ជាតិ
សង្គមជាតិ
ស្រូវជាង១២ម៉ឺនហិកតា រងផលប៉ះពាល់ និងខូចខាត ដោយសារទឹកជំនន់
29, Sep 2022 , 8:15 pm        
រូបភាព
ស្ថានភាពស្រូវ  ត្រូវខូចខាតដោយសារជំនន់ទឹកភ្លៀងនៅខេត្តកំពង់ធំ ក្នុងខែសីហា ឆ្នាំ២០២២។ រូបភាពពី គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
ស្ថានភាពស្រូវ ត្រូវខូចខាតដោយសារជំនន់ទឹកភ្លៀងនៅខេត្តកំពង់ធំ ក្នុងខែសីហា ឆ្នាំ២០២២។ រូបភាពពី គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
ដោយ៖ ញឹក សំអូន

ភ្នំពេញ៖ ខេត្តចំនួន១៩ បានរងគ្រោះដោយសារជំនន់ទឹកភ្លៀង ក្នុងនោះខេត្តសៀមរាប កំពង់ធំ និងបន្ទាយមានជ័យ រងប៉ះពាល់ធ្ងន់ធ្ងរជាងគេ។ ដោយឡែកដំណាំស្រូវប្រមាណ ១០ម៉ឺនហិកតា រងផលប៉ះពាល់ និងជាង ២ម៉ឺនហិកតាបានខូចខាតទាំងស្រុង។



ចាប់ពីខែឧសភា រហូតមកដល់ខែកញ្ញានេះ ខេត្តដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងមានចំនួន ១៩ខេត្ត ហើយខេត្តដែលប៉ះពាល់ធ្ងន់ធ្ងរជាងគេមានខេត្ត សៀមរាប កំពង់ធំ និងបន្ទាយមានជ័យ ខណៈឯខេត្តបាត់ដំបង អាចនឹងរងប៉ះពាល់ខ្លាំង ប្រសិនបើភ្លៀងនៅតែបន្តកើតមាន។ នេះបើតាមលោក សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម ។

ចំពោះមនុស្សដែលស្លាប់ដោយសារជំនន់ទឹកភ្លៀងមានចំនួន ១៣នាក់។ សម្រាប់សត្វពាហណៈដែលងាប់មានតិចតួចប៉ុណ្ណោះ។

ទន្ទឹមនេះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ លោក គឹមកុលមុន្នី ពុំអាចបញ្ជាក់បាននោះទេ ព្រោះទិន្នន័យមានការកើនឡើងជារៀងរាល់ថ្ងៃ ហើយលោកពុំទាន់បានបូកសរុបជារួម។

លោក បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ព្រោះស្ថានភាពនៃជំនន់ទឹកភ្លៀងអាចនឹងមានជាបន្តបន្ទាប់ទៀត ដោយសាររងឥទិ្ធពលនៃព្យុះ ហើយបរិមាណភ្លៀងក៏នៅតែបន្តកើតមាន។ ដូច្នេះប្រជាពលរដ្ឋត្រូវគិតគូរពីអាយុជីវិតរបស់ខ្លួន កុំឱ្យលិចលង់ដោយសារជំនន់ទឹកភ្លៀង។ ម៉្យាងទៀត ការបរិភោគ និងការរស់នៅ ត្រូវមានអនាម័យឱ្យបានត្រឹមត្រូវ៕

អត្ថបទទាក់ទង
 

Tag:
 ជំនន់ទឹកភ្លៀង
  ស្រូវ
© រក្សាសិទ្ធិដោយ thmeythmey.com