ជាតិ
សេដ្ឋកិច្ច
កម្ពុជានឹងបានចំណូល៧០ភាគរយនៃ​តម្លៃប្រេងឆៅដែលបាត់កន្លងមក​
29, Sep 2022 , 12:09 pm        
រូបភាព
សកម្មភាពបូមប្រេងរបស់ក្រុមហ៊ុន KrisEnergy នាពេកកន្លងមកនៅប្លុកA។ រូបថត៖ ក្រសួងរ៉ែ និងថាមពល
សកម្មភាពបូមប្រេងរបស់ក្រុមហ៊ុន KrisEnergy នាពេកកន្លងមកនៅប្លុកA។ រូបថត៖ ក្រសួងរ៉ែ និងថាមពល
ការចរចាទាមទារយកប្រេងឆៅជិត៣០ម៉ឺនបារ៉ែលរបស់កម្ពុជាមកវិញ ពីម្ចាស់កប៉ាល់ MT Strovolos ត្រូវបានបញ្ចប់ ដោយកម្ពុជាទទួលបានប្រយោជន៍៧០ភាគរយនៃប្រេងឆៅសរុបទាំងនេះ។ បើតាម​លោក ជៀប សួរ អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល ចំណូលពីប្រេងទាំងនេះ កម្ពុជា​នឹងទទួលបាននៅដើមខែ តុលា ឆ្នាំ២០២២។

 
លទ្ធផលនៃការចរចារបស់ក្រសួងរ៉ែ និងថាមពល ក្នុងការទាមទារយកប្រេងឆៅកម្ពុជាចំនួន ២៩០ ២៥៤បារ៉ែល ពីម្ចាស់កប៉ាល់ MT Strovolos ត្រូវបានបញ្ចប់តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងលក់ប្រេងឆៅទាំងនេះ​។ បន្ទាប់ពីចុះកិច្ចព្រមព្រៀងនេះហើយ ប្រេងឆៅទាំងនោះត្រូវបានផ្ទេរពីកប៉ាល់ MT Strovolos ទៅកប៉ាល់អ្នកបញ្ជាទិញប្រេងនេះ កាលពីថ្ងៃទី១០កញ្ញា ឆ្នាំ២០២២។​ លោក ជៀប សួរ ថ្លែងបែបនេះមកកាន់សារព័ត៌មានថ្មីៗនាព្រឹកថ្ងៃទី២៩កញ្ញា  ដោយបញ្ជាក់ថា លទ្ធផលនៃការចរចានេះ​ កម្ពុជាទទួលប្រយោជន៍៧០ភាគរយនៃតម្លៃសរុប។ 

លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត និងអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល។ រូបពីក្រសួងរ៉ែ​និងថាមពល
 
លោក ជៀប​ សួរ បន្តនិយាយថា ក្រោយរយៈពេល៣០ថ្ងៃនៃការផ្ទេរប្រេងនេះ អ្នកទិញនឹងទូទាត់ថវិកាឱ្យកម្ពុជា។ ប៉ុន្តែ ជុំវិញនៃចំណូលនេះ​លោក ពុំទាន់អាចកំណត់បានឡើយ ព្រោះបច្ចុប្បន្នចំណូលពីការលក់ប្រេងកំពុងស្ថិតក្នុងការវាយតម្លៃ។ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត និងជាអ្នកនាំពាក្យក្រសួងរ៉ែ​ និងថាមពលរូបនេះ បានរៀបរាប់ថា៖ «ចំណូលប៉ុន្មាន[នៃប្រេង៧០ភាគរយដែលកម្ពុជានឹងទទួលបាននេះ] គឺវាអាស្រ័យទៅតាមថ្លៃ​ ដោយសារការទិញលក់ប្រេងហ្នឹង គឺគេត្រូវយកមធ្យមភាគនៅក្នុងខែកញ្ញា។ អ៊ីចឹង! ​ទាល់តែដាច់ខែកញ្ញា ទើបយើងដឹកថ្លៃមធ្យមភាគប៉ុន្មានយកមកគិតគូរ ហើយដកទូទាត់នូវចំណាយពាក់ព័ន្ធផ្សេងៗ នឹងប្រេងនេះច្រើនណាស់»។ 
អត្ថបទទាក់ទង

 
ក្នុងអំឡុងពេលនៃការទាមទារយកប្រេងពីម្ចាស់ កប៉ាល់ MT Strovolos  និងជាម្ចាស់បំណុលរបស់ក្រុមហ៊ុន KrisEnergy មកវិញនេះ កម្ពុជា បានចំណាយប្រាក់លើការថែទាំប្រេងកុំឱ្យខូចគុណភាព ,ចំណាយលើការវាស់វែងប្រេង ,ចំណាយលើកប៉ាល់មកដឹកជញ្ជូនប្រេង និងចំណាយលើផ្លូវច្បាប់ ជាដើម។ នេះជាការលើកឡើងរបស់លោក ជៀប សួរ ។
លោកបន្ថែមថា​៖ «ក្រោយយើងដឹងថ្លៃមធ្យមភាគនៃប្រេងនៅក្នុងខែកញ្ញា ថាមានប៉ុន្មានហើយ យើងនឹងដកចំណាយ[ប្រតិបត្តិការ]ទាំងអស់ហ្នឹង ហើយបានយកមកចែកនឹង៧០ភាគរយនៃ[ប្រេងដែលទទួលបាន]»។ 
 
បើតាមលោក ជៀប សួរ ចំណូលពី៧០ភាគរយនៃប្រេងឆៅទាំង៣០ម៉ឺនបារ៉ែលខាងលើនោះ នឹងទទួលបាន នៅថ្ងៃទី១០តុលា ឆ្នាំ២០២២។ 
 
សូមរំឭកថា ប្រេងឆៅរបស់នេះត្រូវបានបូមចេញពីតំបន់អប្សរានៃប្លុក A  របស់កម្ពុជា ដោយក្រុមហ៊ុនវិនិយោគ KrisEnergy។  បន្ទាប់ពីក្រុមហ៊ុននេះប្រកាសក្ស័យធន ម្ចាស់កប៉ាល់ MT Strolovos បានលួចដឹកប្រេងដែលបូមបានទាំងអស់ចេញពីដែនទឹកកម្ពុជា កាលពីយប់ថ្ងៃទី៤ មិថុនា ឆ្នាំ២០២១។​ ការលួចដឹកប្រេងរបស់កម្ពុជានេះ​ ភាគីក្រុមហ៊ុននាវាដឹកប្រេង បានអះអាងថា ដោយសារតែKrisEnergy ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិបូមប្រេងក្នុងប្លុកAរបស់កម្ពុជា មិនបានបង់ប្រាក់មកឱ្យខ្លួន ក្រោយប្រកាសក្ស័យធន៕ 
 

Tag:
 ប្រេងឆៅជិត៣០ម៉ឺននាក់
  លោក ជៀបសួរ
© រក្សាសិទ្ធិដោយ thmeythmey.com