អន្តរជាតិ
ប្រមុខការទូតចិន៖ បើលោកស៊ុន យ៉ាតសេននៅរស់ លោកនឹងហៅលោកស្រី Tsai មិនសាកសមជាកូនចៅជំនាន់ក្រោយ
06, Aug 2022 , 2:59 pm        
រូបភាព
លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន។ រូបភាព៖ Thmey Thmey
លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន។ រូបភាព៖ Thmey Thmey
ក្នុងសន្និសីទកាសែតមួយនៅកម្ពុជា នាយប់ថ្ងៃទី៥ ខែសីហា រដ្ឋមន្ត្រីការបរទេស និងជាទីប្រឹក្សារដ្ឋចិន លោក វ៉ាង យី បានរិះគន់ខ្លាំងៗចំពោះប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen ក្រោយទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងអាម៉េរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី។

 
ដំណើរទស្សនកិច្ចនៅតៃវ៉ាន់របស់ប្រធានសភាតំណាងអាម៉េរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី នាថ្ងៃទី២ ដល់ថ្ងៃទី៣ ខែសីហា ដែលបានចាត់ទុកជាការគាំទ្រប្រជាធិបតេយ្យ បានធ្វើឱ្យចិនផ្ទុះកំហឹងយ៉ាងខ្លាំង។ ក្នុងដំណើរទស្សនកិច្ចនោះ តៃវ៉ាន់ ដូចជាប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បានទទួលប្រធានសភាតំណាងយ៉ាងកក់ក្តៅ ដោយកាយវិកាយនេះ ធ្វើឱ្យរដ្ឋមន្រ្តីការបរទេសចិន លោកវ៉ាង យី មិនពេញចិត្តជាខ្លាំង។ 
 
«ប្រសិនបើលោក ស៊ុន យ៉ាតសេននៅមានជីវិត លោកអាចនិយាយថាលោកស្រី Tsai Ing-wen មិនសាកសមជាកូនចៅជំនាន់ក្រោយឡើយ»។ លោកវ៉ាងបានរិះគន់ចំៗបែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន ក្នុងក្រុងភ្នំពេញ នាយប់ថ្ងៃទី៥ ខែសីហា។ 
 
លោក វ៉ាង បានបន្ថែមទៀតថា អាម៉េរិកកំពុងលូកដៃកកូរកកាយគោលនយោបាយចិនតែមួយ និងសាធារណរដ្ឋប្រជាមានិតចិន ជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ដែលតំណាងឱ្យចិនទាំងមូល ហើយអាមេរិក និងកងកម្លាំងបំបែកខ្លួននៅតៃវ៉ាន់ ជាអ្នកព្យាយាមផ្លាស់ប្ដូរស្ថានភាពនេះ។ វាគឺជាពាក្យចចាមអារ៉ាម និងការបង្កាច់បង្ខូចទាំងស្រុង ដែលអាម៉េរិកចោទចិនថាបានផ្លាស់ប្តូរស្ថានភាពតៃវ៉ាន់។ បើតាមការលើកឡើងរបស់លោក វ៉ាង ចិនមានតែមួយប៉ុណ្ណោះក្នុងពិភពលោក ហើយតៃវ៉ាន់គឺជាផ្នែកមួយនៃទឹកដីចិនដែលមិនអាចកាត់ផ្ដាច់បាន និងមិនធ្លាប់ជាប្រទេសឯករាជ្យមួយឡើយ។ 
មុនការអះអាងបែបនេះ លោកអាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក ក្នុងសន្និសីទសារព័ត៌មានមួយ បានបញ្ជាក់ជាថ្មីថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន មិនបានផ្លាល់ប្តូរគោលនយោបាយចិនតែមួយរបស់ចិនឡើយ ហើយក្រុងវ៉ាស៊ីនតោន ជំរុញឱ្យភាគីទាំងពីរដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិភាព ប៉ុន្តែមិនមែនដោយការគំរាម ឬដោយកម្លាំងយោធាឡើយ។
 
បន្ទាប់ពីដំណើរទស្សនកិច្ចនៅតៃវ៉ាន់ ក្រសួងការបរទេសចិន បានប្រកាសដាក់ទណ្ឌកម្មលើលោកស្រី ណាន់ស៊ី ផេឡូស៊ី រួមទាំងគ្រួសារ ស្របពេលលោកស្រី បានធ្វើសន្និសីទសារព័ត៌មានមួយនៅជប៉ុន ដោយហៅកោះតៃវ៉ាន់ ជាប្រទេស។ 
 
សូមបញ្ជាក់ថា លោកស៊ុន យ៉ាតសេន ជាមេដឹកនាំបក្សជាតិចិននិយមមួយរូប ដែលបានចូលរួមទម្លាក់ស្តេចឆេង (Qing Dynasty) និងបង្កើតសាធារណរដ្ឋចិន៕
 

Tag:
 ចិន
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com