ជាតិ
រដ្ឋមន្រ្តី​អប់រំ៖ វិញ្ញាសាបាក់ឌុបមិន​តឹងពេក មិនធូរពេក តែល្មមសម្រាប់សិស្ស​
21, Nov 2022 , 8:39 pm        
រូបភាព
ភ្នំពេញ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អប់រំ អះអាងថា កម្រិត​វិញ្ញាសាដែល​ក្រសួង​បាន​ចេញ​សម្រាប់​បេក្ខជន​ប្រឡងសញ្ញាបត្រមធ្យម​សិក្សា​ទុតិយភូមិ​ គឺ​មិន​តឹងពេក​ ហើយ​ក៏មិន​ធូរពេក​ ប៉ុន្តែ​ល្មម​សម្រាប់​សិស្ស។



ក្រោយ​ការ​ប្រឡង​សញ្ញាបត្រមធ្យ​ម​សិក្សា​ទុតិយភូមិ គេ​តែង​ឮពាក្យថា​ វិញ្ញាសា​ឆ្នាំនេះធូរជាង​ឆ្នាំមុន ឬ​ឆ្នាំ​មុន​ធូរជាង​ឆ្នាំ​នេះ។ ចំពោះ​បញ្ហា​នេះ លោក ហង់ជួន ណារ៉ុន បញ្ជាក់បែប​នេះ៖ «កម្រិត​វិញ្ញាសា​នេះ គឺ​ក្នុង​កម្រិត​មួយ​ដែល​វា​មិន​តឹង​ពេក ក៏​ប៉ុន្តែ​មិន​ធូរ​ពេក​ ​​ក្នុង​កម្រិត​មួយ​ដែល​ល្មម​ សម្រាប់​ឱ្យ​សិស្ស​។ ការ​រៀនរយៈពេល​១២​ឆ្នាំ គឺ​ជា​ការ​វិនិយោគ​ធំណាស់​សម្រាប់​ឪពុក​ម្ដាយ​ សម្រាប់​សិស្សានុសិស្ស​ អ៊ីចឹង បើរៀន​ហើយ មិន​ចេះ​បាន​ន័យថាការវិនិយោគ​នេះ​ នឹង​ខាត​បង់​»។ 
 
រដ្ឋមន្រ្តី​ក្រសួង​អប់រំ បន្ថែមថា ក្រសួង​តែង​លើក​ទឹក​ចិត្តសិស្ស​​ឱ្យ​ខិតខំ​ប្រឹង​ប្រែង​រៀន​សូត្រ ដើម្បី​ឱ្យពួកគេ​អាច​បន្ត​យក​ចំណេះទៅ​រៀន​នៅ​ថ្នាក់​ឧត្តម​ ឬ​ទៅធ្វើការងារផ្សេងៗ។ លោក​រដ្ឋមន្រ្តី​ យល់ថា​ ការ​ប្រឡងនេះ មិនមែនជាការ​ដាក់​ទោសទណ្ឌ​សិស្សនោះទេ តែ​ជា​ការ​គិត​គូរ​ដល់​សិស្ស​។ ត្រង់ចំណុចនេះ លោក ហង់ជួន ណារ៉ុន ចង់​សំដៅ​លើ​ការ​វិនិយោគរយៈពេល១២ឆ្នាំ ​របស់​សិស្ស និង​អាណាព្យាបាល ដែល​ទំនុក​បម្រុង​លើការ​សិក្សា​របស់​កូនៗ។ 
  

លោក ហង់ជួន ណារ៉ុន កាត់វិញ្ញាសាក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិ កាលពី​ឆ្នាំ២០១៩
 
បើតាម​ក្រសួង​អប់រំ ការ​ប្រឡង​នេះ មាន​វិញ្ញាសាចំនួន ៧មុខ សម្រាប់​ថ្នាក់​វិទ្យាសាស្រ្ត​ និង​ថ្នាក់​វិទ្យាសាស្រ្តសង្គម​។​ ចំពោះ​​ថ្នាក់វិទ្យាសាស្រ្ត មាន​មុខវិជ្ជាដូចជា គណិតវិទ្យា, អក្សរសាស្រ្តខ្មែរ, គីមីវិទ្យា, រូបវិទ្យា, ជីវវិទ្យា, ភាសាអង់គ្លេស​ និង​ប្រវត្តិវិទ្យា​ ដែលជា​មុខវិជ្ជាជ្រើសរើស។ ដោយ​ឡែក ​ថ្នាក់​វិទ្យាសាស្រ្តសង្គម​ មាន​មុខវិជ្ជា​ដូចជា គណិតវិទ្យា, អក្សរសាស្រ្តខ្មែរ, សីលធម៌, ភូមិ​វិទ្យា, ប្រវត្តិវិទ្យា, ភាសាអង់គ្លេស និង​ផែន​ដី​-បរិស្ថានវិទ្យា ដែលជា​មុខវិជ្ជាជ្រើសរើស។​
អត្ថបទទាក់ទង

 
តាមរយៈកំណែទម្រង់នេះ ក្រសួង​អប់រំ យុវជន និង​កីឡា ទទួល​បាន​ផលវិជ្ជមាន​ជា​ច្រើន ក្រោយ​សិស្សានុសិស្ស​អាច​ប្រឡង​ជាប់​ដោយ​ជោគជ័យ​ ក្រោម​ពាក្យស្លោក «ចេះ គឺជាប់»។ គួរបញ្ជាក់ថា​ លទ្ធផលនៃ​ការ​ប្រឡងសញ្ញាបត្រទុតិយភូមិ កាលពី​ឆ្នាំ២០២១ មានបេក្ខជនជាប់ចំនួន៧២ ០១៦នាក់ ស្មើ៦៥,៦៥ភាគរយ ក្នុងនោះបេក្ខជនប្រឡងនិទ្ទេស A ចំនួន១ ៧៥៣នាក់៕
 

 បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកាលពីឆ្នាំ២០១៩
 

Tag:
 បាក់ឌុប
  អប់រំ​
  វិញ្ញាសា​
© រក្សាសិទ្ធិដោយ thmeythmey.com