជា​ឡាន​ពី​ជំនាន់ផ្សេងៗ ដែលត្រូវ​បាន​ផលិត ពី​ប្រហែល​ឆ្នាំ១៩២២ ដល់​ឆ្នាំ១៩៧០។ ក្នុង​នោះ ៣គ្រឿង​ ជា​ម៉ាក​បារាំង RENAULT និង CITROËN ហើយ​២​គ្រឿង​ជាម៉ាក​អាល្លឺម៉ង់ VOLKSWAGEN និង MERCEDES-BENZ ។

 
រថយន្ដ​ម៉ាក MERCEDES-BENZ នេះ គឺជា​ប្រភេទW114 ម៉ូឌែល 230 ពណ៌​ពងមាន់ ផលិត​ ​ឆ្នាំ​១៩៦៨។ ទោះវាមានអាយុកាលជាង ៥០ឆ្នាំទៅហើយ ប៉ុន្តែរថយន្តមួយគ្រឿងនេះ នៅតែធន់ មាំ និងឈរយ៉ាងហំ បង្អួតរាង លម្អគេហដ្ឋានបុរាណនេះ។
 
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកទស្សនាវីដេអូខាងក្រោមនេះ៖
 
 
ម៉ូឌែល​នេះ មាន​លេខ​កូដ​ក្រុមហ៊ុន W114.015 ។ លេខ២៣០ មក​ពី​ម៉ាស៊ីន​មាន​ចំណុះ ២៣០សង់ទី​លីត្រ (តាម​ពិតត្រឹម ២២៩២ ម៉ីលីលីត្រ)។ ត្រូវបាន​ផលិត​អស់ ១៥២ ៨២២ គ្រឿង ពី​ឆ្នាំ​១៩៦៨ ដល់​ឆ្នាំ​១៩៧៣។ ឆ្នាំ​១៩៧៣​ MERCEDES-BENZ ចាប់ផ្ដើម​ផលិត​​ប្រភេទ W114 ជំនាន់​ទី២ (ជំនាន់​ចុងក្រោយ)។ ដោយឡែក​ពេល​នោះ MERCEDES-BENZ ក៏ឈប់ផលិត W114 ម៉ូឌែល 230 ។
 
MERCEDES-BENZ W114 និង W115 មាន​ម៉ាស៊ីនខ្លាំង ព្រោះរថយន្ដ​ប្រភេទ​នេះ ​មានទម្ងន់​ធ្ងន់ដែរ គឺ ១ ៣០០​គីឡូក្រាម។ វា​ស៊ី​សាំង​ច្រើន​ក្នុងបរិមាណ ១៥លីត្រ ​ក្នុង​១០០គីឡូម៉ែត្រ។ ពី​ដើម​ អាច​ជិះ​បាន​ដល់​ល្បឿន​អតិបរិមា​ ១៣៥​គីឡូម៉ែត្រ ក្នុង​១​ម៉ោង។ MERCEDES-BENZ W114 និង W115 ត្រូវបាន​ផលិត​ពីឆ្នាំ​១៩៦៨ ដល់ឆ្នាំ​១៩៧៦ ចំនួន​សរុប​អស់ ១ ៩១៩ ០៥៦ គ្រឿង។ បុរស​សញ្ជាតិ​បារាំង លោក BRACQ Paul ជា​អ្នក​រចនា​​​ឡាន​ប្រភេទ​ទាំង២នេះ។ តាម​ពិត​វា​ដូចគ្នា​ទាំង​ស្រុង ខុសគ្នា​តែ​ម៉ាស៊ីន​ប៉ុណ្ណោះ។ ប្រភេទ W114 មាន​ម៉ាស៊ីន ៦ស៊ីឡាំង ហើយ​អាស្រ័យ​តាម​ម៉ូឌែល ប្រភេទ W115 មានម៉ាស៊ីន ៥ស៊ីឡាំង ឬ​៤​ស៊ីឡាំង។
 


កាលពី​ឆ្នាំ​១៩៧៦ នៅ​ប្រទេស​ក្រិក មាន​អ្នក​រត់​ឡាន​តាក់ស៊ី​ម្នាក់ ដែលទិញ​ឡាន​ MERCEDES-BENZ W115 មួយគ្រឿង​ ​​ហើយប្រើ​រយៈពេលយូរ ជិះ​អស់ជាង ៤ ៦០០ ០០០ គីឡូម៉ែត្រ។ ជា​ចុងក្រោយ ច្បាស់ហើយ​មិន​សូវ​សល់​គ្រឿង​ពី​ដើម​ច្រើន​ប៉ុន្មាន​ទេ។ ក៏ប៉ុន្តែ​គាត់​មិន​បាន​ដូរ​ម៉ាស៊ីន​ទេ។ គាត់បាន​គ្រាន់តែ​ថែរក្សា​វា​ឱ្យ​បាន​ល្អ​បំផុត។ MERCEDES-BENZ W115 គឺជាប្រភេទរថយន្ដ​មួយ​ដ៏​រឹងមាំ​ណាស់។ រហូតដល់​ខាង MERCEDES-BENZ សុំ​ទិញ​ឡាន​គាត់​វិញ ដើម្បី​ដាក់តាំង​ក្នុង​សារមន្ទីរ MERCEDES-BENZ នៅ​ប្រទេស​អាល្លឺម៉ង់ ។ 
 
MERCEDES-BENZ ជា​ក្រុមហ៊ុន​អាល្លឺម៉ង់ ដែល​បច្ចុប្បន្នស្ថិត​នៅ​ក្នុងក្រុមសម្ព័ន្ធ DAIMLERCHRYSLER ។ ក្រុមហ៊ុន​នេះ ​ត្រូវ​បាន​បង្កើតឡើង ​ឆ្នាំ​១៩២៦ ដោយ​លោក DAIMLER Paul លោក BENZ Carl និងលោក JELLINEK Emil ដែល​កូន​ស្រី​ឈ្មោះ Mercédès ។
 
 


 
រថយន្ដ​តែ​មួយ ដែលម្ចាស់​ឡានខាង​លើ​ បើកបរជា​ប្រចាំ គឺ​ជា M151 ម៉ូឌែល A2 មួយ​គ្រឿង ដែល​មាន​អាយុកាល ៥០​ឆ្នាំ​ហើយ។ ក្រុម​ហ៊ុនអាម៉េរិកាំង FORD បាន​ចាប់ផ្ដើមសិក្សា​រថយន្ដ M151 ឆ្នាំ​១៩៥៩។ ត្រូវបាន​ចាប់ផ្ដើម​ផលិត​ឆ្នាំ១៩៥៩ វិញ។ ពីឆ្នាំ​១៩៦២ ដល់ឆ្នាំ​១៩៦៤ ត្រូវផ្ទេរ​ការ​ផលិត​ទៅឱ្យ​ក្រុមហ៊ុន KAISER ។ ​បន្ទាប់​មកឆ្នាំ​១៩៧១ ត្រូវផ្ទេរ​ការ​ផលិត​ទៅឱ្យ​ក្រុមហ៊ុន AM General​​ ដែលបញ្ចប់ផលិត M151 ​ឆ្នាំ១៩៨២។ ឆ្នាំ១៩៨៨ ត្រូវ​បាន​ផលិត​ ១ ០០០គ្រឿង​ថែម​ទៀត​ សម្រាប់ទាហាន​ប៉ាគីស្ថាន។ រយៈពេលជិត៣០ឆ្នាំ ត្រូវបាន​ផលិត​អស់ ១០០ ០០០ គ្រឿង។​ 151 គឺ​ជា​ប្រភេទ ហើយ​​អក្សរ M មក​ពី​អក្សរកាត់ MUTT ដែលមាន​ន័យ​ថា Military Utility Tactical Truck ។ ដូច្នេះ​គឺ​ជា​ឡាន​សម្រាប់យោធា។ វា​បង្វិល​កង់ទាំ​ង៤ ដើម្បី​ជិះ​លើ​ផ្លូវមាន​ឧបសគ្គ ឬក្រៅ​ផ្លូវ។ អាច​ទុក​ឈ្មោះ​ M ថាជា​ម៉ាក​ក៏​បាន។ ក៏ប៉ុន្តែ​វា​មិន​មែនជា​ម៉ាក​ចុះបញ្ជីយ៉ាង​ត្រឹម​ត្រូវ ដូច​ម៉ាក​រថយន្ដ​ស៊ីវិល​នោះ​ទេ។ M151 A2 ពី​ដើម​មាន​ទម្ងន់​ត្រឹម ១ ១០០គីឡូក្រាម​។ ម៉ូឌែល A2 បាន​ជំនួស​ម៉ូឌែល A1 ឆ្នាំ​១៩៦៨។ ក្រៅ​ពី​ប្រភេទ M151 ដែលជា​ប្រភេទ​សាមញ្ញធម្មតា ក៏​គេ​បាន​បង្កើត​ប្រភេទ​ផ្សេងៗ ដែល​បំពាក់​ដំបូលកំណាត់កៅស៊ូ​ស្ទើរតែ​ទាំងអស់ ដូចជា M718 (សង្ក្រោះ​បន្ទាន់) M825 (ដឹក​កាំភ្លើង​ធំ) MRC108 (ដឹកឧបករណ៍​គមនាគមន៍)។ ល៕
 







Tag:
 យានយន្ត
 រថយន្តបុរាណ
  Mercedes-Benz
  W114
  M151
© រក្សាសិទ្ធិដោយ thmeythmey.com