ជាតិ
​​​ន​យោ​បាយ​ជាតិ​
NGO ៖ ក្រសួងយុត្តិធម៌ អញ្ជើញទៅពិភាក្សាពីការកែច្បាប់ធម្មនុញ្ញ គឺគ្មានន័យឡើយ ក្រោយសភាអនុម័ត
30, Jul 2022 , 6:40 pm        
រូបភាព
លោក ឡៅ ម៉ុងហៃ (រូបខាងលើទី២រាប់ពីវេង), លោក ហេង គីមហុង មន្រី្តCYN(ពាក់មួក) និងលោក មឿន តុលា ប្រធានសង់ត្រាល់។
លោក ឡៅ ម៉ុងហៃ (រូបខាងលើទី២រាប់ពីវេង), លោក ហេង គីមហុង មន្រី្តCYN(ពាក់មួក) និងលោក មឿន តុលា ប្រធានសង់ត្រាល់។
ភ្នំពេញ៖ សង្គមស៊ីវិលប្រតិកម្ម នឹងការអញ្ជើញរបស់ក្រសួងយុត្តិធម៌ ដោយលើកឡើងថា ឥតមានន័យអ្វីឡើយ នៅពេលដែលរដ្ឋសភាសម្រេចអនុម័តសេចក្ដីព្រាងច្បាប់ធម្មនុញ្ញរួចទៅហើយ។ សង្គមស៊ីវិល ថា ការធ្វើបែបនេះ គ្រាន់តែជារូបភាពឲ្យល្អមើលប៉ុណ្ណោះ។

 
ក្រោយពីរដ្ឋសភារដ្ឋអនុម័តលើសេចក្ដីព្រាងច្បាប់ធម្មនុញ្ញ បានមួយថ្ងៃ ក្រសួងយុត្តិធម៌បានអញ្ជើញ ក្រុមសង្គមស៊ីវិល និងអ្នកនយោបាយ ដែលរិះគន់ពីការកែរដ្ឋធម្មនុញ្ញ ជួបជជែកគ្នាផ្ទាល់នៅទីស្ដីការរបស់ក្រសួង។ ក្រសួងយុត្តិធម៌ ទុកពេលចន្លោះពីថ្ងៃទី២ ដល់៤ សីហា ឱ្យអ្នករិះគន់ការធ្វើវិសោធនកម្មច្បាប់ មកជួបពិភាក្សាជាមួយក្រសួង។ 
 
 
ជុំវិញការអញ្ជើញសង្គមស៊ីវិល និងអ្នកនយោបាយ ទៅជួបជជែកគ្នានេះ ត្រូវបានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ចាត់ទុកជាការធ្វើឲ្យតែល្អមើលប៉ុណ្ណោះ ខណៈរដ្ឋសភាពបានអនុម័តហើយ។
 
ទំព័រហ្វេសប៊ុករបស់ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានបង្ហោះលិខិតអញ្ជើញរបស់ក្រសួង ហើយសរសេរថា៖ «គណបក្សប្រជាធិបតេយ្យមូលដ្ឋាន រីករាយនឹងចូលរួម ប្រសិនបើការអញ្ជើញឲ្យមានការជួបពិភាក្សា បែបពិគ្រោះយោបល់ លើសំណើវិសោធនកម្មរដ្ឋធម្មនុញ្ញ លើកទី១០ នេះ ធ្វើឡើងមុនរដ្ឋសភាអនុម័ត យ៉ាងតិច ១សប្តាហ៍»។ 
 
ចំណែក អ្នកតាមដានព្រឹត្តិការណ៍សង្គម លោក លោក ឡៅ ម៉ុងហៃ យល់ឃើញថា ការអញ្ជើញរបស់ក្រសួងយុត្តិធម៌ ពុំសូវមានន័យអ្វីឡើយ។ លោក ផ្ដល់យោបល់លើទំព័រហ្វេសប៊ុករបស់ខ្លួនថា៖ «ដាក់គំនិតធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ជូនប្រជារាស្ត្រពិភាក្សា ផ្តល់មតិ និង មូលមតិគ្នាឲ្យបានច្រើន មុនរដ្ឋសភាអនុម័ត ទើបមានន័យ»។ 

 
រដ្ឋសភា បានសម្រេចអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ និងធម្មនុញ្ញបន្ថែម លើសំឡេង១០៥ ក្នុងចំណោម១០៦កូរ៉ុមនាក់ ដែលលើកដៃអនុម័តសេចក្តីព្រាងច្បាប់នេះ កាលពីថ្ងៃទី២៨ កក្កដា។
 
លោក មឿន តុលា នាយកប្រតិបត្តិ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ លើកឡើងថា ច្បាប់ធម្មនុញ្ញ គឺជាច្បាប់កំពូលក្នុងប្រទេស សម្រាប់ពលរដ្ឋទាំងអស់គ្នា។ ដូច្នេះ បើមានការកែប្រែ គួរដែលស្ដាប់មតិពីពលរដ្ឋ ដើម្បីឲ្យពលរដ្ឋផ្ដល់យោបល់មុនអនុម័ត ព្រោះប្រទេសនេះ មិនមែនរបស់បក្សណាមួយឡើយ ខណៈក្នុងរដ្ឋសភាមានបក្សតែមួយ។ 
 
មន្រី្តសង្គមស៊ីវិលរូបនេះ  បានបង្ហោះសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌ ហើយភ្ជាប់នឹងសំណេរ យ៉ាងដូច្នេះ៖ «រដ្ឋធម្មនុញ្ញជាច្បាប់កំពូល ហេតុនេះបើចង់កែចំណុចណាមួយ គួតែស្តាប់មតិយោបល់របស់ប្រជាពលរដ្ឋផង ឲ្យពលរដ្ឋផ្តល់យោបល់មុនច្បាប់អនុម័ត មិនមែនច្បាប់អនុម័តហើយទើបហៅគេឲ្យស្តាប់យោបល់នោះទេ»។ 
 
ទន្ទឹមនឹងនេះលោក ហេង គីមហុង ប្រធាន​ផ្នែក​កម្មវិធី​ស្រាវជ្រាវ និង​តស៊ូ​មតិ​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN)ថា លោក មិនចូលរួមតាមការអញ្ជើញនេះឡើយ។ 
 
«ការអញ្ជើញក្រុមអ្នកមិនពេញចិត្ត ការកែរដ្ឋធម្មនុញ្ញនេះ គឺគ្រាន់តែអញ្ជើញទៅពន្យល់និងការពារគំនិតរបស់សភាក្នុងការសម្រេចអនុម័តស្របតាមការស្នើសុំរបស់រដ្ឋាភិបាលប៉ុណ្ណោះ។ សម្រាប់ខ្ញុំ ខ្ញុំមិនចូលរួមទេ»។ នេះបើតាមលោក ហេង គីមហុង ប្រាប់សារព័ត៌មានថ្មីៗ តាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃទី៣០កក្កដា ។ 
 
ការវិសោធមកម្មរដ្ឋធម្មនុញ្ញលើកទី១០ ធ្វើឡើងតាមការផ្ដួចផ្ដើមរបស់រដ្ឋាភិបាល។ ដើមឡើយ ពុំមានក្រុមសង្គមស៊ីវិល និងបណ្ដាបក្សនយោបាយណាបានដឹងឡើយ ជុំវិញការធ្វើវិសោធនកម្មនេះ គឺដឹងនៅពេលគណៈរដ្ឋមន្រ្តីប្រជុំសម្រេចអនុម័ត កាលពីថ្ងៃទី៨កក្កដា ឆ្នាំ២០២២។ លុះដល់ថ្ងៃទី១៤ ទើបក្រសួងយុត្តិធម៌ ធ្វើសន្និសីទពន្យលើបកស្រាយពាក់ព័ន្ធការកែរដ្ឋធម្មនុញ្ញលើកទី១០ ដោយលោក កើត រិទ្ធ រដ្ឋមន្រី្តក្រសួងយុត្តិធម៌ជាអ្នកពន្យល់។ 
 
ការកែរដ្ឋធម្មនុញ្ញលើកទី១០នេះ មានមតិរិះគន់ជាច្រើន តាមរយៈសង្គមស៊ីវិល និងបក្សនយោបាយ។ កាលពីថ្ងៃទី២១កក្កដា បក្ស៤ មានបក្សប្រជាធិបតេយ្យមូលដ្ឋាន បក្សភ្លើងទៀន បក្សកែទម្រង់កម្ពុជា និងបក្សឆន្ទៈខ្មែរ បានរួមគ្នាដាក់ញត្តិទៅរដ្ឋសភាដើម្បីឲ្យរដ្ឋសភាបដិសេធ លើការកែរដ្ឋធម្មនុញ្ញ។ ហើយនៅថ្ងៃទី២៧កក្កដា សង្គមស៊ីវិលប្រមាណ១០០ស្ថាប័ន ក៏បានដាក់ញត្តិរួមគ្នា ស្នើឲ្យផ្អាកការធ្វើវិសោធនកម្មនេះដែរ៕ 
 

Tag:
 រដ្ឋធម្មនុញ្ញ
© រក្សាសិទ្ធិដោយ thmeythmey.com