ជាតិ
រថយន្ត
ឡានម៉ាក CITROËN អាយុជាង៩០ឆ្នាំ១គ្រឿង ត្រូវបានដាក់តាំងក្នុង​​ភូមិគ្រឹះមួយ នៅខណ្ឌជ្រោយចង្វារ
17, Oct 2022 , 7:49 pm        
រូបភាព
ភ្នំពេញ៖ រថយន្ដម៉ាក CITROËN ១គ្រឿង ​​ប្រភេទ C ម៉ូឌែល Torpédo ស៊េរី 3-2 ពណ៌​លឿង​ទុំ និង​ខ្មៅ ផលិតឆ្នាំ​១៩២៥ ឬ១៩២៦ ​ត្រូវបានដាក់តាំងនៅក្នុងភូមិគ្រឹះសសរ១០០ ដែល​ជាផ្ទះ​ឈើរចនា​បថខ្មែរ​បុរាណ​ ស្ថិតក្នុងសង្កាត់​ព្រែក​លាប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំ​ពេញ។ នៅភូមិគ្រិះនេះ ក៏មានរថយន្ត​បុរាណប្រភេទផ្សេងៗគ្នា ចំនយន ៤គ្រឿងទៀតដែរ ក្នុងនោះមាន៣គ្រឿង​ ជា​ម៉ាក​បារាំង​ RENAULT និង ​​២​គ្រឿង​ ជាម៉ាក​អាល្លឺម៉ង់ គឺVOLKSWAGEN និង MERCEDES-BENZ ។

 
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ៖ 
 
 
អំពីរថយន្ដម៉ាក CITROËN ១គ្រឿងខាង​លើ គឺត្រូវបាន​នាំ​ចូលមកកម្ពុជាប្រហែល​ជាបួនដប់ឆ្នាំមុន។ វា​មាន​​​​ទ្វារតែ១​ប៉ុណ្ណោះ ស្ថិត​នៅ​ខាង​ស្ដាំ។ ខាង​មុខ មាន​កៅអី២។ ដើម្បី​អង្គុយកៅអី​ដែលលមាន​តែ​១ខាង​ក្រោយ ត្រូវកន្លង​កៅអី​ខាងមុខ ! ពីដើមមានដំបូល​ក្រណាត់កៅស៊ូ ដែលអាច​ដាក់ ឬ​បត់វិញ​ក៏បាន ក៏ប៉ុន្តែ​ត្រូវ​បាន​ដក​វា​ចេញ។ គូទកូន​ឡាន​នេះ​ មាន​រាង​ដូច​ទូក។ ដើម្បី​បញ្ឆេះ​ម៉ាស៊ីន ត្រូវបង្វិល​ម៉ានីវែល ដែល​ស្ថិតនៅ​ខាង​ក្រៅ នៅ​ក្រោម​ប៉ាណា។ ផ្លាកលេខនៃ​រថយន្ដ​នេះ នៅរក្សាតាមលេខស្តង់ដារបារាំងមិន​សូវ​ចាស់ប៉ុន្មាន ប៉ុន្តែ​នៅរក្សាតាមផ្លាកស្តង់ដារបារាំងសម័យនៃ​ឡាន។ ​នៅ​សហភាព​អឺរ៉ុប ច្បាប់​ចរាចរ​អនុញ្ញាត​ឱ្យ​ធ្វើ​បែប​នេះ​ សម្រាប់​ឡាន​ដែល​មាន​អយុកាល ​៣០ឆ្នាំ​ឡើង​ទៅ។ ក្រៅ​ពី​ផ្លាក​លេខ ក៏មាន​ផ្លាក​ដែក​ខ្នាត​តូច​មួយដែរ។ វា​បញ្ជាក់​ថា ឡាននេះ ​ត្រូវ​បាន​ផលិតក្នុង​រោងចក្រ CHAUSSON នៅ​ទីក្រុង ASNIÈRES ។
 


រថយន្ដ CITROËN ប្រភេទដំបូងៗ គេ​ដាក់​ឈ្មោះ​តាម​លំដាប់អក្សរឡាតាំង A B C ។ ល។ ដូច្នេះ CITROËN C គឺជា​ប្រភេទ​ទី៣ បង្កើត​ដោយ​ CITROËN ។ ប៉ុន្តែ​តាម​ធម្មតា គេ​ហៅ​វា​ថា ​CITROËN 5CV (៥សេស) ឬ​ 5HP វិញ។ មាន​ម៉ូឌែល ៣ : VL (voiture de livraison) ដើម្បី​ដឹកទំនិញ, TL ដែលជា​​ម៉ូឌែលប្រណីត​ប្រណម និង Torpédo ។ Torpédo មក​ពី​ពាក្យអេស្ប៉ាញ torpedo ដែល​មាន​ន័យ​ថា ខ្យល់ព្យុះ។ ក៏ប៉ុន្តែ​ខាង​វិស័យ​រថយន្ដ​គឺ​ជា​ឡាន ដែលមាន​ដំបូល​ក្រណាត់​កៅស៊ូ​អាច​បត់បាន ដែល​មាន​ទ្វារខាង​មុខប៉ុណ្ណោះ និង​ដែលមាន​កញ្ចក់​ខាង​មុខ។ CITROËN C Torpédo មាន​ស៊េរី៣ : T2 ដែល​មាន​កៅអី​២, T3-1 ដែលមាន​កៅអី​៣ កៅអីខាង​ក្រោយ​ស្ថិតនៅ​ខាង​ស្ដាំ និង T3-2 ដែលមាន​កៅអី​៣ដែរ តែកៅអីខាង​ក្រោយ​ស្ថិតនៅ​ខាងកណ្ដាល។
 


CITROËN C Torpédo 3-2 ត្រូវបាន​ផលិត​ពី​ខែ​តុលា ឆ្នាំ១៩២៤ ដល់ខែ​មិថុនា ឆ្នាំ​១៩២៦។ CITROEN C ត្រូវបាន​ផលិតអស់ ៨០ ៧៥៩ គ្រឿង ​ពី​ខែឧសភា ឆ្នាំ​១៩២២ រហូត​ដល់​ខែ​មិថុនា ឆ្នាំ​១៩២៦ ក្នុង​រោងចក្រតែមួយ ស្ថិត​នៅ​ក្បែរ​ទីក្រុង​ប៉ារី ប្រទេស​បារាំង។
 
ក្រុមហ៊ុន CITROËN ត្រូវបានបង្កើតឡើងនាឆ្នាំ១៩១៩ នៅប្រទេសបារាំង ដោយលោក CITROËN André ។ សព្វថ្ងៃនេះ គឺជាកម្មសិទ្ធិរបស់ក្រុមសម្ព័ន្ធបារាំង PSA ដែល​ស្ថិត​នៅ​ក្នុង​កម្មវិធីសម្ព័ន្ធភាពបារាំង​អ៊ីតាលី​អាម៉េរិក STELLANTIS ៕
 








 
 

Tag:
 យានយន្ត
  ឡានបុរាណ
© រក្សាសិទ្ធិដោយ thmeythmey.com