អន្តរជាតិ
ជប៉ុន បង្ហាញការខកចិត្តចំពោះចិនដែលលុបចោលជំនួបទ្វេភាគីរវាងរដ្ឋមន្រ្តីការបរទេសចិន និងជប៉ុន
06, Aug 2022 , 5:29 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសជប៉ុន ជាមួយសមភាគីកូរ៉េខាងត្បូង (កណ្តាល) និងសមភាគីចិន នៅក្នុងកិច្ចប្រជុំអាស៊ានបូក៣។ រូបភាព៖ the Japa Times
រដ្ឋមន្រ្តីការបរទេសជប៉ុន ជាមួយសមភាគីកូរ៉េខាងត្បូង (កណ្តាល) និងសមភាគីចិន នៅក្នុងកិច្ចប្រជុំអាស៊ានបូក៣។ រូបភាព៖ the Japa Times
មន្រ្តីក្រសួងការបរទេសជប៉ុន នៅថ្ងៃទី៥ ខែសីហា បានលើកឡើងថា រដ្ឋាភិបាលជប៉ុនមានការសោកស្តាយចំពោះការប្រកាសរបស់ក្រសួងការបរទេសចិន ដែលបានលុបចោលជំនួបទ្វេភាគីរវាងរដ្ឋមន្រ្តីការបរទេសចិន លោកវ៉ាង យី និងសមភាគីជប៉ុន យ៉ូស៊ីម៉ាសា ហាយ៉ាស៊ី។ បើតាមមន្រ្តីជប៉ុនរូបនេះ ការលុបចោលជំនួបនេះ បានធ្វើឱ្យភាគីទាំងពីរខកខានជជែកពីបញ្ហាសំខាន់ៗជាច្រើន។

ក្រសួងការបរទេសចិន នៅថ្ងៃទី៤ ខែសីហា បានប្រកាសលុបចោលជំនួបទ្វេភាគីរវាងរដ្ឋមន្រ្តីការបរទេសចិន លោកវ៉ាង យី ជាមួយសមភាគីជប៉ុន លោក យ៉ូស៊ីម៉ាសា ហាយ៉ាស៊ី នៅក្រុងភ្នំពេញ បន្ទាប់ពីក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ (G7) ចេញសេចក្តីថ្លែងការណ៍រួមលើបញ្ហាតៃវ៉ាន់។ ទាក់ទិននឹងបញ្ហានេះ រដ្ឋាភិបាលជប៉ុន បានបង្ហាញការខកចិត្តយ៉ាងខ្លាំង។ 
 
«ជប៉ុនមានការខកចិត្ត ដោយសារវាមានបញ្ហាគួរឱ្យបារម្ភជាច្រើនត្រូវពិភាក្សា»។ លោក Tsukamoto Yasuhiro ជំនួយការអ្នកនាំពាក្យក្រសួងការបរទេសជប៉ុន បានបញ្ជាក់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានធ្វើឡើងតាមប្រព័ន្ធវីដេអូនាថ្ងៃទី៥ ខែសីហា ដោយបន្ថែមថា ជប៉ុន នៅតែបន្តបើកចំហកិច្ចពិភាក្សាជាមួយចិន។ 
 
ដោយចាត់ទុកស្ថានភាពនៅក្នុងតំបន់មានភាពធ្ងន់ធ្ងរ មន្រ្តីក្រសួងការបរទេសជប៉ុនរូបនេះ បានបន្ថែមថា ចិន និងជប៉ុន ត្រូវតែមានកិច្ចពិភាក្សាគ្នា ប៉ុន្តែត្រូវបានភាគីចិនលុបចោល។
 
មិនតែប៉ុណ្ណោះ លោក Tsukamoto Yasuhiro ក៏បានឆ្លើយសំណួរអ្នកសារព័ត៌មានថ្មីៗ ជុំវិញការចោទប្រកាន់ពីសំណាក់យោធាមីយ៉ាន់ម៉ា លើអ្នកសារព័ត៌មានជប៉ុនផងដែរ។ បើតាមជំនួយការអ្នកនាំពាក្យក្រសួងការបរទេសរូបនេះ ជប៉ុនបានស្នើឱ្យរបបសឹកមីយ៉ាន់ម៉ាដោះលែងអ្នកសារព័ត៌មានខ្លួនរួចហើយ។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាលជប៉ុន ក៏បានប្រាប់ឱ្យប្រជាជនខ្លួននៅមីយ៉ាន់ម៉ា ជជែកពីបញ្ហានេះ ជាមួយរដ្ឋាភិបាលយោធាផង។ 
 
ក្នុងសន្និសីទដដែល មន្រ្តីជប៉ុនរូបនេះ បានអះអាងថា ជប៉ុនមានការពេញចិត្តយ៉ាងខ្លាំង ចំពោះការរៀបចំរបស់កម្ពុជា ក្នុងនាមជាប្រធានផ្លាស់វេនអាស៊ានផងដែរ។ 
 
ក្នុងកិច្ចប្រជុំពាក់ព័ន្ធមួយរបស់អាស៊ាន ដែលធ្វើឡើងនៅថ្ងៃទី៥ ខែសីហា រដ្ឋមន្រ្តីការបរទេសចិន លោកវ៉ាង យី និងសមភាគីរុស្ស៊ី បានដើរចេញពីកិច្ចប្រជុំស៊ែហ្គេយ៍ ឡាវរ៉ូវ ក្នុងពេលរដ្ឋមន្រ្តីការបរទេសជប៉ុន ថ្លែងសុន្ទរកថា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
សូមបញ្ជាក់ថា ភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ បានក្លាយជាប្រធានបទដ៏សំខាន់មួយ នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន បន្ទាប់ពីទស្សនកិច្ចរបស់ប្រធានសភាតំណាងអាម៉េរិក។ រដ្ឋាភិបាលចិន បានថ្កោលទោសទស្សនកិច្ចនោះជាខ្លាំង៕
 

Tag:
 ជប៉ុន
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com